កាលពីថ្ងៃទី១៧ ខែធ្នូ ក្រុងមូស្គូ បានលើកសំណើសុំចរចាជាមួយអង្គការយោធាណាតូ (NATO) ដោយសុំឱ្យកំណត់ច្បាស់លាស់នូវការដាក់កម្រិតសក្ដានុពលយោធាអាមេរិក និងអង្គការយោធាណាតូ ទៅលើប្រទេសជិតខាងរុស្ស៊ី ដែលក្រុងមូស្គូ បារម្ភពីភាពផុយស្រួយអំពីសន្តិសុខ និងស្ថិរភាពរុស្ស៊ី ខណៈណាតូបង្កើនវត្តមានកងទ័ព និងសព្វាវុធកាន់តែខ្លាំងនៅតាមព្រំដែននៃប្រទេសសមាជិករបស់ខ្លួនជាប់នឹងប្រទេសរុស្ស៊ី។
ប៉ុន្តែវត្តមានកងទ័ពណាតូកាន់តែកើនឡើងនេះ គឺដោយសារណាតូប្រឆាំងផែនការរបស់រុស្ស៊ី ដាក់ពង្រាយកងទ័ពរាប់ម៉ឺននាក់គំរាមលុកលុយអ៊ុយក្រែន។ យ៉ាងណា រុស្ស៊ី បានផ្ដល់សញ្ញាវិជ្ជមានដោយសម្រេចដកទ័ពជាងមួយម៉ឺននាក់ជាជំហានដំបូងចេញពីតំបន់តានតឹងជាមួយអ៊ុយក្រែន ហើយកងទ័ពទាំងនោះត្រូវត្រឡប់ទៅកាន់មូលដ្ឋានរបស់ខ្លួនវិញ។ ទំនងឆ្លើយតបនឹងរុស្ស៊ីចាប់ផ្ដើមបន្ថយភាពតានតឹងនេះហើយ បានជាណាតូយល់ព្រមចរចាជាមួយនឹងរុស្ស៊ី។
ការចរចារវាងមន្ត្រីជាន់ខ្ពស់អង្គការណាតូ និងក្រុងមូស្គូ អាចនឹងធ្វើឡើងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ខាងមុខ គឺមុនជំនួបរវាងមន្ត្រីជាន់ខ្ពស់រុស្ស៊ី និងសហរដ្ឋអាមេរិក ដែលនឹងធ្វើឡើងនៅលើទឹកដីប្រទេសស្វីស នៅចុងខែមករា ឆ្នាំ២០២២។
ឯកសារចំនួនពីរដែលក្រុងមូស្គូ លាតត្រដាងឱ្យដឹង គឺទី១ សន្ធិសញ្ញារវាងសហរដ្ឋអាមេរិក និងសហព័ន្ធរុស្ស៊ី ស្ដីពីការធានាសន្តិសុខ និងឯកសារទី២ អំពីកិច្ចព្រមព្រៀងស្ដីពីវិធានការសម្រាប់ធានាសន្តិសុខសហព័ន្ធរុស្ស៊ី និងបណ្តារដ្ឋជាសមាជិកណាតូ។
ការបង្ហាញជាសាធារណៈនូវឯកសារការងារទាំងពីរ បាននាំឲ្យអង្គការណាតូដែលបានបដិសេធសំណើរបស់រុស្ស៊ី ក៏បានត្រឡប់មកយល់ព្រមវិញ។
ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា ខ្លួនបានទទួលយកសំណើឆ្លើយតបវិញរបស់អង្គការ NATO ដើម្បីបើកកិច្ចប្រជុំពាក់ព័ន្ធក្តីកង្វល់ផ្នែកសន្តិសុខដែលអាចនឹងកើតឡើងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២។
ប្រទេសរុស្ស៊ី ដែលកន្លងមកនេះត្រូវបានប្រទេសលោកខាងលិចចោទថាបានបង្កើនវត្តមានយោធាទ្រង់ទ្រាយធំនៅលើទឹកដីក្បែរព្រំដែនប្រទេសអ៊ុយក្រែន។ ដោយសារចោទប្រកាន់ដូចនេះ ក្រុងមូស្គូ កាលពីសប្តាហ៍មុននេះបានបញ្ចេញនូវសេចក្តីព្រាងចរចាផ្នែកសន្តិសុខ រៀបរាប់អំពីចំណុចសំខាន់ៗដែលខ្លួនចង់លើកទៅពិភាក្សាជាមួយនឹង NATO ហើយអ្វីដែលសំខាន់បំផុតនៅក្នុងនោះ គឺទីក្រុងមូស្គូ ចង់ឲ្យ NATO បោះបង់ចោលសកម្មភាពយោធានៅតំបន់ភាគខាងកើតអឺរ៉ុប និងប្រទេសអ៊ុយក្រែន។
សារព័ត៌មានរបស់ប្រទេសរុស្ស៊ី គឺទីភ្នាក់ងារសារព័ត៌មាន TASS បានដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ី ដោយបានបញ្ជាក់ថា ក្រុងមូស្គូបានទទួលសំណើតបវិញពី NATO រួចហើយ។ ដោយឡែកពាក់ព័ន្ធនឹងសហរដ្ឋអាមេរិកវិញដែលជាមេដឹកនាំយោធាណាតូមួយផងដែរ បានចោទសកម្មភាពយោធារុស្ស៊ីកន្លងមកនេះថា ជាការត្រៀមវាយប្រហារមកលើទឹកដីអ៊ុយក្រែន តែរុស្ស៊ីវិញ តែងតែច្រានចោលនូវរាល់ការចោទប្រកាន់បែបនេះ។
ទោះជាយ៉ាងណា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានលើកឡើងថា ប្រទេសរបស់លោកចង់ជៀសវាងជម្លោះ ប៉ុន្តែក៏ចង់បាននូវការឆ្លើយតបភ្លាមៗពីសហរដ្ឋអាមេរិក និងសម្ពន្ធមិត្តណាតូ ចំពោះការទាមទាររបស់រុស្ស៊ី ដែលមិនចង់ឱ្យណាតូបញ្ជូនទ័ពមកដាក់ពង្រាយជាប់នឹងព្រំដែនរុស្ស៊ី។ សម្រាប់រុស្ស៊ី បានបង្ហើបថា ក្រុងមូស្គូរំពឹងចង់បានកិច្ចសន្ទនាជាមួយមន្ត្រីអាមេរិក នៅអំឡុងខែមករា ឆ្នាំ២០២២ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
លោកប្រធានាធិបតីរុស្ស៊ី បាននិយាយថា សញ្ញាវិជ្ជមានកើតមានពីខាងសហរដ្ឋអាមេរិកចំពោះការទាមទារដ៏តឹងរ៉ឹងរបស់រុស្ស៊ី ដើម្បីបន្ធូរទៅវិញចំពោះវិបត្តិរវាងរុស្ស៊ី និងបស្ចិមលោកដែលបណ្តាលមកពីបញ្ហាអ៊ុយក្រែន។
លោក ពូទីន មានប្រសាសន៍ដោយសង្ឃឹមថា ប្រតិកម្មដំបូងដែលវិជ្ជមានពីខាងសហរដ្ឋអាមេរិក និងដំណឹងអំពីការចាប់ផ្តើមកិច្ចចរចានៅក្រុងហ្សឺណែវ ក្នុងខែមករា ពិតជានឹងអនុញ្ញាតឱ្យភាគីពាក់ព័ន្ធដើរទៅមុខ។ តែលោក ពូទីន នៅតែព្រមានថា រុស្ស៊ី មិនបណ្តោយជាដាច់ខាតឲ្យប្រព័ន្ធសព្វាវុធណាមួយរបស់លោកខាងលិច គឺក្រុមណាតូ ដំឡើងនៅតាមព្រំដែននៃប្រទេសណាមួយជាប់នឹងព្រំដែនរុស្ស៊ីឡើយ។
ណាតូ និងសហរដ្ឋអាមេរិក ដាក់ការសង្ស័យថា រុស្ស៊ីគ្រោងលុកលុយចូលអ៊ុយក្រែនដែលជាអតីតសាធារណរដ្ឋមួយក្រោមចំណុះសហភាពសូវៀត ហើយឥឡូវអ៊ុយក្រែនក្លាយជាសម្ពន្ធមិត្តរបស់ណាតូ និងលោកខាងលិច។ លោក ពូទីន បានសម្ដែងប្រតិកម្មទុកជាមុនថា ក្រុងមូស្គូ សូមប្រឆាំងដាច់ខាតការដែលអ៊ុយក្រែនក្លាយជាសមាជិកអង្គការយោធាណាតូ។
នៅពេលដែលរុស្ស៊ី ប្រឆាំងនឹងណាតូ ចង់ឱបក្រសោបអ៊ុយក្រែន គឺរុស្ស៊ី បានបញ្ជូនទ័ពជិត ៩ម៉ឺននាក់ចូលទៅតំបន់គ្រីមៀរ ដែលជាអតីតដែនដីរបស់អ៊ុយក្រែន ហើយធ្លាក់នៅក្រោមរុស្ស៊ី នៅឆ្នាំ២០១៤ ដែលនាំឱ្យលោកខាងលិចដាក់ទណ្ឌកម្មរុស្ស៊ីធ្ងន់ធ្ងរ។ តាមប្រភពចារកម្មសហរដ្ឋអាមេរិក កងទ័ពរុស្ស៊ីជាង ១៧ម៉ឺននាក់ដែលត្រូវបានបញ្ជូនទៅដាក់ពង្រាយនៅតាមព្រំដែនជាប់នឹងអ៊ុយក្រែន។
ជុំវិញស្ថានភាពយោធាតានតឹងនៅអឺរ៉ុបខាងកើត រដ្ឋមន្ត្រីការបរទេសអាមេរិក អាតូនី ប្ល៊ីងកិន (Antony Blinken) និងរដ្ឋមន្ត្រីគោលនយោបាយការបរទេសអឺរ៉ុប លោក Josep Borrell បានជួប សន្ទនាគ្នាតាមទូរស័ព្ទកាលពីសប្ដាហ៍មុន។ លោក Josep Borrell និយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថា ប្រទេសលោកខាងលិចបានឯកភាពគ្នាឲ្យមានការពិភាក្សាណាមួយស្តីអំពីសន្តិសុខអឺរ៉ុប ដោយមានវត្តមានពីប្រទេសសមាជិក ហើយអ្វីដែលសំខាន់ គឺប្រទេសលោកខាងលិចបានប្ដេជ្ញាថានឹងរួមសាមគ្គីគ្នាដ៏រឹងមាំមួយនៅក្នុងកិច្ចពិភាក្សាជាមួយទីក្រុងមូស្គូ ដែលគ្រោងនឹងធ្វើឡើងនៅក្នុងខែមករា ឆ្នាំ២០២២ ខាងមុខនេះ៕