តុលាការកំពូល សម្រេចដាក់គុកអតីតអភិបាលខេត្តតាកែវ រយៈពេល ១៣ឆ្នាំ ហើយបងប្រុសរបស់អតីតអភិបាលខេត្តរូបនេះជាប់ពន្ធនាគារ ១០ឆ្នាំក្នុងសំណុំរឿង «មនុស្សឃាត»។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល លោក និល ណុន បានប្រកាសសាលដីកាដោយកាត់ឱ្យអតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ ជាប់ពន្ធនាគារ ១៣ឆ្នាំ និងលោក ឡាយ ណារិទ្ធ ជាប់ពន្ធនាគារ ១០ឆ្នាំដូចការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ដែរ។
ការប្រកាសសាលដីកានៅថ្ងៃសុក្រ ទី២៤ ធ្នូ នេះ តុលាការមិនបានឱ្យឆ្មាំពន្ធនាគារយកអតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ និងលោក ឡាយ ណារិទ្ធ មកចូលរួមក្នុងសវនាការនោះទេ ដោយតុលាការប្រកាសសាលដីកាកំបាំងមុខជនជាប់ចោទទាំងពីរ។

យ៉ាងណាក៏ដោយ អំឡុងពេលសវនាការកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ អតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ និងលោក ឡាយ ណារិទ្ធ បានបដិសេធចំពោះការចោទប្រកាន់របស់សាលាដំបូងរាជធានីភ្នំពេញ ខណៈមេធាវីក៏បានលើកឡើងពីភាពមិនប្រក្រតីចំពោះភស្តុតាង និងរបាយការណ៍របស់នគរបាលយុត្តិធម៌នៃក្រសួងមហាផ្ទៃ។ ភាពមិនប្រក្រតីដែលមេធាវីបានលើកឡើងពាក់ព័ន្ធនឹងសំណុំរឿងលោក ឡាយ វណ្ណៈ និងលោក ឡាយ ណារិទ្ធ នេះ គឺចម្លើយរបស់សាក្សីនៅក្នុងហេតុការណ៍នៃការស្លាប់របស់អ្នកស្រី ចេវ សុវឌ្ឍនា។
ក្នុងសវនាការកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ សហមេធាវីលោក ឡាយ វណ្ណៈ និងលោក ឡាយ ណារិទ្ធ បានលើកឡើងថា ចម្លើយដែលសាក្សីឆ្លើយចំនួន ៤ដងនោះ គឺខុសគ្នាចំនួន ២ដង។ បើតាមមេធាវី ថាការឆ្លើយនេះ ធ្វើឡើងទាំងបង្ខំ ដោយសារពេលនោះសាក្សីត្រូវគេឃុំចំនួន ២០ថ្ងៃ ខណៈកូនរបស់សាក្សីដែលនៅផ្ទះជាមួយអ្នកស្រី ចេវ សុវឌ្ឍនា ត្រូវបានគេយកមកភ្នំពេញមិនឱ្យជួបម្ដាយសាក្សី ដោយមិនដឹងមូលហេតុ ជាដើម។

លើសនេះ មេធាវីថារបាយការណ៍ និងភស្តុតាងរបស់នគរបាលបង្ហាញថា អ្នកនាង ចេវ សុវឌ្ឍនា ស្លាប់ដោយធ្វើអត្តឃាតខ្លួនឯង ដោយសារសាកសពមិនមានស្លាកស្នាមដែលបញ្ជាក់ថាមានប្រើអំពើហិង្សាឡើយ ប៉ុន្តែចំណុចក្រោយនៃសេចក្ដីសន្និដ្ឋានបែរជាថាករណីនេះអាចជារឿងឃាតកម្មទៅវិញ។
អតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ និងលោក ឡាយ ណារិទ្ធ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធសំណុំរឿងឃាតកម្មលើអ្នកស្រី ចេវ សុវឌ្ឍនា កាលពីឆ្នាំ២០១៨។ ក្រោយមក ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសលោក ឡាយ វណ្ណៈ ជាប់ពន្ធនាគារ ១៣ឆ្នាំ និងលោក ឡាយ ណារិទ្ធ ជាប់ពន្ធនាគារ ១០ឆ្នាំ ពីបទ «ឃាតកម្ម»។
ចំណែកបុរសឈ្មោះ ម៉ែន សាម៉ៃ ដែលជាអ្នកបើកបររថយន្តឱ្យលោក ឡាយ វណ្ណៈ និងបុរសឈ្មោះ ជឹម វុធ ដែលជាប្ដីរបស់ស្ត្រីអ្នកបម្រើនៅផ្ទះរបស់អ្នកស្រី ចេវ សុវឌ្ឍនា ក៏ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារម្នាក់ៗ ២ឆ្នាំផងដែរ ក្រោមបទចោទថាបានលាក់កំបាំងតម្រុយ៕