29.3 C
Phnom Penh

បុគ្គលិក Naga World បន្ត​ធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ ទោះបី​ត្រូវ​ក្រុម​សន្តិសុខ​រុញច្រាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ (Naga World) ជាង ១​ពាន់​នាក់ បាន​នាំគ្នា​បន្ត​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​ចំនួន ៩​ចំណុច​ពី​ក្រុមហ៊ុន។ ក្នុង​អំឡុង​ពេល​តវ៉ា​នៅ​ខាង​មុខ​ក្រុមហ៊ុន​នៅ​ថ្ងៃ​ទី​២៧ ធ្នូ ក្រុម​សន្តិសុខ​រាជធានី​ភ្នំពេញ បាន​រុញច្រាន និង​បន្ត​ដាក់​របាំង​រារាំង​បុគ្គលិក​ដោយ​មិន​ឱ្យ​ពួកគេ​ចូល​ទៅ​ជិត​ក្រុមហ៊ុន​ឡើយ។

ក្រុម​បុគ្គលិក​បាន​ប្ដេជ្ញា​ចិត្ត​ថា ទោះបីជា​ពួកគាត់​ត្រូវ​អាជ្ញាធរ​រុញច្រាន​យ៉ាងណាក៏ដោយ គឺ​ពួកគាត់​មិន​បញ្ឈប់​ការ​តវ៉ា​នេះ​ទេ ប្រសិនបើ​ភាគី​ក្រុមហ៊ុន និង​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​ព្រម​ដោះស្រាយ​វិវាទ​ការងារ​ដល់​ពួកគេ​ឲ្យ​បាន​សមរម្យ​ដែល​អាច​ទទួល​យក​បាន​នោះ។

កន្លងមក ក្រុម​បុគ្គលិក​ទាំងនោះ​ធ្លាប់​លើកឡើង​ថា បើសិនជា​អាជ្ញាធរ​នៅតែ​មិន​ព្រម​ដោះស្រាយ​វិវាទ​ការងារ​នេះ វា​បង្ហាញ​ឱ្យ​ឃើញ​ថា រដ្ឋាភិបាល​និង​ស្ថាប័ន​ពាក់ព័ន្ធ​មាន​ភាព​លម្អៀង​ទៅ​ភាគី​ក្រុមហ៊ុន។ ករណី​នេះ ពួកគេ​ថា​វា​ក៏​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់​រដ្ឋាភិបាល​ដែរ។

បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ Naga World ជាង ១​ពាន់​នាក់ បាន​នាំគ្នា​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​ប្រហែល ១០​ថ្ងៃ​មក​ហើយ ទាមទារ​ឱ្យ​ក្រុមហ៊ុន​ទទួល​យក​ថ្នាក់​ដឹកនាំ​សហជីព សមាជិក​ប្រតិភូ​បុគ្គលិក និង​កម្មករ​និយោជិត​ចំនួន ៣៦៥​នាក់ ដែល​មិន​ព្រម​ទទួល​យក​សំណង​បញ្ចប់​កិច្ចសន្យា​ការងារ​ចូល​បម្រើ​ការងារ​ឡើងវិញ។ លើស​ពី​នេះ ក្រុមហ៊ុន​ត្រូវ​គិត​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យា​ការងារ​បង្គ្រប់​បន្ថែម​ឱ្យ​បាន​ត្រឹមត្រូវ សម្រាប់​កម្មករ​និយោជិត​ដែល​ត្រូវ​បាន​កាត់​ចេញ​តាម​គម្រោង​កាត់បន្ថយ​បុគ្គលិក និង​ទាមទារ​ឱ្យ​ក្រុមហ៊ុន​អនុវត្ត​សេចក្ដី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​កាលពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០២១ ត្រង់​ចំណុច​ទី​៣ ដោយ​គិត​ប្រាក់​បញ្ចប់​កិច្ចសន្យា​ការងារ​បង្គ្រប់​បន្ថែម​ឱ្យ​បាន​ត្រឹមត្រូវ។

ទាក់ទង​រឿង​នេះ អ្នក​នាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ ធ្លាប់​លើកឡើង​លើ​ទំព័រ Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២១ ក្នុង​ទំនោរ​ការពារ​ផល​ប្រយោជន៍​ដល់​ក្រុមហ៊ុន​បើក​ល្បែងស៊ីសង​មួយ​នេះ​ថា មិន​មាន​ច្បាប់ ឬ​អនុសញ្ញា​ណា​មួយ​ដែល​ចែង​អំពី​ការ​ធ្វើការ​នៅ​កន្លែង​ណា​មួយ​ហើយ ត្រូវ​ធ្វើ​មួយ​ជីវិត​នោះ​ទេ ឬ​ហាម​ក្រុមហ៊ុន​សហគ្រាស​មិន​ឱ្យ​កាត់បន្ថយ​បុគ្គលិក​នោះ​ដែរ។

បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ Naga World ចំនួន ១៣២៩​នាក់​ក្នុង​ចំណោម​បុគ្គលិក​ជាង ៨​ពាន់​នាក់ ត្រូវ​បាន​ក្រុមហ៊ុន​ប្រកាស​បញ្ឈប់​ក្រោម​ហេតុផល​ថា ក្រុមហ៊ុន​នេះ​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ដោយសារ​វិបត្តិ​ជំងឺ Covid-19។ បើ​គិត​ចាប់តាំង​ពី​ក្រុមហ៊ុន​បញ្ឈប់​ពួកគេ​មក​ដល់​បច្ចុប្បន្ន​នេះ​មាន​រយៈពេល ៨​ខែ​ហើយ ដែល​វិវាទ​ការងារ​រវាង​បុគ្គលិក និង​ក្រុមហ៊ុន​មិន​ទាន់​មាន​ដំណោះស្រាយ​ឲ្យ​បាន​ចប់។

ក្រោយ​ពី​មាន​ការ​តវ៉ា​នេះ អង្គការ សមាគម និង​សហជីព​ចំនួន​២៥ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​កាលពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០២១ ដោយ​សម្ដែង​ការ​ខកចិត្ត​ចំពោះ​ការ​បញ្ឈប់​បុគ្គលិក​កាស៊ីណូ Naga world នេះ។ បើ​តាម​សេចក្ដី​ថ្លែងការណ៍​នោះ បាន​ចាត់ទុក​ការ​បញ្ឈប់​បុគ្គលិក​ថា ក្រុមហ៊ុន​មាន​ចេតនា​រំលាយ​រចនាសម្ព័ន្ធ​ថ្នាក់​ដឹកនាំ​សហជីព ដោយ​ពួកគេ​ថា​ការ​ធ្វើ​បែប​នេះ មិន​សម​ហេតុផល និង​មិន​អាច​ទទួល​យក​បាន​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស