ពលរដ្ឋមកពីឃុំចំនួន៤ ក្នុងខេត្តកណ្ដាល និងខេត្តតាកែវ ដែលរងផលប៉ះពាល់ដីធ្លីដោយគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី (OCIC) បានប្រមូលផ្ដុំគ្នានៅមុខរដ្ឋសភា ដើម្បីសុំឱ្យស្ថាប័នមួយនេះជួយអន្តរាគមន៍ទៅរដ្ឋាភិបាលឱ្យដោះស្រាយសំណងដីធ្លីសមរម្យដល់ពួកគេ។
ប្រជាពលរដ្ឋប្រហែល ១០០នាក់មកពីឃុំចំនួន៤ នៅខេត្តកណ្ដាល និងខេត្តតាកែវ បាននាំគ្នាមកប្រមូលផ្ដុំនៅមុខរដ្ឋសភា រាជធានីភ្នំពេញ ដើម្បីដាក់ញត្តិឱ្យស្ថាប័ននេះជួយជំរុញទៅរដ្ឋាភិបាលដោះស្រាយរឿងដីធ្លីពួកគេ។
ក្នុងខ្លឹមសារញត្តិដែលប្រជាពលរដ្ឋមកពីខេត្តកណ្ដាល និងខេត្តតាកែវ ដាក់ទៅរដ្ឋសភា នាថ្ងៃសុក្រ ទី១៧ ធ្នូ នេះ បានឱ្យដឹងថា តម្លៃដីដែលតំណាងក្រុមហ៊ុនសាងសង់អាកាសយានដ្ឋាន និងសមត្ថកិច្ចកំណត់ក្នុង ១ម៉ែត្រការ៉េតម្លៃ ៨ដុល្លារនេះ គឺទាបបំផុតមិនស្របតាមស្ថានភាពសេដ្ឋកិច្ចជាក់ស្ដែង។ ពួកគាត់លើកឡើងថា បច្ចុប្បន្ន តម្លៃដីនៅតំបន់នោះបានហក់ឡើងចន្លោះពី ៨០ដុល្លារទៅជាង ១០០ដុល្លារក្នុង១ម៉ែត្រការ៉េ។
លើសពីនេះ តម្លៃដី ១ម៉ែត្រការ៉េតម្លៃ ៨ដុល្លារ មិនអាចឱ្យពួកគាត់យកលុយទៅទិញដីកន្លែងផ្សេងនៅក្នុងខេត្តកណ្ដាល សម្រាប់រស់នៅបានឡើយ ករណីនេះ ពួកគេបានស្នើសុំអាជ្ញាធរខេត្តឱ្យជួយដោះស្រាយ និងផ្ដល់សំណងសមរម្យដោយក្នុង ១ម៉ែត្រការ៉េតម្លៃ ៨០ដុល្លារ ប៉ុន្តែរយៈពេល ៣ឆ្នាំហើយ ពួកគាត់មិនទទួលបានដំណោះស្រាយឡើយ។
បើតាមខ្លឹមសារញត្តិនោះ ពួកគេស្នើទៅប្រធានរដ្ឋសភា លោក ហេង សំរិន ជួយអន្តរាគមន៍ទៅរដ្ឋាភិបាលឱ្យធ្វើការសម្របសម្រួលជាមួយក្រុមហ៊ុន OCIC និង CAIC ទិញដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋកំពុងកាន់កាប់ប្លង់រឹងតាមតម្លៃទីផ្សារបច្ចុប្បន្ន ដោយ ១ម៉ែត្រការ៉េតម្លៃ ៨០ដុល្លារ មុននឹងចូលឈូសឆាយដីស្រែរបស់ពួកគេ។ ម្យ៉ាងវិញទៀត ពួកគេស្នើឱ្យរក្សាទុកភូមិកំពង់តាឡុង តាមសំណូមពររបស់ប្រជាពលរដ្ឋដែលជាម្ចាស់កម្មសិទ្ធិ ដោយសារតែភូមិកំពង់តាឡុង នេះ ជាភូមិប្រវត្តិសាស្ត្រ។
ការស្នើសុំរបស់ក្រុមប្រជាពលរដ្ឋនេះ ធ្វើឡើងបន្ទាប់ពីតំណាងក្រុមហ៊ុន និងអាជ្ញាធរបានមកកាត់ដីភូមិកំពង់តាឡុង ដែលធ្វើឱ្យប៉ះពាល់លំនៅឋានរបស់ពួកគាត់។

កាលពីខែកក្កដា ឆ្នាំ២០២១ ក្រុមពលរដ្ឋក៏បានចេញលិខិតចំហមួយដោយបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ក្រុមហ៊ុន OCIC របស់ឧកញ៉ា ពុង ឃាវសែ បានធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋ ៣៣០គ្រួសារមកពីឃុំចំនួន៤ ក្នុងខេត្តកណ្ដាល និងខេត្តតាកែវ។ ឃុំទាំងនោះមានឃុំបឹងខ្យាង ឃុំអំពៅព្រៃ ឃុំព្រែកស្លែង នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងនៅឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ដែលមានក្បាលដីជាង ១លានម៉ែត្រការ៉េ។
វិវាទដីធ្លីរវាងក្រុមហ៊ុន OCIC និងប្រជាពលរដ្ឋម្ចាស់ដីនេះ ក៏ធ្លាប់មានការប៉ះទង្គិចគ្នាដោយហិង្សាទ្រង់ទ្រាយធំរហូតពលរដ្ឋម្នាក់របួសធ្ងន់ និងអ្នកខ្លះត្រូវបានសមត្ថកិច្ចចាប់ខ្លួនផងដែរ។
ក្រោយពីមានការប៉ះទង្គិចនោះ ក្រុមអង្គការសង្គមស៊ីវិលចំនួន ៣១ស្ថាប័នបានចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ដោយស្នើទៅស្ថាប័នពាក់ព័ន្ធផ្ដល់សំណងឱ្យបានសមស្របតាមតម្លៃទីផ្សារ ជូនប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ដីធ្លីពីគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី និងបញ្ចៀសនូវការធ្វើកិច្ចព្រមព្រៀងដោយមានការបង្ខិតបង្ខំ ដើម្បីរក្សានូវការគោរពសិទ្ធិមនុស្សដែលទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញកម្ពុជា។
លើសពីនេះ ក្រុមអង្គការសង្គមស៊ីវិល ស្នើទៅភាគីពាក់ព័ន្ធ ជាពិសេសរដ្ឋាភិបាល ត្រូវដោះស្រាយបញ្ហាជម្លោះដីធ្លីនេះតាមនីតិវិធី ដោយហៅភាគីទំនាស់មកចរចាដោយឈរលើផលប្រយោជន៍ និងសេចក្ដីត្រូវការរបស់គ្រប់ភាគី ដើម្បីកុំឱ្យមានអំពើហិង្សាកើតឡើង៕