ស្ត្រីមានផ្ទៃពោះម្នាក់ និងមនុស្ស ១៥នាក់ទៀត ត្រូវបានសមត្ថកិច្ចចាប់ខ្លួនអំឡុងពេលពួកគេបន្តធ្វើកូដកម្មដោយសន្តិវិធី ដើម្បីទាមទារលក្ខខណ្ឌការងារ និងទាមទារឱ្យដោះលែងថ្នាក់ដឹកនាំ រួមទាំងសកម្មជនសហជីពក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍ (Naga world) ចំនួន ៦នាក់ ដែលត្រូវចាប់ខ្លួននៅយប់ឆ្លងឆ្នាំសកលកន្លងមកថ្មីៗនេះ។
ក្រុមបុគ្គលិកក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍ នៅរសៀលថ្ងៃចន្ទ ទី៣ មករា នេះ បាននាំគ្នាបន្តធ្វើកូដកម្មដោយសន្តិវិធីជាថ្មីម្តងទៀតនៅក្បែរក្រុមហ៊ុន ដើម្បីទាមទារលក្ខខណ្ឌការងារចំនួន ៩ចំណុច និងទទួលយកបុគ្គលិក ៣៦៥នាក់ឱ្យចូលធ្វើការងារឡើងវិញ។ ការតវ៉ានេះត្រូវបានកងកម្លាំងសមត្ថកិច្ចជាច្រើនរារាំងមិនឱ្យទៅជិតក្រុមហ៊ុន និងបានចាប់ខ្លួនស្ត្រីមានផ្ទៃពោះ និងបុគ្គលិកសរុប ១៥នាក់ទៅបន្ថែមទៀត។
បើតាមក្រុមបុគ្គលិកដែលនាំគ្នាទៅធ្វើកូដកម្មនារសៀលថ្ងៃចន្ទ នេះ បានរៀបរាប់ថា អាជ្ញាធរមិនបានជួយរកដំណោះស្រាយ និងការពារសុវត្ថិភាពពួកគាត់ឡើយ តែបែរជាមករារាំងមិនឲ្យពួកគេធ្វើកូដកម្មនៅមុខក្រុមហ៊ុន ណាហ្គា ព្រមទាំងចុះគំរាមដល់បន្ទប់ជួល និងផ្ទះរបស់ពួកគាត់ថែមទៀតផង។ លើសពីនេះ សមត្ថកិច្ចបានចាប់ខ្លួនសមាជិករបស់ពួកគេចំនួន ១៥នាក់ ក្នុងនោះស្ត្រីមានផ្ទៃពោះ ស្ថិតនៅម្តុំណាហ្គា២ ខណៈពួកគេចូលរួមធ្វើកូដកម្មបន្តទៀត ដើម្បីទាមទារលក្ខខណ្ឌការងារ និងទាមទារឱ្យដោះលែងថ្នាក់ដឹកនាំសហជីព និងសកម្មជនសហជីពចំនួន ៦នាក់ផ្សេងទៀត។
នៅយប់ថ្ងៃឆ្លងឆ្នាំសកល ពោលគឺនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ចរាជធានីភ្នំពេញបានចាប់ខ្លួនថ្នាក់ដឹកនាំ និងសកម្មជនសហជីពបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ចំនួន ១០នាក់ និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃអាទិត្យ ទី២ មករា ចំនួន ៦នាក់ ខណៈមនុស្ស ៤នាក់ត្រូវបានដោះលែងវិញក្រោយពីអប់រំ និងធ្វើកិច្ចសន្យា។ អ្នកទាំង ៦នាក់ត្រូវចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កំពុងសាកសួរក្រោមបទចោទប្រកាន់ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។
អំឡុងពេលចៅក្រមធ្វើការសាកសួរអ្នកទាំង ៦នាក់នោះ សមាជិកបុគ្គលិកក្រុមហ៊ុនមួយចំនួនបាននាំគ្នាទៅប្រមូលផ្ដុំនៅខាងមុខតុលាការ ដើម្បីគាំទ្រ និងទាមទារឱ្យតុលាការដោះលែងថ្នាក់ដឹកនាំ និងសកម្មជនសហជីពទាំង ៦នាក់នោះវិញ។
បុគ្គលិកក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍ ម្នាក់ និយាយថា ការតវ៉ារបស់ពួកគាត់នៅមុខក្រុមហ៊ុនកន្លងមកធ្វើឡើងចេញពីចិត្ត ដោយគ្មានអ្នកណាដឹកនាំនោះទេ ហើយការតវ៉ានេះចង់ឱ្យមានសហជីពនៅកន្លែងការងារ និងដោះស្រាយលក្ខខណ្ឌការងារទាំង ៩ចំណុចតែប៉ុណ្ណោះ។ កញ្ញាបង្ហាញការសោកស្ដាយចំពោះអាជ្ញាធរ និងតុលាការដែលមិនបានជួយរកយុត្តិធម៌ឱ្យពួកគាត់ តែបែរជាមកចាប់ខ្លួន និងចោទប្រកាន់លើថ្នាក់ដឹកនាំ និងសកម្មជនសហជីពដែលគ្រាន់តែសម្ដែងមតិទាមទារឱ្យមានដំណោះស្រាយវិវាទការងារទៅវិញ។
យ៉ាងណាក៏ដោយ ការទៅប្រមូលផ្ដុំនៅមុខតុលាការរបស់ក្រុមបុគ្គលិកក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍ នេះ ក៏ត្រូវក្រុមសមត្ថកិច្ចស្លៀកពាក់ឯកសណ្ឋានជាច្រើននាក់ និងស្លៀកពាក់បែបស៊ីវិល ដើម្បីតាមដាន និងថតរូបសកម្មភាពរបស់ក្រុមបុគ្គលិកនៃក្រុមហ៊ុន ណាហ្គា ដែលនាំគ្នាទៅគាំទ្រមនុស្សចំនួន ៦នាក់ដែលតុលាការកំពុងសាកសួរ។
គិតចាប់តាំងពីថ្ងៃតវ៉ាកាលពីខែធ្នូ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ នេះ ថ្នាក់ដឹកនាំ និងបុគ្គលិកណាហ្គា សរុប ២០នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយមកបញ្ជូនទៅតុលាការបើទោះបីជាការធ្វើកូដកម្មរបស់ពួកគេដោយសន្តិវិធី ដើម្បីទាមទារឱ្យដំណោះស្រាយវិវាទការងារ និងដោះស្រាយសំណងឲ្យបានសមរម្យចំពោះការបញ្ឈប់បុគ្គលិកទាំងនោះយ៉ាងណាក៏ដោយ។
ការបញ្ឈប់បុគ្គលិករបស់ក្រុមហ៊ុនភ្នាល់ល្បែងកណ្ដាលទីក្រុងភ្នំពេញនេះ ធ្វើឡើងក្នុងមូលហេតុដោយសារវិបត្តិ Covid-19 ប៉ុន្តែបើតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុន Naga បានឱ្យដឹងទៀតថា នៅឆ្នាំ២០២០ ក្រុមហ៊ុនល្បែងកាស៊ីណូដ៏ធំមួយនេះបានទទួលប្រាក់ចំណេញសុទ្ធជាង ១០០លានដុល្លារនៅឆ្នាំ២០២០ ទោះបីមានវិបត្តិ Covid-19 កើតឡើងក្ដី ហើយនៅពាក់កណ្តាលឆ្នាំ២០២១ ក្រុមហ៊ុននេះទទួលបានប្រាក់ចំណេញសុទ្ធរហូតដល់ជាង ១៣០លានដុល្លារឯណោះ។
ទោះបីជារកប្រាក់ចំណេញច្រើនក៏ពិតមែន ប៉ុន្តែក្រុមហ៊ុននេះបានកាត់បុគ្គលិកចេញ និងមិនបានដោះស្រាយអត្ថប្រយោជន៍ជូនដល់បុគ្គលិកឱ្យស្របទៅតាមច្បាប់ការងាររបស់កម្ពុជាឡើយ។ មិនត្រឹមតែប៉ុណ្ណោះ អាជ្ញាធរ និងក្រសួងការងារ មិនបានជួយអន្តរាគមន៍ ឬការពារបុគ្គលិកដែលត្រូវបានបញ្ឈប់ឡើយ ផ្ទុយទៅវិញ ទាំងអាជ្ញាធរ និងក្រសួង បែរជួយក្រុមហ៊ុនទៅវិញ។ លើសពីនេះ នៅពេលបុគ្គលិកតវ៉ានោះ អាជ្ញាធរបែរជារារាំង និងចាប់ខ្លួនថ្នាក់ដឹកនាំ និងសកម្មជនសហជីពទៀតផងដែរ។ ក្នុងនោះ ស្នងការដ្ឋានរាជធានីភ្នំពេញចេញសេចក្ដីបំភ្លឺកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ថា ការចាប់ខ្លួនបុគ្គលិកទាំងនោះដោយសារពួកគេនាំគ្នាធ្វើបាតុកម្មខុសច្បាប់ ធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព បានលើកឡើងក្នុងទំព័រ Facebook ដោយចាត់ទុកការពង្រាយកម្លាំង និងចាប់ខ្លួនអ្នកធ្វើកូដកម្មថាមិនមែនជាដំណោះស្រាយនោះទេ ខណៈការបន្តកូដកម្មរបស់បុគ្គលិកនៃក្រុមហ៊ុន ណាហ្គាវើលដ៏ ដើម្បីទាមទាររកដំណោះស្រាយចំពោះវិវាទការងារ បើទោះបីមានតំណាង និងសមាជិកខ្លួនត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅតុលាការសាកសួរក៏ដោយ។ លើសពីនេះ អាជ្ញាធរគួរដោះស្រាយបញ្ហានេះ ដោយការពារផលប្រយោជន៍របស់ពលរដ្ឋ មិនមែនបង្ហាញពីការគាបសង្កត់ដល់បុគ្គលិកឡើយ ហើយថាឆ្នាំថ្មីគួរមានការអធិដ្ឋានថ្មី ដែលប្រសើរសម្រាប់ពលរដ្ឋ។ អ្នកស្រីស្នើឱ្យបញ្ឈប់ការចោទ ចាប់ និងចងបន្តទៀត ហើយងាកមកបង្កើតនូវពន្លឺនៃយុត្តិធម៌ សមធម៌ និងគុណធម៌ជូនពលរដ្ឋវិញ។
ចំណែកអ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរនៅលើគណនី Facebook របស់លោកថា កៅអីប្រធានអាស៊ានរបស់លោក ហ៊ុន សែន ដែលខំប្រឹងយកមុខលើឈ្មោះកម្ពុជា កាន់តែឃើញរូបភាពចាំចាបក្នុងខ្ទមហើយ ខណៈនៅពេលប្រធានអាស៊ានកំពុងធ្វើទុក្ខបុកម្នេញសាងបាបកម្មទៅលើបុគ្គលិក និងកម្មករក្នុងស្រុកកាន់តែសាហាវ។ លើសពីនេះ សហជីព និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ (Naga World) បានប្រតិបត្តិយ៉ាងត្រឹមត្រូវស្របច្បាប់ជាតិ រដ្ឋធម្មនុញ្ញជាតិ និងគោលការណ៍ច្បាប់អន្តរជាតិ។
កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២២ ក្រុមប្រតិភូចរចាវិវាទក្រុមហ៊ុន ណាហ្គាវើលដ៍ បានចាត់ទុកការចោទប្រកាន់របស់អាជ្ញាធរទៅលើក្រុមកម្មករដែលធ្វើបាតុកម្មអហិង្សាថាបានធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់ និងអាជីវកម្មរបស់ថៅកែនោះ វាជាការលើកទឹកចិត្តឱ្យភាគីក្រុមហ៊ុនបន្តរំលោភច្បាប់បន្តទៀត ដែលនាំឱ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាលលើឆាកអន្តរជាតិផងដែរ។
សេចក្តីប្រកាសព័ត៌មានដដែលបន្តថា ដើមចមដែលនាំឱ្យកម្មករធ្វើកូដកម្មចំនួន ១៣ថ្ងៃកន្លងមកនេះ ដោយសារតែក្រុមហ៊ុនព្រងើយកន្តើយមិនអនុវត្តតាមច្បាប់ ហើយអាជ្ញាធរពាក់ព័ន្ធ ក្រសួងការងារ មិនមានចេតនាពិតប្រាកដក្នុងការរកដំណោះស្រាយជូនពួកគេនោះទេ។ ក្រៅពីមិនដោះស្រាយ ឬជួយការពារសុវត្ថិភាពបាតុករហើយ អាជ្ញាធរបែរជាចោទថា កម្មករ និងតំណាងសហជីពធ្វើបាតុកម្មដោយខុសច្បាប់ ដែលធ្វើឱ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងប៉ះពាល់អាជីវកម្មរបស់ក្រុមហ៊ុនទៅវិញ។
ក្រុមអង្គការសង្គមស៊ីវិល និងសហជីពមួយចំនួនបានចេញសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកៗពីគ្នា ដោយគាំទ្រចំពោះការធ្វើកូដកម្មដោយសន្តិវិធីរបស់បុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ជាង ១ពាន់នាក់។ ពួកគេលើកឡើងថា ការធ្វើកូដកម្មអហិង្សាជាការអនុវត្តសិទ្ធិជាមូលដ្ឋាន ដែលបានធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់ការងារ ច្បាប់ស្ដីពីសហជីព និងផ្អែកតាមលក្ខន្តិកៈរបស់សហជីពដែលចុះបញ្ជីនៅក្រសួងការងារផងដែរ។
ក្រុមអង្គការ និងសហជីពមួយចំនួនបង្ហាញការមិនពេញចិត្ត និងថ្កោលទោសចំពោះវិធានការរបស់សមត្ថកិច្ចដែលចាប់ខ្លួនថ្នាក់ដឹកនាំ និងសកម្មជនសហជីពទាំងនោះថា មិនបានអនុវត្តតួនាទី និងកាតព្វកិច្ចរបស់ខ្លួនឱ្យស្របតាមច្បាប់ក្នុងការការពារសុវត្ថិភាពក្រុមបាតុករ ដែលធ្វើបាតុកម្មដោយសន្តិវិធីនោះឡើយ។
បើច្បាប់ស្ដីពីបាតុកម្មដោយសន្តិវិធីត្រង់មាត្រា៤ ចែងថា បាតុកម្មដោយសន្តិវិធីសំដៅលើការប្រមូលផ្ដុំ ឬការដង្ហែក្បួនដោយមនុស្សមួយក្រុម ដើម្បីទាមទារ តវ៉ា ឬសម្ដែងមតិជាសាធារណៈនូវមនោសញ្ចេតនា គំនិត ឬឆន្ទៈរបស់ក្រុមខ្លួនតាមរូបភាព ឬមធ្យោបាយផ្សេងៗដោយសន្តិវិធី។
មាត្រា១៧ នៃច្បាប់ស្ដីពីបាតុកម្មដោយសន្តិវិធី ចែងថា អាជ្ញាធរមានសមត្ថកិច្ចត្រូវចាត់វិធានការការពារដល់ក្បួនបាតុកម្មដោយសន្តិវិធី ដើម្បីធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរ ហើយមិនត្រូវជ្រៀតជ្រែកការប្រព្រឹត្តទៅដល់នៃការធ្វើបាតុកម្មដោយសន្តិវិធីឡើយ៕