កម្មករនិយោជិតរបស់ក្រុមហ៊ុន ណាហ្គា វើលដ៍ (Naga world) រក្សាជំហរបន្តធ្វើកូដកម្មដោយសន្តិវិធី ដើម្បីទាមទារឱ្យក្រុមហ៊ុនកាស៊ីណូនេះទទួលយកពួកគេឱ្យចូលបម្រើការដូចធម្មតាវិញ ខណៈភាគីខាងក្រុមហ៊ុនបដិសេធទទួលយកកម្មករជាង ៣៦០នាក់ដែលខ្លួនបានបញ្ឈប់នោះឱ្យចូលធ្វើការវិញជាដាច់ខាត។
តំណាងកម្មករនិយោជិតរបស់ក្រុមហ៊ុន ណាហ្គា វើលដ៍ កញ្ញា ឈឹម ស៊ីថរ បានលើកឡើងក្នុងសន្និសីទសារព័ត៌មាននៅមុខក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ នេះថា បន្ទាប់ពីមានការចរចាអស់រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ក្រុមហ៊ុន ណាហ្គា វើលដ៍ នៅតែមិនបានផ្តល់ដំណោះស្រាយជូនកម្មករដែលខ្លួនបានបញ្ឈប់ដដែល ខណៈក្រសួងពាក់ព័ន្ធក៏មិនបានចេញមុខអន្តរាគមន៍រកយុត្តិធម៌ជូនកម្មករនៅពេលនេះដែរ។
តំណាងកម្មករនិយោជិតរូបនេះអះអាងថា ខាងក្រុមហ៊ុនបានផ្តល់សំណងជាទឹកប្រាក់ជូនកម្មករនិយោជិតដែលពួកគេបានបញ្ឈប់ពីការងារខ្លះដែរ ប៉ុន្តែសំណងសាច់ប្រាក់ដែលក្រុមហ៊ុនផ្តល់ជូនកម្មករនោះ មិនត្រឹមត្រូវតាមច្បាប់ការងារដែលបានកំណត់នោះឡើយ។
កញ្ញា ឈឹម ស៊ីថរ អះអាងថា ប្រសិនបើកម្មករសុខចិត្តទទួលយកសំណងតិចតួចទាំងនេះមែននោះ កម្មករទាំងនោះនឹងបាត់បង់ចំនួនទឹកប្រាក់ដែលក្រុមហ៊ុន ណាហ្គា វើលដ៍ ត្រូវទូទាត់សងយ៉ាងច្រើនសន្ធឹកសន្ធាប់។
ប្រភពដដែលអះអាងថា មូលហេតុដែលក្រុមហ៊ុនមិនព្រមទទួលយកបុគ្គលិកឱ្យចូលបម្រើការវិញនោះ ដោយសារតែកម្មករដែលក្រុមហ៊ុនបញ្ឈប់ស្ទើរតែទាំងអស់សុទ្ធសឹងតែជាបុគ្គលិកសហជីព ដែលតែងតវ៉ាជាមួយក្រុមហ៊ុននៅពេលក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍ រំលោភបំពានលើសិទ្ធិការងាររបស់កម្មករនាពេលកន្លងមក។
អស់រយៈពេលមួយសប្តាហ៍ហើយដែលកម្មករនិយោជិតរបស់ក្រុមហ៊ុន ណាហ្គា វើលដ៍ (Naga world) ចំនួនជាង ១៣០០នាក់ មានទាំងកម្មករនិយោជិតជាស្ត្រីមានផ្ទៃពោះផង ដែលរងការរំលោភបំពានសិទ្ធិការងារពីខាងក្រុមហ៊ុន បានប្រមូលផ្តុំគ្នាធ្វើកូដកម្មដោយសន្តិវិធី។ ពួកគេបានទាមទារឱ្យក្រុមហ៊ុនកាស៊ីណូទទួលយកកម្មករនិយោជិតចំនួន ៣៦៥នាក់ ក្នុងចំណោមកម្មករនិយោជិតជាង ១៣០០នាក់ដែលក្រុមហ៊ុន ណាហ្គា វើលដ៍ (Naga world) បានបញ្ឈប់ពីការងារដោយបង្ខំតាំងពីខែមេសា ឆ្នាំ២០២១ មក។

កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បានបើកកិច្ចប្រជុំស្ដីពីការដោះស្រាយវិវាទការងារនៃក្រុមហ៊ុន ណាហ្គា វើលដ៍ លីមីតធីត ដែលមានការចូលរួមពីតំណាងគណៈកម្មការដោះស្រាយបញ្ហាកូដកម្ម លោក អ៊ូ រតនា តំណាងក្រុមហ៊ុន ណាហ្គា វើលដ៍ និងតំណាងកម្មករនិយោជិតផងដែរ។
ក្នុងកំណត់ហេតុកិច្ចប្រជុំនោះ បញ្ជាក់ថា តំណាងកម្មករនិយោជិតទាមទារឱ្យក្រុមហ៊ុន ណាហ្គា វើលដ៍ ទទួលកម្មករដែលខ្លួនបានបញ្ឈប់ចូលធ្វើការងារវិញ ក្នុងនោះកម្មករនិយោជិត ២៧៦នាក់ទាមទារឲ្យចូលបម្រើការវិញ ដោយឡែកកម្មករនិយោជិតចំនួន ៨៥នាក់ទៀតព្រមទទួលយកប្រាក់សំណងស្របតាមច្បាប់ការងារ ក្នុងលក្ខខណ្ឌថា ប្រសិនបើក្រុមហ៊ុនព្រមទទួលយកកម្មករទាំង ២៧៦នាក់នោះឱ្យចូលធ្វើការបន្តទៀត។
ជុំវិញកិច្ចប្រជុំដោះស្រាយវិវាទនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្រេចលើកកិច្ចប្រជុំនេះទៅពេលក្រោយទៀត ហើយក្រសួងការងារក៏បានអំពាវនាវឱ្យកម្មករនិយោជិតរំសាយកូដកម្មផងដែរ ប៉ុន្តែខាងកម្មករអះអាងថា ពួកគេមិនអាចឈប់បានទេ បើគ្មានដំណោះស្រាយពីខាងក្រុមហ៊ុនតាមជំហររបស់កម្មករខាងលើនោះ។
ជុំវិញបញ្ហានេះ ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា ប្រវត្តិក្រុមហ៊ុន ណាហ្គា វើលដ៍ (Naga World) តែងរើសអើងសហជីព ៣ជំនាន់មកហើយ ព្រោះថាក្រុមសហជីពតែងតែជួយរកយុត្តិធម៌ជូនកម្មករដែលរងការរំលោភបំពានលើសិទ្ធិការងារកន្លងមក ដូច្នេះការបញ្ឈប់បុគ្គលិកនេះ គឺដោយសារក្រុមហ៊ុនមានចេតនាចង់រំលាយក្រុមសហជីពឱ្យអស់ពីក្រុមហ៊ុនតែម្តង ដើម្បីងាយស្រួលជិះជាន់កម្មករបន្តទៀត៕