31 C
Phnom Penh

មន្ត្រី​បក្ស​ប្រឆាំង​ថា​តំណាងរាស្ត្រ​អាមេរិក​ជំរុញ​ឱ្យ​កម្ពុជា​ផ្តល់​យុត្តិធម៌​ជូន​លោក កឹម សុខា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​អះអាង​ថា តំណាងរាស្ត្រ​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​រដ្ឋ California អ្នកស្រី យ៉ង់ គីម ក្នុង​នាម​តំណាង​គណៈកម្មាធិការ​សន្តិសុខ​ជាតិ និង​កិច្ចការ​បរទេស​នៃ​រដ្ឋសភា​ជាតិ​អាមេរិក ចង់​ឃើញ​កម្ពុជា​ផ្តល់​យុត្តិធម៌​ជូន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ឱ្យ​មាន​សេរីភាព​ពេញលេញ ដើម្បី​បាន​ចូលរួម​ធ្វើ​នយោបាយ​ឡើងវិញ​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​នេះ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២២ ធ្នូ នេះ​ថា តំណាងរាស្ត្រ​របស់​សហរដ្ឋ​អាមេរិក អ្នកស្រី យ៉ង់ គីម មកពី​គណបក្ស​សាធារណរដ្ឋ សម្ដែង​ការ​នឹក​រឭក និង​សួរ​សុខទុក្ខ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បន្ទាប់ពី​មេដឹកនាំ​ប្រឆាំង​រូប​នេះ​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន និង​ត្រូវ​បិទ​សិទ្ធិ​សេរីភាព​នយោបាយ​អស់​រយៈពេល​ជាង ៤​ឆ្នាំ​មកនេះ។

លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា អ្នកស្រី យ៉ង់ គីម បាន​លើកឡើង​ថា អ្នកស្រី​ពិតជា​មាន​អារម្មណ៍​ក្តុកក្តួល​ណាស់​ចំពោះ​ករណី​ចាប់​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា កាលពី​ឆ្នាំ​២០១៧ និង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​បក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​នៅ​ពេល​នោះ។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា តំណាងរាស្ត្រ​របស់​សហរដ្ឋ​អាមេរិក អ្នកស្រី យ៉ង់ គីម ជំរុញ​ឱ្យ​លោក​បន្ត​បេសកកម្ម​ការងារ​នយោបាយ​ជួយ​ទឹកដី​ខ្មែរ ក្នុង​ការ​សាបព្រោះ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដើម្បី​បង្រួបបង្រួម​ជាតិ​ខ្មែរ​គ្រប់​និន្នាការ​ទាំងអស់​ដែល​ចង់​បាន​លទ្ធិប្រជាធិបតេយ្យ និង​ការ​ផ្លាស់ប្ដូរ​ដោយ​សន្តិវិធី​បន្ត​ទៀត។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​បក្ស​ប្រឆាំង លោក មាជ សុវណ្ណារ៉ា បាន​ជួប​ជាមួយ​តំណាងរាស្ត្រ​របស់​សហរដ្ឋ​អាមេរិក​ដែល​មកពី​គណបក្ស​សាធារណរដ្ឋ អ្នកស្រី យ៉ង់ គីម កាលពី​ពេល​ថ្មីៗ​នេះ។

មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ពី​បទ​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស។

ទោះជាយ៉ាងណា​ក៏ដោយ រហូត​មក​ទល់នឹង​ពេលនេះ​មាន​រយៈពេល​ជាង ៤​ឆ្នាំ​ហើយ ប្រធាន​បក្ស​ប្រឆាំង​នៅតែ​មាន​ភាព​ស្អាតស្អំ​នៅឡើយ ព្រោះ​ថា​លោក​មិន​ទាន់​ត្រូវ​បាន​តុលាការ​កាត់ទោស​ពី​បទល្មើស​ណា​មួយ​នៅឡើយ​ទេ ខណៈ​តុលាការ​កម្ពុជា​នឹង​បើក​សវនាការ​លើ​ករណី​មេ​បក្ស​ប្រឆាំង​រូប​នេះ​នៅ​អំឡុង​ខែ​មករា ឆ្នាំ​២០២២ ខាងមុខ​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ធ្លាប់​អះអាង​កាលពី​ចុង​ខែ​មីនា ឆ្នាំ​២០២១ ថា បណ្តា​ប្រទេស​លោកសេរី​នៅតែ​ទទួលស្គាល់​អំពី​គុណតម្លៃ​របស់​លោក​ក្នុង​ការងារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ។ បន្ថែម​ពី​នេះ ពួកគេ​ក៏​បាន​ទទួលស្គាល់​នូវ​គោលជំហរ​របស់​លោក​ដែល​តែង​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​អហិង្សា ការ​អត់ធ្មត់ និង​ការ​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​នានា​ដោយ​សន្តិវិធី ដើម្បី​បម្រើ​ប្រយោជន៍​ប្រជាពលរដ្ឋ​ខ្មែរ​ផង​ដែរ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា នយោបាយ​ការបរទេស​របស់​មេ​បក្ស​ប្រឆាំង លោក កឹម សុខា គឺជា​ការងារ​រំលត់​កម្ដៅ​នយោបាយ ស្វែងរក​ដំណោះស្រាយ​តាម​បែប​អហិង្សា មិន​សម្ដែង មិន​អួតអាង និង​មិន​ឆ្កឹះឆ្កៀល​ឌឺដង​បង្ក​ជា​អណ្ដាតភ្លើង​បង្កើន​កម្ដៅ​នយោបាយ​សម្រាប់​កម្ពុជា​នោះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស