នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ នេះ គឺជាខួប ៨ឆ្នាំគត់នៃព្រឹត្តិការណ៍បង្ក្រាបយ៉ាងហិង្សារវាងកងកម្លាំងរដ្ឋាភិបាលរបស់បុរសខ្លាំងលោក ហ៊ុន សែន ទៅលើក្រុមបាតុករដែលទាមទារប្រាក់ខែ ១៦០ដុល្លាររបស់កម្មករកម្មការិនីនៅមុខរោងចក្រ យ៉ាកជីន (Yakjin) ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងនៅលើកំណាត់ផ្លូវវ៉េងស្រេង ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្រុមជនរងគ្រោះនៅតែទទូចទាមទារឲ្យរាជរដ្ឋាភិបាលរកយុត្តិធម៌ដល់ពួកគេ បើទោះជាដឹងថាពន្លឺយុត្តិធម៌នៅឆ្ងាយដូចជើងមេឃយ៉ាងណាក៏ដោយ។
ប្រធានសម្ពន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន ជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះដទៃទៀតដែលត្រូវបានកងពលតូចឆត្រយោង៩១១ របស់លោក ចាប ភក្តី វាយបង្ក្រាបកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤។ លោកបានថ្លែងរិះគន់ប្រព័ន្ធយុត្តិធម៌កម្ពុជាថា មិនបានផ្តល់យុត្តិធម៌ដល់រូបលោក និងជនរងគ្រោះផ្សេងទៀតនោះទេក្នុងរយៈពេល ៨ឆ្នាំកន្លងមកនេះ។
លោកថា៖ «៨ឆ្នាំគត់ ពន្លឺយុត្តិធម៌ គឺហាក់នៅឆ្ងាយដូចជើងមេឃ។ លោកនៅតែទទូចឲ្យរដ្ឋាភិបាលក៏ដូចជាប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ផ្តល់យុត្តិធម៌មកដល់ក្រុមរបស់លោកដែលជាជនរងគ្រោះនៅក្នុងហេតុការណ៍នោះ»។

លោកថា នេះគឺជាខួប ៨ឆ្នាំដែលសាលាដំបូងរាជធានីភ្នំពេញកាត់ទោសឲ្យរូបលោកជាប់ពន្ធនាគារ ៤ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៨លានរៀលពីបទ «ញុះញង់ឲ្យប្រព្រឹត្តអំពើហិង្សាមានស្ថានទម្ងន់ទោស»។ លោកថា៖ «លោករស់នៅ ៨ឆ្នាំជាប់ឈ្មោះជាទណ្ឌិតដែលបណ្ដាលមកពីភាពអយុត្តិធម៌»។
លោកថា បើទោះជា ៨ឆ្នាំបានកន្លងផុតទៅ ប៉ុន្តែការប្រើប្រាស់អំពើហិង្សាបែបព្រៃផ្សៃមកលើរាងកាយរបស់លោក គឺបានដក់ជាប់ក្នុងខួរក្បាលរបស់លោកជារៀងរហូត។ លោកថា រូបភាពទាំងអស់នេះបានដាស់វិញ្ញាណ និងផ្ដល់កម្លាំងចិត្តឲ្យលោកខិតខំតស៊ូដើរទៅមុខដោយមិនខ្លាចមហាព្យុះនៃឧបសគ្គទាំងឡាយដែលកើតមានឡើយ ក្នុងការជួយដល់ពលរដ្ឋខ្មែរស្ទើរទូទាំងប្រទេស។
កាលពីថ្ងៃទី២ និងថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ កន្លងមក មានព្រឹត្តិការណ៍បង្ក្រាបដ៏ហិង្សាលើកម្មករនៅក្បែររោងចក្រ យ៉ាកជីន (Yakjin) ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងនៅលើកំណាត់ផ្លូវវ៉េងស្រេង ក្នុងខណ្ឌដង្កោ ក្នុងពេលដែលកម្មករកម្មការិនីតវ៉ាទាមទារដំឡើងប្រាក់ឈ្នួលគោល ១៦០ដុល្លារក្នុងមួយខែ។
ការបង្ក្រាបដ៏ហិង្សានៅក្បែររោងចក្រ យ៉ាកជីន នោះ គឺកម្លាំងកងពលតូចទ័ពពិសេសឆត្រយោង៩១១ របស់លោក ចាប ភក្តី បានចាប់ខ្លួនមនុស្ស ១០នាក់ ក្នុងចំណោមនោះក៏មានលោក ថេង សាវឿន និងប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ផងដែរ។ ចំណែកការបាញ់បង្ក្រាបនៅលើផ្លូវវ៉េងស្រេង វិញ ប្រព្រឹត្តដោយកងកម្លាំងចម្រុះរដ្ឋាភិបាលបណ្ដាលឲ្យកម្មករចំនួន ៤នាក់ស្លាប់ ម្នាក់បាត់ខ្លួន និងកម្មករជិត ៤០នាក់រងរបួស ហើយ ១៣នាក់ទៀតត្រូវបានចាប់ខ្លួន។

លោក ខឹម សឿន ដែលជាឪពុករបស់យុវជន ខឹម សុផាត ដែលបានបាត់ខ្លួនក្នុងហេតុការណ៍នោះ បានប្រាប់ The Cambodia Daily ថា លោកនៅតែទទូចរកយុត្តិធម៌សម្រាប់កូនប្រុសរបស់លោក បើទោះជាដឹងថាយុត្តិធម៌នោះដូចរាវម្ជុលក្នុងបាតសមុទ្រយ៉ាងណាក៏ដោយ។
លោកថា៖ «លោកនៅតែទទូចទាមទាររកយុត្តិធម៌ដល់កូនប្រុសរបស់លោក ហើយលោកបានព្យាយាមនាំយកឯកសារ និងរូបថតកូនប្រុសរបស់គាត់ពីខេត្តស្វាយរៀង ឡើងមកភ្នំពេញ ដោយសង្ឃឹមថាថ្ងៃណាមួយ គ្រួសាររបស់គាត់នឹងទទួលបានយុត្តិធម៌»។
លោកបន្តថា លោកនៅតែមានកូនចិត្តមួយគិតថា កូនប្រុសរបស់លោកនៅមានជីវិតនៅឡើយ បើទោះជាមិត្តភ័ក្ដិរបស់គេបានឃើញផ្ទាល់ភ្នែកប្រាប់ថា កូនរបស់លោកបានស្លាប់បាត់ទៅហើយនោះ។
លោកថា៖ «ដល់ថ្ងៃខែដែលបាត់ខ្លួន លោកនៅតែស្រមៃថា កូនរបស់លោកកំពុងជិះឡានឈ្នួលមកផ្ទះ ខណៈលោកកំពុងធ្វើបុណ្យឧទ្ទិសកុសលដល់កូនតាមរយៈរូបថតអស់រយៈពេល ៨ឆ្នាំកន្លងមកក៏ដោយ។ លោកទទូចសូមឲ្យអង្គការជាតិ និងអន្តរជាតិជួយរកយុត្តិធម៌ដល់កូនប្រុសរបស់លោកផង»។
ចំណែកឯយុវជន ហឿន ចាន់ បានរងរបួសធ្ងន់នៅក្នុងការបង្ក្រាបរបស់សមត្ថកិច្ចទៅលើកម្មកររោងចក្រ SL នៅគល់ស្ពានស្ទឹងមានជ័យ ដោយត្រូវគ្រាប់កាំភ្លើងចំចង្កេះខាងឆ្វេង ហើយប៉ះពាល់ដល់ខួរឆ្អឹងខ្នងធ្វើឲ្យយុវជនរូបនោះត្រូវពិការមួយកំណាត់ខ្លួនចុះក្រោម ដែលកំពុងដេកសម្រាកព្យាបាលមុខរបួសនៅឯខេត្តបាត់ដំបង បានថ្លែងថា រូបគេអស់សង្ឃឹមនៅក្នុងការទទួលបានយុត្តិធម៌ ពីព្រោះ ៨ឆ្នាំបានកន្លងផុតទៅនៅពុំដែលមានសមត្ថកិច្ចណាសួរនាំម្តងណាឡើយ។
យុវជនរូបនេះថ្លែងថា៖ «តើអ្នកណាមិនចង់បានយុត្តិធម៌? ព្រោះលោកពុំបានធ្វើអីសោះ គ្រាន់តែឈរមើលគេតវ៉ាក៏ក្លាយខ្លួនជាជនពិការមួយជីវិត។ តែសំខាន់ តើឲ្យលោកទៅទាមទាររកយុត្តិធម៌ពីអ្នកណា? បើសព្វថ្ងៃអង្គុយលើរទេះមិនបានផងនោះ»។
កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤ កន្លងទៅ ប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានបញ្ជាក់ទៅកាន់អ្នកគាំទ្រនៅក្បែរវត្តភ្នំថា ក្នុងនាមគណបក្សសង្គ្រោះជាតិ លោកសន្យាជាមួយបងប្អូនដែលមានអ្នកស្លាប់ និងរបួសថា បើច្បាប់ជាតិមិនអាចរកយុត្តិធម៌ឲ្យបងប្អូនបានទេ លោកនឹងដាក់បណ្តឹងផ្លូវច្បាប់ទៅអន្តរជាតិ។ លោកបន្តថា អ្នកបញ្ជាឲ្យបាញ់កម្មករ មិនអាចរួចពីសំណាញ់ច្បាប់ទេ។
គិតត្រឹមថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ នេះ រដ្ឋាភិបាលមិនទាន់បង្ហាញថា ស្ថាប័នណាមួយជាអ្នកទទួលខុសត្រូវចំពោះការបង្ក្រាបដ៏បង្ហូរឈាមនោះទេ ហើយក៏មិនទាន់បញ្ជាក់ថា ស្ថាប័នណាមួយជាអ្នកផ្តល់សំណងជំងឺចិត្តដើម្បីប៉ះប៉ូវដល់ការឈឺចាប់របស់គ្រួសារជនរងគ្រោះដែរ។
ប៉ុន្តែកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ បុរសខ្លាំងនៅកម្ពុជា លោក ហ៊ុន សែន បានថ្លែងដោយចោទប្រកាន់ថា អ្វីដែលកើតឡើងនៅពេលនោះ គឺជាផែនការរបស់គណបក្សសង្គ្រោះជាតិ ក្នុងការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលតាមរយៈរូបភាពបដិវត្តន៍ពណ៌។ លោកថា លោកសោកស្ដាយណាស់ដែលលោកបានដឹងផែនការនេះយឺតពេល បើពុំដូច្នោះទេ លោកនឹងបញ្ជាឱ្យក្រុមរបស់លោកសម្លាប់ក្រុមអ្នកប្រឆាំងទាំងអស់នោះចោលតែម្ដង។
លោកបានថ្លែងថា៖ «បើលោកដឹងរឿងនេះតាំងពីពេលនោះ ប្រហែលជាចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ គឺពួកនេះងាប់អស់ហើយ។ លោកបញ្ជាក់ថា ក្រុមនោះកំណត់យកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៣ ជាថ្ងៃផ្ដាច់ព្រ័ត្ររំលំរដ្ឋាភិបាលរបស់លោក។ បើលោកឃើញតាំងពីពេលនោះ អ្នកទាំងនេះងាប់តាំងពេលនោះ ហើយពេលនេះជាពេលបុណ្យខ្មោចពួកនោះទៀត»។

នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ អង្គការក្រៅរដ្ឋាភិបាលចំនួន ៥៩ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍រួមស្ដីពីការចងចាំនៅផ្លូវវ៉េងស្រេង «៨ឆ្នាំក្នុងភាពស្ងប់ស្ងាត់ ប៉ុន្តែគ្មានយុត្តិធម៌» ដោយបន្តស្នើសុំឱ្យមានការទទួលខុសត្រូវចំពោះការបាញ់ប្រហារនេះ ក៏ដូចជាការបាត់ខ្លួនក្មេងប្រុសអាយុ ១៥ឆ្នាំម្នាក់ឈ្មោះ ខឹម សុផាត ដែលនៅបន្តបាត់ខ្លួនមកទល់សព្វថ្ងៃនេះ។
សេចក្តីថ្លែងការណ៍រួមដដែលបានលើកឡើងថា៖ «ជួយគ្រួសាររបស់ក្មេងប្រុសដែលបានបាត់ខ្លួនឲ្យស្ងប់ចិត្ត ដោយចាត់វិធានការជាក់លាក់ជាបន្ទាប់ ដើម្បីស៊ើបអង្កេតទៅលើការបាត់ខ្លួនរបស់ ខឹម សុផាត រហូតដល់ពេលដែលជោគវាសនារបស់គេត្រូវបានកំណត់ថា ស្លាប់ ឬនៅរស់ ដោយរួមបញ្ចូលទាំងការកំណត់អត្តសញ្ញាណ និងសម្ភាសដោយមានប្រសិទ្ធភាពចំពោះកងកម្លាំងសមត្ថកិច្ច និងទាហានទាំងអស់ដែលមានវត្តមាននៅទីតាំងដែលបាត់ខ្លួន»។
The Cambodia Daily មិនអាចទាក់ទងលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដើម្បីធ្វើការអត្ថាធិប្បាយបានទេកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២។
ចំណែកមន្ត្រីផ្នែកស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា និយាយថា ចំពោះការបង្ក្រាបលើការទាមទាររបស់កម្មករកាលពីដើមឆ្នាំ២០១៤ កន្លងទៅ ជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរបំផុត។ លោកទទូចឲ្យអាជ្ញាធរស្វែងរកការពិត និងយុត្តិធម៌ទៅដល់ក្រុមកម្មករដែលបានរងរបួស និងបាត់បង់ជីវិតទាំងនោះ។
លោកថា៖ «រហូតមកទល់ពេលនេះ នៅតែមិនទាន់ឃើញរកយុត្តិធម៌បាននៅឡើយទេ ដែលនេះបង្កឲ្យមានអំពើនិទ្ទណ្ឌភាពឥតឈប់ឈរនៅក្នុងប្រទេសកម្ពុជា។ លោកបន្តថា ច្បាប់ត្រូវតែអនុវត្តទៅលើជនគ្រប់រូប បើទោះជាជននោះជាអ្នកមានអំណាចប៉ុនណាក៏ដោយ គឺដើម្បីឲ្យស្ថាប័នច្បាប់មានឯករាជភាព»៕