29 C
Phnom Penh

ចិន​យក​ប្រជាធិបតេយ្យ​ក្លែងក្លាយ​ទៅ​លេង​នៅ​ហុងកុង អ្នក​ទៅ​បោះឆ្នោត​មិន​ដល់​៣០%

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋបាល​ដែនដី​ស្វ័យ​ក្រុង​ហុងកុង កាលពី​ថ្ងៃ​ទី​១៩ ធ្នូ បាន​រៀបចំ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ដែនដី​នេះ ឬ​គេ​ហៅថា​ការ​បោះឆ្នោត​នីតិប្បញ្ញតិ​របស់​ដែនដី​អតីត​អាណានិគម​អង់គ្លេស។ តែ​ការ​បោះឆ្នោត​នេះ ជា​លើកដំបូង​បន្ទាប់ពី​ដែនដី​ប្រជាធិបតេយ្យ​សេរី​មួយ​នេះ​ធ្លាក់​ក្រោម​ច្បាប់​សន្តិសុខ ដែល​សភា​បក្ស​កុម្មុយនីស្ត​ចិន នៅ​ក្រុង​ប៉េកាំង បាន​អនុម័ត​ឱ្យ​រដ្ឋបាល​ហុងកុង អនុវត្ត​ទៅលើ​សណ្ដាប់ធ្នាប់​រៀបរយ ដោយ​រាប់​ទាំង​ការ​បិទ​សិទ្ធិ​បោះឆ្នោត​របស់​ពលរដ្ឋ​នៃ​ដែនដី​នេះ​ទៀត​ផង។

មាន​ន័យ​ថា ការ​បោះឆ្នោត​សភា​លើក​នេះ​ពុំ​មាន​ភាព​សេរី​ទៀត​នោះ​ទេ ព្រោះ​ប្រព័ន្ធ​បោះឆ្នោត​ចង្អៀត ខណៈ​បេក្ខជន​ឯករាជ្យ​ត្រូវ​បាន​ក្រុង​ប៉េកាំង ឲ្យ​មាន​តិច​បំផុត បើ​ធៀប​នឹង​អាណត្តិ​មុនៗ ហើយ​បែរជា​ដំឡើង​បេក្ខជន​ដែល​ជា​ប្រតិភូ​របស់​បក្ស​កុម្មុយនីស្ត​មាន​ចំនួន​លើសលប់។

តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters អ្វី​ដែល​គេ​ថា​ជា​ប្រព័ន្ធ​បោះឆ្នោត​មួយ​ដែល​ទម្លាក់​ចុះ​ដោយ​ទីក្រុង​ប៉េកាំង គឺ​ចំនួន​អ្នក​ចេញ​ទៅ​បោះឆ្នោត​តិច​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ហុងកុង មិន​ដល់ ៣០% ឡើយ ហើយ​ជ័យជម្នះ​វិញ​បាន​ទៅលើ​គណបក្ស​ដែល​គាំទ្រ​ក្រុង​ប៉េកាំង។

នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​អត្រា​អ្នក​ចូលរួម​បោះឆ្នោត​នៅ​ហុងកុង មាន​កម្រិត​តិចតួច​ដូចនេះ​ចាប់តាំង​ពី​ដែនដី​នេះ​ធ្លាក់​ក្រោម​ក្រុង​ប៉េកាំង បន្ទាប់ពី​ប្រទេស​អង់គ្លេស ប្រគល់​ដែនដី​នេះ​ទៅ​ឱ្យ​ចិន​ប៉េកាំង គ្រប់គ្រង​ដោយ​ស្ថិត​ក្នុង​លក្ខន្តិកៈ​រដ្ឋបាល​ស្វយ័ត គឺជា​ដែនដី​ប្រជាធិបតេយ្យ។

អ្នក​សង្កេតការណ៍ និង​អ្នកជំនាញ​ខាង​កិច្ចការ​បោះឆ្នោត​នៃ​ប្រព័ន្ធ​ប្រជាធិបតេយ្យ បង្ហាញ​ការ​ហួស​ចិត្ត​ដែល​ក្រុង​ប៉េកាំង ទម្លាក់​គោលនយោបាយ​ប្រជាធិបតេយ្យ​ក្លែងក្លាយ​ទៅ​ឱ្យ​ប្រជាជន​ហុងកុង ដែល​មិន​អាច​ទទួលយក​បាន​នោះ​ទេ ព្រោះ​តែ​ពលរដ្ឋ​ធ្លាប់​ចេញ​ទៅ​បោះឆ្នោត​មាន​ជាង ៧០% បែរជា​មាន​មិន​ដល់ ៣០% ដែល​ចេញ​ទៅ​បោះឆ្នោត​កាលពី​ថ្ងៃ​ទី​១៩ ធ្នូ។

ក្រុម​ប្រជាធិបតេយ្យ​បាន​បរិហារ​រិះគន់​ប្រព័ន្ធ​បោះឆ្នោត​ថ្មី​នេះ ស្រប​ពេល​ដែល​អ្នក​នយោបាយ​លម្អៀង​ប្រជាធិបតេយ្យ​ទាំងអស់​នៅ​ហុងកុង ត្រូវ​រារាំង​មិន​ឲ្យ​ឈរ​ឈ្មោះ ហើយ​អ្នក​ខ្លះ​បាន​សម្រេច​ចិត្ត​ដក​ខ្លួន​មិន​ចូលរួម​ការ​បោះឆ្នោត និង​មេដឹកនាំ​គណបក្ស​ខ្លះ​ដូចជា​ក្រុម​លោក Joshua Wong ក៏​បាន​ភៀសខ្លួន​ទៅ​ក្រៅ​ប្រទេស។

យោង​តាម​ការ​ចុះផ្សាយ​របស់​បណ្ដាញ​សារព័ត៌មាន​ហុងកុង ក្នុង​ចំណោម​បេក្ខជន​ឈរ​ឈ្មោះ​សរុប​ទាំងអស់ ១៥៣​នាក់ គឺ​មាន​ប្រមាណ​តែ ១០​នាក់​ប៉ុណ្ណោះ​ដែល​គេ​ជឿ​ថា​ជា​មនុស្ស​ឯករាជ្យ ហើយ​ក្រៅពី​នោះ គឺ​សុទ្ធតែ​ជា​មនុស្ស​ស្និទ្ធ​នឹង​គណបក្ស​កុម្មុយនីស្ត​ទាំងអស់។

ក្រៅពី​មជ្ឈដ្ឋាន​ក្នុង​ដែនដី​ហុងកុង​ផ្ទាល់ មាន​សហគមន៍​អន្តរជាតិ​បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​ការ​បោះឆ្នោត​ដែល​មិន​ប្រព្រឹត្ត​ទៅ​តាម​គោលការណ៍​ប្រជាធិបតេយ្យ​នៅ​ដែនដី​មួយ​នេះ គឺ​ទាំង​អាមេរិក អង់គ្លេស ក្រុម​ប្រទេស G-7 សហភាព​អឺរ៉ុប បាន​សម្ដែង​ការ​ខឹងសម្បា​ចំពោះ​ការ​កម្ចាត់​គូប្រកួត​នយោបាយ​មកពី​ក្រុម​ប្រឆាំង ព្រមទាំង​ការ​កាត់បន្ថយ​អាសនៈ ហើយ​ធ្វើ​ឱ្យ​ខូច​ទម្រង់​ប្រជាធិបតេយ្យ​ដែល​នៅ​សល់​តែ​មួយ​ក្នុង​ដែនដី​អតីត​អាណានិគម​អង់គ្លេស​នេះ។

ចិន​ប៉េកាំង​បាន​បង្ក្រាប​យ៉ាង​ខ្លាំង​ទៅលើ​អតីត​ដែនដី​ក្រោម​អាណានិគម​នេះ ដោយ​ចាប់​ខ្លួន​បាតុករ​រាប់​រយ​នាក់​កាលពី​មុន​ការ​ផ្ទុះ​ជំងឺ​កូវីដ ពី​ទីក្រុង​វូហាន់ ប្រទេស​ចិន។ បាតុកម្ម​របស់​ប្រជាជន​ហុងកុង គឺ​ប្រឆាំង​ទីក្រុង​ប៉េកាំង ដែល​ធ្វើ​ច្បាប់​ចាប់​បញ្ជូន​ខ្លួន​ជន​សង្ស័យ​ទៅ​កាត់ទោស​នៅ​ក្រុង​ប៉េកាំង។

ក្រុម​រដ្ឋមន្ត្រី​ការបរទេស G-7 នៃ​ប្រទេស​អភិវឌ្ឍន៍ បាន​សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​លុបបំបាត់​សារធាតុ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រព័ន្ធ​បោះឆ្នោត​របស់​ហុងកុង ដែល​ជា​ជម្រើស​របស់​ប្រជាជន។ ក្រុម​រដ្ឋមន្ត្រី​អះអាង​ថា ដំណើរការ​បោះឆ្នោត​ថ្មី គឺជា​ការ​ដាក់​កម្រិត​យ៉ាង​ធ្ងន់ធ្ងរ​លើ​ការ​ជ្រើសរើស​បេក្ខជន​នៅ​លើ​សន្លឹកឆ្នោត ដោយ​បាន​ធ្វើ​ឱ្យ​ខូច​ដល់​កម្រិត​ស្វ័យភាព​ខ្ពស់​របស់​ហុងកុង ក្រោម​គោលការណ៍​ប្រទេស​មួយ​ប្រព័ន្ធ​ពីរ ដែល​ក្រុង​ប៉េកាំង បាន​យល់ព្រម​ទទួលយក​គោលការណ៍​ប្រជាធិបតេយ្យ​របស់​ចក្រភព​អង់គ្លេស​នៅ​ឆ្នាំ​១៩៩៧។

រដ្ឋមន្ត្រី​ការបរទេស​កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អង់គ្លេស និង​អាមេរិក បាន​អំពាវនាវ​ឱ្យ​ចិន ស្ដារ​ទំនុក​ចិត្ត​លើ​ស្ថាប័ន​នយោបាយ​របស់​ហុងកុង និង​បញ្ចប់​ប្រព័ន្ធ​បែប​នេះ​ដោយ​មិន​មាន​ការ​ធានា​ចំពោះ​អ្នក​ដែល​លើក​កម្ពស់​តម្លៃ​ប្រជាធិបតេយ្យ និង​ការ​ការពារ​សិទ្ធិ និង​សេរីភាព។

ប្រធាន​គោលនយោបាយ​ការបរទេស​របស់​សហភាព​អឺរ៉ុប លោក Josep Borrell បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា ការ​បោះឆ្នោត​បែប​នេះ​គឺជា​វិធានការ​មួយ​ទៀត​ក្នុង​ការ​រុះរើ​ប្រទេស​មួយ​គោលការណ៍​ប្រព័ន្ធ​ពីរ ដែល​លោក​ថា​ជា​ការ​វាយ​សំពង​ទៅលើ​ឆន្ទៈ​របស់​ប្រជាជន។ លោក​បាន​អំពាវនាវ​ឱ្យ​មាន​កម្រិត​ខ្ពស់​នៃ​ស្វ័យភាព ក៏ដូចជា​ការ​គោរព​សិទ្ធិមនុស្ស និង​សេរីភាព​ជា​មូលដ្ឋាន គោលការណ៍​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​ក្នុង​ទីក្រុង​ហុងកុង ដោយ​មិន​ត្រូវ​យក​ច្បាប់​របស់​ក្រុង​ប៉េកាំង ដែល​ច្បាប់​កុម្មុយនីស្ត​មក​បោកបញ្ឆោត​ប្រជាជន​ហុងកុង​នោះ​ទេ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​មួយ ធ្វើឡើង​ដោយ​ចក្រភព​អង់គ្លេស សហរដ្ឋ​អាមេរិក កាណាដា អូស្ត្រាលី និង​នូវែលហ្សេឡង់ បាន​ស្ដីបន្ទោស​ប្រព័ន្ធ​ថ្មី​នេះ ដោយ​និយាយ​ថា ការ​ផ្លាស់ប្ដូរ​ប្រព័ន្ធ​បោះឆ្នោត​បែប​ប្រជាធិបតេយ្យ ហើយ​ទៅ​រក​ប្រព័ន្ធ​ចង្អៀត​គ្មាន​តម្លាភាព គ្មាន​ភាព​សេរី គឺជា​ការ​បោះឆ្នោត​មួយ​សំដៅ​បំផ្លាញ​ឆន្ទៈ​របស់​ប្រជាជន។ សម្ពន្ធមិត្ត​លោក​ខាងលិច​ទាំង​ប្រាំ​នេះ បាន​បង្ហាញ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ឥទ្ធិពល​ដ៏​ត្រជាក់​នៃ​ច្បាប់​សន្តិសុខ​របស់​ក្រុង​ប៉េកាំង និង​ការ​រឹតត្បិត​កាន់តែ​ខ្លាំង​ឡើង​លើ​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​សេរីភាព​នៃ​ការ​ជួប​ប្រជុំ​នៅ​ទូទាំង​ដែនដី​ហុងកុង។

យ៉ាងណា អ្នកស្រី ខារី ឡាំ ដែល​ជា​ប្រធាន​គណៈ​អភិបាល​រដ្ឋបាល​ក្រុង​ហុងកុង បាន​និយាយ​ការពារ​ខ្លួន​ថា ទោះ​ជា​ចំនួន​តិចតួច​ចេញ​ទៅ​បោះឆ្នោត​ដូចនេះ គឺ​ប្រហែល​មកពី​បញ្ហា​អាកាសធាតុ ប៉ុន្តែ​អ្នកស្រី​សាទរ​ដល់​អ្នក​ឈ្នះ ហើយ​ថា​ប្រព័ន្ធ​បោះឆ្នោត​ថ្មី​របស់​ហុងកុង កំពុង​ចាប់​មាន​ដំណើរការ​ល្អ​តាម​គំរូ​ប្រទេស​មួយ​ប្រព័ន្ធ​ពីរ។

អ្នកស្រី​ចាត់ទុក​ថា ហុងកុង​មិន​ចម្លង​ប្រព័ន្ធ និង​ក្បួន​ប្រជាធិបតេយ្យ​ពី​បណ្តា​ប្រទេស​លោក​ខាងលិច​មក​អនុវត្ត​លើ​ដែនដី​នេះ​ទេ។ អ្នកស្រី​ចំអក​ថា ប្រព័ន្ធ​ប្រជាធិបតេយ្យ​ដែល​ប្រឆាំង​ចិន ត្រូវ​បាន​បញ្ចៀស​ចេញពី​ហុងកុង ហើយ​នាំមក​វិញ​នូវ​ការ​ស្ដារ​ភាព​ស្ងប់ស្ងាត់​ខាង​នយោបាយ។

ក្រៅពី​ជាប់​កំណត់ត្រា​ថា​ការ​បោះឆ្នោត​ហុងកុង ឆ្នាំ​២០២១ ជា​ការ​បោះឆ្នោត​ដែល​មាន​អ្នក​ទៅ​បោះឆ្នោត​ទាប​បំផុត​មិន​ធ្លាប់​មាន គេ​ត្រូវ​ដឹង​មួយ​រឿង​ទៀត គឺ​ការ​បោះឆ្នោត​នេះ​មាន​តែ​អ្នក​គាំទ្រ​ក្រុង​ប៉េកាំង​ប៉ុណ្ណោះ​បាន​ចេញ​ទៅ​បោះឆ្នោត។ ជា​ហេតុ​ធ្វើ​ឱ្យ​ការ​បោះឆ្នោត​នីតិប្បញ្ញត្តិ​ក្រុង​ហុងកុង រង​ការ​បរិហារ​រិះគន់​ថា​វា​ជា​ឆាក​ល្ខោន ដើម្បី​ពង្រឹង​អំណាច​បក្ស​កុម្មុយនីស្ត​ចិន និង​ជា​ល្បែង​ប្រជាធិបតេយ្យ​ក្លែងក្លាយ​បំភ័ន្ត​សហគមន៍​អន្តរជាតិ។

ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​១៩ ធ្នូ ជា​ការ​បោះឆ្នោត​រើស​សមាជិក​សភា​ហុងកុង ដែល​មាន​ឈ្មោះ​ផ្លូវការ​ថា ក្រុមប្រឹក្សា​នីតិប្បញ្ញត្តិ។ សភា​ហុងកុង​នេះ កាលពី​មុន​មាន​អាសនៈ​តែ ៧០ ទេ។ តែ​ជាមួយ​នឹង​ប្រព័ន្ធ​បោះឆ្នោត​ថ្មី​ដែល​ចូល​ជា​ធរមាន ចាប់ពី​ខែ​មីនា ឆ្នាំ​២០២១ មក គឺ​សភា​ហុងកុង មាន​អាសនៈ​ចំនួន​៩០។

ក្នុង​ប្រព័ន្ធ​បោះឆ្នោត​ចាស់ សមាជិក​សភា គឺ​មាន ២​ប្រភេទ។ ប្រភេទ​ទី​១ មាន ៣៥​អាសនៈ ដែល​ជា​ការ​បោះឆ្នោត​ជ្រើសរើស​ដោយ​ផ្ទាល់​ពី​ប្រជាជន​ហុងកុង។ ប្រភេទ​ទី​២ មាន ៣៥​អាសនៈ តែ​ជា​បេក្ខជន​ឈរ​ឈ្មោះ​តំណាង​ឲ្យ​ក្រុម​ជំនាញ​មុខរបរ​នានា ដូចជា​ពាណិជ្ជករ អ្នក​ធ្វើការ​ផ្នែក​ធនាគារ ហិរញ្ញវត្ថុ គ្រូបង្រៀន តំណាង​ប្រជាជន​ជនបទ ឬ​ក៏​អ្នក​រកស៊ី ជាដើម។

យ៉ាងណាមិញ សម្រាប់​ប្រព័ន្ធ​បោះឆ្នោត​ថ្មី​នេះ ប្រភេទ​ទី​១ ដែល​ត្រូវ​បោះឆ្នោត​ជ្រើសរើស​ដោយ​ផ្ទាល់​ពី​សំណាក់​ប្រជាជន​ហុងកុង គឺ​ត្រូវ​បន្ថយ​ពី ៣៥ មក​នៅតែ​ត្រឹម ២០​អាសនៈ។ ចំណែក​ប្រភេទ​ទី​២ បន្ថយ​ពី ៣៥ មក​នៅ ៣០ វិញ។ ជាមួយ​គ្នា​នេះ ក្រុង​ប៉េកាំង បាន​បង្កើត​សមាជិក​សភា​ប្រភេទ​ទី​៣ មួយ​ទៀត​ដែល​មាន​អាសនៈ​សរុប​ចំនួន​៤០។

ក្រុម​ប្រភេទ​ទី​៣ នេះ នឹង​ត្រូវ​បោះឆ្នោត​ជ្រើសរើស​ដោយ​គណៈកម្មាធិការ​បោះឆ្នោត​ដែល​មាន​សមាជិក​ចំនួន ១៥០០​នាក់។ ចំនួន ១៥០០​នាក់​នេះ គឺ​សុទ្ធតែ​ជា​មនុស្ស​របស់​គណបក្ស​កុម្មុយនីស្ត​ប៉េកាំង​ទាំងអស់។ សមាជិក​សភា​ក្រុម​ទី​៣ មាន​គ្នា ៤០​នាក់​នេះ​ហើយ​ដែល​នឹង​មាន​សិទ្ធិ​បោះឆ្នោត​តែងតាំង​ក្រុម​គណៈ​អភិបាល​ដឹកនាំ​ក្រុង​ហុងកុង។

យោង​តាម​ច្បាប់​បោះឆ្នោត​ថ្មី​នេះ គឺ​បេក្ខជន​ឈរ​ឈ្មោះ​ទាំងអស់​ត្រូវតែ​ឆ្លងកាត់​ការ​ពិនិត្យ​តាមដាន​យ៉ាង​ល្អិតល្អន់​ពី​គណៈកម្មាធិការ​ពិសេស​មួយ ដើម្បី​ពិនិត្យ​មើល​លើ​ប្រវត្តិរូប​របស់​បេក្ខជន ដើម្បី​រក​មើល​អំពី​ភាព​ស្មោះត្រង់​នឹង​បក្ស​កុម្មុយនីស្ត​ចិន​កម្រិត​ណា ឬ​ជា​ក្រុម​លាក់ខ្លួន​បង្ក​បញ្ហា​សន្តិសុខ​ដល់​ប្រព័ន្ធ​រដ្ឋបាល​ក្រុង​ប៉េកាំង។

យ៉ាងណា ឆ្លង​តាម​រយៈ​ការ​បោះឆ្នោត​នៅ​ក្រុង​ហុងកុង តាម​ប្រព័ន្ធ​ថ្មី​ដែល​ទម្លាក់​ដោយ​បក្ស​កុម្មុយនីស្ត​ក្រុង​ប៉េកាំង ត្រូវ​បាន​អ្នកជំនាញ​កិច្ចការ​បោះឆ្នោត​សម្រាប់​ប្រព័ន្ធ​ប្រជាធិបតេយ្យ ចាត់ទុក​ចិន ជា​ប្រភព​ចម្លង និង​បញ្ចេញ​ប្រជាធិបតេយ្យ​ក្លែងក្លាយ​ទៅលើ​ប្រទេស​ដែល​ចិន មាន​ឥទ្ធិពល និង​ប្រទេស​ដែល​មាន​មេដឹកនាំ​អាយ៉ង​ចិន៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស