29.3 C
Phnom Penh

ទំនាស់​ក្នុង​វិស័យ​ពុទ្ធចក្រ​កំពុង​ផ្ទុះ​ឡើង​ក្នុង​ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចៅអធិការ​វត្ត​ជាច្រើន​អង្គ​ក្នុង​ខេត្ត​កំពង់ធំ ប្រកាស​គាំទ្រ​ព្រះ​ភិក្ខុ សំរិត ណាំង ឱ្យ​គង់​នៅ​ជា​ព្រះ​គ្រូ​អនុគណ​ស្រុក​កំពង់ស្វាយ បន្ត​ទៀត និង​ប្រកាស​បដិសេធ​លិខិត​ចាត់តាំង​មេគណ​ខេត្ត​កំពង់ធំ ដែល​បាន​តែងតាំង​ភិក្ខុ ណំ សុភ័ត្រា ឱ្យ​ឡើង​ជា​អនុគណ​ស្តីទី​ស្រុក​កំពង់ស្វាយ ជំនួស​ព្រះ​ភិក្ខុ សំរិត ណាំង កាលពី​ពេល​ថ្មីៗ​នេះ។

ព្រះគ្រូចៅអធិការ​ជាង ៣០​វត្ត​ក្នុង​ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ បាន​ចេញ​ញត្តិ​គាំទ្រ​កាលពី​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០២២ នេះ​ថា ព្រះគ្រូចៅអធិការ​គ្រប់​វត្ត​ទាំងអស់​ក្នុង​ស្រុក​កំពង់ស្វាយ នៅតែ​បន្ត​គោរព​គាំទ្រ​ព្រះ​ភិក្ខុ សំរិត ណាំង ឱ្យ​គង់​នៅ​ជា​ព្រះ​អនុគណ​ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ បន្ត​ទៀត ដើម្បី​ដឹកនាំ​ប្រតិបត្តិ​ធម៌​ព្រះពុទ្ធសាសនា​ឱ្យ​បាន​រីកចម្រើន​ត​ទៅ​មុខ។

ព្រះគ្រូចៅអធិការ​ទាំងនោះ​បាន​ថ្កោលទោស​ភិក្ខុ ណំ សុភ័ត្រា ថា​បាន​ប្រព្រឹត្ត​ទង្វើ​អគុណធម៌​ដែល​ត្រូវ​គេ​មើល​ឃើញ​ថា ជា​ការ​ឃុបឃិត​គ្នា​ជាមួយ​មន្ត្រី​សង្ឃ​ថ្នាក់​ខេត្ត ដូចជា​ព្រះ​មេគណ​ខេត្ត សៀង សុខ ជាដើម ដែល​មាន​ការ​រៀបចំ​ជា​ប្រព័ន្ធ​ក្នុង​ការ​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​ការ​លក់ដូរ​តំណែង​អនុគណ​ស្រុក​កំពង់ស្វាយ ដោយ​ការ​ទម្លាក់​តំណែង​ព្រះ​ភិក្ខុ សំរិត ណាំង ប្តូរ​ទៅ​ឱ្យ​ភិក្ខុ ណំ សុភ័ត្រា ដែល​ជា​ទង្វើ​ប្រាសចាក​គុណធម៌ និង​ធ្វើ​ឱ្យ​ពុទ្ធបរិស័ទ​ទូទាំង​ស្រុក​កំពង់ស្វាយ មាន​កំហឹង និង​មិន​ពេញចិត្ត។

កាលពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២១ ព្រះ​ភិក្ខុ សំរិត ណាំង បាន​ដាក់​លិខិត​លាលែង​ពី​តំណែង​ជា​ព្រះ​អនុគណ​ស្រុក​កំពង់ស្វាយ ក្រោម​ហេតុផល​សម្រាក​ព្យាបាល​សុខភាព ប៉ុន្តែ​មួយ​ថ្ងៃ​បន្ទាប់ គឺ​នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២១ ព្រះ​ភិក្ខុ សំរិត ណាំង បាន​ចេញ​លិខិត​បដិសេធ​ចំពោះ​លិខិត​លាលែង​តំណែង​ពី​ព្រះ​អនុគណ​ស្រុក​កំពង់ស្វាយ កាលពី​ថ្ងៃ​ទី​២៩ ធ្នូ របស់​ព្រះអង្គ​ថា លិខិត​លាលែង​នោះ​ធ្វើឡើង​ក្រោម​ការ​បង្ខិតបង្ខំ និង​គំរាមកំហែង​ប៉ុណ្ណោះ។

ព្រះ​ភិក្ខុ សំរិត ណាំង បញ្ជាក់​ថា នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែ​ធ្នូ កន្លងទៅ ព្រះ​មេគណ​ខេត្ត​កំពង់ធំ សៀង សុខ បាន​ហៅ​ទូរស័ព្ទ​ឱ្យ​ព្រះអង្គ​និមន្ត​ទៅ​ជួប​ផ្ទាល់​តែ​មួយ​អង្គឯង ប៉ុន្តែ​នៅ​ពេល​និមន្ត​ទៅ​ដល់ មេគណ​ខេត្ត និង​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត ព្រមទាំង​សហការី​របស់​ពួកគេ​មួយ​ចំនួន​ទៀត បាន​បង្ខំ​ឱ្យ​ព្រះអង្គ​ផ្ដិត​មេដៃ​លើ​លិខិត​លាលែង​មួយ​ទាំង​ដែល​ព្រះអង្គ​មិន​បាន​អាន​ខ្លឹមសារ​លិខិត​នោះ​ទាល់តែសោះ ប៉ុន្តែ​ដោយ​មាន​ការ​ភ័យខ្លាច ទើប​ព្រះអង្គ​សុខចិត្ត​ផ្ដិត​មេដៃ​យល់ព្រម​តែម្តង។

ព្រះ​ភិក្ខុ​អង្គ​នេះ​បញ្ជាក់​ថា ប្រសិនបើ​ព្រះអង្គ​ពិតជា​មាន​បំណង​លាលែង​តំណែង​ពី​ព្រះ​អនុគណ​ស្រុក​កំពង់ស្វាយ មែន​នោះ ព្រះអង្គ​នឹង​ធ្វើ​តាម​នីតិវិធី​ច្បាប់​ដោយ​ដាក់​លិខិត​ប្រកាស​ជូន​ដល់​ព្រះគ្រូចៅអធិការ​វត្ត​គ្រប់​អង្គ ឱ្យ​ដឹង​ជា​ឱឡារិក​ជាមិនខាន​ឡើយ ប៉ុន្តែ​លិខិត​លាលែង​ដែល​ព្រះអង្គ​ផ្ដិត​មេដៃ​ខាងលើ គឺ​ដោយសារតែ​ការ​ភ័យខ្លាច​ពី​ការ​គំរាមកំហែង​ពី​សំណាក់​ព្រះ​មេគណ​ខេត្ត សៀង សុខ និង​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត លោក តាន់ តៃជ្រាន់ តែប៉ុណ្ណោះ។

ជុំវិញ​បញ្ហា​នេះ បន្ទាប់ពី​ព្រះ​ភិក្ខុ សំរិត ណាំង ត្រូវ​បាន​បង្ខំ​ឱ្យ​លាលែង​ពី​តំណែង​ភ្លាម ហើយ​ព្រះ​មេគណ​ខេត្ត​កំពង់ធំ ភិក្ខុ សៀង សុខ បាន​ចេញ​លិខិត​តែងតាំង​ភិក្ខុ ណំ សុភ័ត្រា នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២១ ជាបន្ទាន់ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០២២ ព្រះគ្រូចៅអធិការ​វត្ត​ជាង ៣០ បាន​ចេញ​លិខិត​ថ្កោលទោស​លិខិត​តែងតាំង​ភិក្ខុ ណំ សុភ័ត្រា ជា​ព្រះ​អនុគណ​ជំនួស​ព្រះ​ភិក្ខុ សំរិត ណាំង យ៉ាង​ធ្ងន់ធ្ងរ។

យ៉ាងណាក៏ដោយ ព្រះ​មេគណ​ខេត្ត​កំពង់ធំ ភិក្ខុ សៀង សុខ បាន​ចេញ​លិខិត​បំភ្លឺ​ថា ព្រះគ្រូចៅអធិការ​វត្ត​ទាំង ៣០​អង្គ​ដែល​បាន​ផ្ដិត​មេដៃ​លើ​ញត្តិ​គាំទ្រ​នោះ គឺ​ត្រូវ​គេ​បញ្ចុះបញ្ចូល​តែប៉ុណ្ណោះ។

ទោះ​ជា​បែប​នេះ​ក្តី ព្រះគ្រូចៅអធិការ​វត្ត​ពាមមេត្រី ព្រះ​ភិក្ខុ ឡាន់ សុមនោ មាន​ថេរ​ដីកា​ថា ព្រះអង្គ​គាំទ្រ​ភាព​យុត្តិធម៌ និង​ភាព​ស្រប​ច្បាប់​តែប៉ុណ្ណោះ ហើយ​ការ​អះអាង​ទាំងអស់​របស់​សាលាគណ​ខេត្ត​កំពង់ធំ គឺជា​រឿង​បំផ្លើស ខ្វះ​សច្ចធម៌ ខ្វះ​គុណធម៌ មិន​ប្រកប​ដោយ​ហេតុផល​នោះ​ឡើយ។

ព្រះ​ភិក្ខុ សំរិត ណាំង ត្រូវ​បាន​តែងតាំង​ជា​ព្រះ​គ្រូ​អនុគណស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ កាលពី​ចុង​ខែ​សីហា ឆ្នាំ​២០២០ ដោយ​សម្តេច​សង្ឃរាជ ទេព វង្ស និង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន។

សារព័ត៌មាន The Cambodia Daily នៅ​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​ព្រះ​មេគណ​ខេត្ត​កំពង់ធំ ភិក្ខុ សៀង សុខ បាន​នៅឡើយ​ទេ​រហូត​មក​ទល់​នឹង​ម៉ោង​ផ្សាយ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស