30 C
Phnom Penh

គណបក្ស​មួយ​ស្នើ​ឱ្យ​ប្រទេស​ប្រជាធិបតេយ្យ​ជួយ​អន្តរាគមន៍​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​លម្ហ​សិទ្ធិ​នយោបាយ​ឡើងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​ក្រៅ​រដ្ឋាភិបាល ស្នើ​ឱ្យ​ប្រទេស​ប្រជាធិបតេយ្យ​ជិត ១០ ជាពិសេស​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប ជួយ​អន្តរាគមន៍​ទៅ​កាន់​រាជរដ្ឋាភិបាល​កម្ពុជា​ឱ្យ​បើក​លម្ហ​សិទ្ធិ​នយោបាយ សេរីភាព និង​ប្រជាធិបតេយ្យ​ឡើងវិញ ស្រប​ពេល​ដែល​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កំពុង​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ។

គណបក្ស​កម្លាំង​ជាតិ បាន​ចេញ​លិខិត​កាលពី​ថ្ងៃទី​១៤ មីនា ដែល​ទើប​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ចន្ទ ទី​១៧ មីនា នេះ ដោយ​សុំ​ឱ្យ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ប្រធាន​គណៈកម្មការ​អឺរ៉ុប ប្រធានាធិបតី​បារាំង នាយករដ្ឋមន្ត្រី​អង់គ្លេស នាយករដ្ឋមន្ត្រី​អូស្ត្រាលី និង​នាយករដ្ឋមន្ត្រី​ជប៉ុន ជួយ​អន្តរាគមន៍​ទៅ​កាន់​រាជរដ្ឋាភិបាល​កម្ពុជា ឱ្យ​បើក​លម្ហ​សិទ្ធិ​នយោបាយ សេរីភាព និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ។

ប្រភព​ដដែល​លើកឡើង​ថា ចាប់តាំងពី​ចុង​ឆ្នាំ​២០១៧ មក បញ្ហា​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ហើយ​ការ​ធ្លាក់​ចុះ​នេះ គឺ​បន្ទាប់ពី​តុលាការ​កំពូល​បាន​ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​សមាជិក​សភា​ចំនួន ៥៥​រូប និង​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ចំនួន ៥០០៧​អាសនៈ​កន្លង​ទៅ​នោះ។

បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រំលាយ អាជ្ញាធរ​កម្ពុជា​ក៏​បាន​បើក​យុទ្ធនាការ​ចាប់​ខ្លួន​ប្រធាន​គណបក្ស​នេះ គឺ​លោក កឹម សុខា រួម​ទាំង​សកម្មជន​នយោបាយ និង​ដក​សិទ្ធិ​អ្នក​នយោបាយ​ពី​ខាង​បក្ស​ប្រឆាំង​ចំនួន ១១៨​រូប មិន​ឱ្យ​ធ្វើ​នយោបាយ​រយៈពេល ៥​ឆ្នាំ​ផង​ដែរ។

រហូត​ដល់​ឆ្នាំ​២០២៣ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​បដិសេធ​មិន​ឱ្យ​គណបក្ស​ភ្លើង​ទៀន ចូលរួម​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ថែម​ទៀត ដែល​បញ្ហា​ទាំងអស់​នេះ​មិន​ត្រូវ​បាន​ដោះស្រាយ​រហូត​មក។

គណបក្ស​ក្រៅ​រដ្ឋាភិបាល​ដដែល​នេះ​អះអាង​ថា សព្វថ្ងៃ​នេះ សេរីភាព​ផ្នែក​នយោបាយ​នៅ​កម្ពុជា​កាន់តែ​រួម​តូច ព្រោះ​អ្នក​នយោបាយ សកម្មជន​នយោបាយ មេដឹកនាំ​សហជីព សកម្មជន​សង្គម ត្រូវ​បាន​ចាប់​ខ្លួន ព្រោះតែ​ប្រើប្រាស់​សិទ្ធិ​បញ្ចេញមតិ បើ​ទោះបីជា​សិទ្ធិ​នេះ​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ក៏ដោយ។

កាលពី​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០២៥ រដ្ឋបាល​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ពិចារណា​លើ​ការ​រឹតត្បិត ឬ​ហាមឃាត់​ការ​ធ្វើ​ដំណើរ​ចូល​ទឹកដី​អាមេរិក​ចំពោះ​ពលរដ្ឋ​មកពី​ជាង ៤០​ប្រទេស ដែល​ត្រូវ​បែងចែក​ជា​បី​ប្រភេទ គឺ​ប្រទេស​ដែល​ត្រូវ​បាន​ចាត់​ថ្នាក់​ចូល​ទៅ​ក្នុង​បញ្ជី​ពណ៌​ក្រហម ពណ៌​ទឹកក្រូច និង​ពណ៌​លឿង ក្នុង​នោះ កម្ពុជា​ក៏​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​ប្រទេស​ពណ៌​លឿង​ផង​ដែរ។

ប្រទេស​ចំនួន​១១ ដែល​ស្ថិត​ក្នុង​បញ្ជី​ពណ៌​ក្រហម ដូចជា អាហ្វហ្គានីស្ថាន កូរ៉េខាងជើង និង​វេណេហ្ស៊ុយអេឡា ជាដើម ត្រូវ​ហាមឃាត់​ទាំងស្រុង​មិន​ឲ្យ​ចូល​ទឹកដី​អាមេរិក។ ចំណែក​ប្រទេស​ដែល​ស្ថិត​ក្នុង​បញ្ជី​ពណ៌​ទឹកក្រូច​ដែល​មាន​ចំនួន ១០​ប្រទេស ដូចជា បេឡារុស ឡាវ និង​ភូមា ជាដើម ត្រូវ​ផ្អាក​ការ​ផ្តល់​ទិដ្ឋាការ​ដល់​និស្សិត ទិដ្ឋាការ​អន្តោប្រវេសន៍ និង​ទិដ្ឋាការ​ទេសចរណ៍ ជាដើម ប៉ុន្តែ​ត្រូវ​លើកលែង​ទិដ្ឋាការ​សម្រាប់​ធ្វើ​អាជីវកម្ម។

ដោយឡែក​ប្រទេស​ដែល​ស្ថិត​ក្នុង​បញ្ជី​ពណ៌​លឿង​ទាំង ២២ រួម​មាន កម្ពុជា និង​ប្រទេស​ម៉ាលី ជាដើម អាច​ប្រឈម​នឹង​ការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​ចូល​ទឹកដី​អាមេរិក ឬ​បញ្ចូល​ក្នុង​បញ្ជី​ពណ៌​ក្រហម និង​បញ្ជី​ពណ៌​ទឹកក្រូច​ផង​ដែរ ប៉ុន្តែ​ប្រទេស​ដែល​ស្ថិត​ក្នុង​បញ្ជី​ពណ៌​លឿង​នេះ​មាន​ពេល ៦០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​២០ ខែ​មករា មក ដើម្បី​ធ្វើ​របាយការណ៍​ចុងក្រោយ​ដាក់​ជូន​សេតវិមាន​ពិនិត្យ និង​សម្រេច ដូច្នេះ​ប្រទេស​ទាំងនេះ​គឺ​មាន​ពេល​តែ​មួយ​សប្តាហ៍​ទៀត​ប៉ុណ្ណោះ​ដើម្បី​ធ្វើការ​តវ៉ា។

ទោះជា​យ៉ាងណាក៏ដោយ ប្រទេស​ជិតខាង​របស់​កម្ពុជា​ដែល​កំពុង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អាមេរិក ដូចជា​ប្រទេស​ថៃ និង​វៀតណាម ពុំ​មាន​នៅ​ក្នុង​បញ្ជី​ហាមប្រាម​ទិដ្ឋាការ​ទាំងនេះ​ទេ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស