35.2 C
Phnom Penh

លោក ហ៊ុន សែន ប្រកាស​ដង្ហែ​អង្គ​កឋិនទាន​ទៅ​កាន់​ទឹកដី​កម្ពុជា​ក្រោម​នៅ​ដើម​ខែ​វិច្ឆិកា​ខាង​មុខ​នេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន គ្រោង​ដង្ហែ​អង្គ​កឋិនទាន​ទៅ​កាន់​ទឹកដី​កម្ពុជា​ក្រោម​នៅ​ថ្ងៃទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ខាងមុខ ដោយ​ដាក់​ឈ្មោះ​ថា អង្គ​កឋិនទាន «មហា​សាមគ្គី​គ្រួសារ​ខ្មែរ» ដែល​ពលរដ្ឋ​ខ្មែរ​នៅ​គ្រប់​ទីកន្លែង គ្រប់​គណបក្ស​នយោបាយ គ្រប់​និន្នាការ​នយោបាយ អាច​ចូលរួម​បាន​ទាំងអស់​គ្នា ពីព្រោះ​ខ្មែរ​លើ ខ្មែរ​កណ្តាល ខ្មែរក្រោម គឺជា​ខ្មែរ​តែ​មួយ។

លោក ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៧ តុលា នេះ​ថា អ្នកស្រី ប៊ុន រ៉ានី ដែល​ជា​ភរិយា​របស់​លោក បាន​គិតគូរ​ពី​ការ​ដង្ហែ​អង្គ​កឋិនទាន​ទៅ​កាន់​ទឹកដី​កម្ពុជា​ក្រោម​ជាច្រើន​ឆ្នាំ​ណាស់​មក​ហើយ បន្ទាប់ពី​លោក​បាន​ដង្ហែ​អង្គ​កឋិនទាន​ទៅ​កាន់​វត្ត​អារាម​ជាច្រើន​ក្នុង​ទឹកដី​ខ្មែរ​កណ្តាល​នា​ពេល​កន្លង​មក។

លោក​បន្ត​ថា ជា​អកុសល ឪពុក​របស់​លោក គឺ​ឧបាសក ហ៊ុន នាង បាន​ទទួល​មរណភាព​នៅ​ឆ្នាំ​២០១៣ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​គ្រួសារ​របស់​លោក​សម្រេច​ផ្អាក​ធ្វើ​បុណ្យ​កឋិន​រយៈពេល ៥​ឆ្នាំ ប៉ុន្តែ​ក្រោយ​មក​ទៀត ម្តាយក្មេក​របស់​លោក គឺ​ឧបាសិកា ប៊ុន ស៊ាងលី ក៏​បាន​ទទួល​មរណភាព​នៅ​ឆ្នាំ​២០២០ ទៀត ទើប​គ្រួសារ​របស់​លោក​សម្រេច​ផ្អាក​ធ្វើ​បុណ្យ​កឋិនទាន​បន្ត​ទៀត​រហូត​មក​ទល់​ពេលនេះ។

លោក ហ៊ុន សែន លើកឡើង​ថា ចាប់តាំងពី​ឆ្នាំ​២០១២ មក គឺ​អស់​រយៈពេល ១២​ឆ្នាំ​ហើយ ទើប​លោក​អាច​សម្រេច​ក្តី​សុបិន​ដង្ហែ​អង្គ​កឋិនទាន​ទៅ​កាន់​ទឹកដី​កម្ពុជា​ក្រោម​នៅ​ថ្ងៃទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ខាងមុខ​នេះ ដែល​មាន​ការ​ចូលរួម​ពី​គណបក្ស​ប្រជាជន​កម្ពុជា ពី​រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ស្ថាប័ន​ព្រះសង្ឃ​ទាំង​ពីរ​គណៈ និង​ស្ថាប័ន​ជាតិ​ផ្សេង​ទៀត​ផង​ដែរ។

អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា ការ​រៀបចំ​ពិធី​អង្គ​កឋិនទាន​នេះ នឹង​ធ្វើ​នៅ​វិមាន​៧​មករា ដែល​ជា​ទីស្នាក់ការ​របស់​គណបក្ស​ប្រជាជន​កម្ពុជា នា​ថ្ងៃទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ដែល​មាន​រូបលោក និង​ភរិយា​របស់​លោក ចូលរួម​ដោយ​ផ្ទាល់ ក្រោម​ការ​រៀបចំ​របស់​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អ្នកស្រី ម៉ែន សំអន។

លោក ហ៊ុន សែន បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់​វណ្ណៈ​អាច​ទៅ​លេង​បុណ្យ​កឋិនទាន​នេះ​បាន​ដោយ​បំពេញ​បែបបទ​ឆ្លង​ប្រទេស ព្រោះ​អង្គ​កឋិនទាន​នេះ​គឺជា​បុណ្យ​កឋិន​ឆ្លង​ប្រទេស។

ការ​រៀបចំ​អង្គ​កឋិនទាន​ពី​គ្រួសារ​លោក ហ៊ុន សែន ទៅ​កាន់​ទឹកដី​កម្ពុជា​ក្រោម​នា​ពេលនេះ គឺជា​លើក​ទី​១ ហើយ ចាប់តាំងពី​គ្រួសារ​មួយ​នេះ​ដឹកនាំ​ប្រទេស​កម្ពុជា​តាំងពី​អំឡុង​ទសវត្សរ៍​១៩៨០ មក​ម្ល៉េះ។

ចាប់តាំងពី​លោក ហ៊ុន សែន ត្រូវ​បាន​កងទ័ព​វៀតណាម​លើក​បន្តុប​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​កាលពី​ឆ្នាំ​១៩៨៥ មក នេះ​គឺជា​លើក​ទី​មួយ​ហើយ​ដែល​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន ដង្ហែ​អង្គ​កឋិនទាន​ទៅ​កាន់​ទឹកដី​កម្ពុជា​ក្រោម ខណៈ​រយៈពេល​ជាង ៤០​ឆ្នាំ​កន្លង​មក​នេះ គេ​មិន​ដែល​ឃើញ​លោក ហ៊ុន សែន យកចិត្ត​ទុកដាក់​ពី​សិទ្ធិ​សេរីភាព និង​ការ​រស់នៅ​របស់​ពលរដ្ឋ​ខ្មែរក្រោម​ដែល​រង​នូវ​ការ​គាបសង្កត់​ពី​រដ្ឋាភិបាល​វៀតណាម​ម្តង​ណា​ឡើយ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២៣ ព្រះ​ភិក្ខុ​ព្រះនាម ជួន កក្កដា ដែល​ជា​ធម្មធិក​ដ៏​ល្បីល្បាញ​មួយ​អង្គ​នៅ​ប្រទេស​កម្ពុជា បាន​និមន្ត​ទៅ​សម្ដែង​ព្រះធម៌​នៅ​វត្ត​ពោធិវង្ស ក្នុង​ខេត្ត​មាត់ជ្រូក ទឹកដី​កម្ពុជា​ក្រោម និង​មាន​បំណង​ទៅ​សួរ​សុខទុក្ខ​ពលរដ្ឋ​ខ្មែរក្រោម​ផង​នោះ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ហាមឃាត់ និង​រារាំង​ព្រះអង្គ​មិន​ឱ្យ​ជួប​សួរ​សុខទុក្ខ​ពលរដ្ឋ​ខ្មែរក្រោម​ដាច់ខាត។

ជុំវិញ​បញ្ហា​នេះ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ប្រាក់ សេរីវុឌ្ឍ ធ្លាប់​បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ខ្មែរក្រោម​កំពុង​រង​នូវ​ការ​គាបសង្កត់​ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម​យ៉ាង​ធ្ងន់ធ្ងរ ជាពិសេស​គឺ​ការ​គាបសង្កត់​សិទ្ធិ​សេរីភាព​ផ្នែក​សាសនា​តែម្តង។

លោក​បញ្ជាក់​ថា ប្រពៃណី​សាសនា​របស់​ពលរដ្ឋ​ខ្មែរក្រោម​សព្វថ្ងៃ មាន​ការ​រឹត​បន្តឹង​ពី​អាជ្ញាធរ​វៀតណាម​កាន់តែ​ខ្លាំង ក្នុង​នោះ ត្រា​ប្រចាំ​វត្ត​អារាម​នីមួយៗ​ត្រូវ​បាន​រដ្ឋាភិបាល​វៀតណាម ឆ្លាក់​អក្សរ​វៀតណាម​ទាំងអស់ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ធ្ងន់ធ្ងរ​ពី​ការ​បាត់បង់​ប្រពៃណី​សាសនា​របស់​ពលរដ្ឋ​ខ្មែរក្រោម​ទៅ​ថ្ងៃ​មុខ៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស