តុលាការក្រុងភ្នំពេញ សម្រេចឃុំខ្លួនកញ្ញា ឈឹម ស៊ីថរ និងលោក សុខ ណារិទ្ធិ នៅពន្ធនាគារព្រៃសជាបណ្ដោះអាសន្ន ខណៈលោក សុខ គង្គា ត្រូវបានដាក់ឱ្យនៅក្រោមការត្រួតពិនិត្យរបស់តុលាការ ដោយសារតែពួកគេធ្វើកូដកម្មដោយអហិង្សាដើម្បីទាមទារឱ្យក្រុមហ៊ុន ណាហ្គាវើលដ៍ ដោះស្រាយវិវាទការងារជូនបុគ្គលិកកម្មករ។
សមត្ថកិច្ចរាជធានីភ្នំពេញ បានចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ និងសហការី ២នាក់ទៀតនៅល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ដោយចោទប្រកាន់ថាបានញុះញង់ និងរៀបចំការតវ៉ានៅមុខក្រុមហ៊ុន ណាហ្គាវើលដ៍។
ក្រោយពីសាកសួរកាលពីថ្ងៃទី៤ និងថ្ងៃទី៥ មករា នេះ តុលាការក្រុងភ្នំពេញបានសម្រេចឃុំខ្លួនកញ្ញា ឈឹម ស៊ីថរ និងលោក សុខ ណារិទ្ធិ នៅពន្ធនាគារ ខណៈលោក សុខ គង្គា ត្រូវបានដោះលែងវិញដោយដាក់ឱ្យនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។
ការចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ និងសហការីនេះ ធ្វើឡើងបន្ទាប់ពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង និយាយក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ថា ការធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារពីក្រុមហ៊ុន ណាហ្គាវើលដ៍ អស់រយៈពេលជាង ១០ថ្ងៃនោះ ដោយសារមេដឹកនាំសហជីពចំនួន ៣នាក់ជាអ្នកដឹកនាំញុះញង់ប៉ុណ្ណោះ។
មេដឹកនាំសហជីពទាំង ៣នាក់ដែលលោក សេង ហៀង និយាយនោះ គឺកញ្ញា ឈឹម ស៊ីថរ លោក សុខ ណារិទ្ធិ និងលោក សុខ គង្គា។ លើសពីនេះ លោក សេង ហៀង ក៏បានអំពាវនាវទៅបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ឈប់ធ្វើបាតុកម្ម និងនាំគ្នាទៅជួបចរចាគ្នាជាមួយក្រសួងការងារ ដើម្បីរកដំណោះស្រាយរវាងកម្មករ និងភាគីក្រុមហ៊ុន ណាហ្គាវើលដ៍ ផងដែរ។

ទោះបីជាសមត្ថកិច្ចបានចាប់មេដឹកនាំ និងសមាជិកសហជីពយ៉ាងណាក៏ដោយ ក៏ការធ្វើកូដកម្មរបស់បុគ្គលិកណាហ្គា ជាង ១ពាន់នាក់នៅមុខក្រុមហ៊ុន ណាហ្គាវើលដ៍ នៅតែបន្តដដែល។
បើតាមក្រុមបុគ្គលិកដែលបន្តធ្វើកូដកម្មនៅថ្ងៃទី៥ មករា នេះ លើកឡើងថា ទោះបីជាសមត្ថកិច្ចចាប់ខ្លួនថ្នាក់ដឹកនាំ និងសមាជិកសហជីពក៏ដោយ ក៏ពួកគាត់នៅតែបន្តធ្វើកូដកម្មដែរ ដោយសារការតវ៉ារបស់ពួកគាត់នៅមុខក្រុមហ៊ុនកន្លងមក ធ្វើឡើងចេញពីចិត្ត និងទាមទារផលប្រយោជន៍រួមរបស់កម្មករ គ្មានអ្នកណាដឹកនាំដូចការចោទប្រកាន់របស់អាជ្ញាធរ និងតុលាការឡើយ។ ពួកគេបង្ហាញការសោកស្ដាយចំពោះអាជ្ញាធរ និងតុលាការដែលមិនបានជួយរកយុត្តិធម៌ឱ្យពួកគាត់ តែបែរជាមកចាប់ខ្លួន និងចោទប្រកាន់លើថ្នាក់ដឹកនាំ និងសមាជិកសហជីពដែលគ្រាន់តែសម្ដែងមតិទាមទារឱ្យមានដំណោះស្រាយវិវាទការងារជូនបុគ្គលិកប៉ុណ្ណោះ។
អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សរបស់អង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី៥ មករា នេះថា ដើម្បីយុត្តិធម៌ និងការពារសិទ្ធិការងាររបស់បុគ្គលិករាប់ពាន់នាក់ កញ្ញា ឈឹម ស៊ីថរ បានលះបង់កម្លាំងកាយចិត្ត និងសេចក្តីសុខផ្ទាល់ខ្លួន ដើម្បីតតាំងទៅនឹងការរំលោភបំពានរបស់ក្រុមហ៊ុន ណាហ្គាវើលដ៍។
លោក ឃុន ថារ៉ូ បញ្ជាក់ថា ក្នុងនាមជាអ្នកការពារសិទ្ធិមនុស្ស និងសិទ្ធិការងារ លោកមិនអាចឱបដៃឈរមើលភាពអយុត្តិធម៌សង្គមដែលបង្កទ្បើងដោយអ្នកមានអំណាច និងថៅកែបរទេសមករំលោភធ្វើស្រែលើខ្នងបុគ្គលិកនិយោជិតខ្មែរនោះឡើយ។
គិតត្រឹមថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ នេះ ថ្នាក់ដឹកនាំ និងសមាជិកសហជីព ៨នាក់ ត្រូវបានតុលាការក្រុងភ្នំពេញឃុំខ្លួននៅពន្ធនាគារ ដោយសារតែពួកគេ និងបុគ្គលិកជាង ១ពាន់នាក់ទៀតបាននាំគ្នាបន្តធ្វើកូដកម្មអហិង្សានៅមុខក្រុមហ៊ុន ណាហ្គាវើលដ៍ ដើម្បីទាមទារឱ្យក្រុមហ៊ុនដោះស្រាយលក្ខខណ្ឌការងារចំនួន ៩ចំណុច និងទទួលយកបុគ្គលិក ៣៦៥នាក់ចូលធ្វើការវិញ។
កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ សង្គមស៊ីវិល សហជីព និងសមាគមចំនួន ១១៩ស្ថាប័ន បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយដោយទាមទារឱ្យអាជ្ញាធរកម្ពុជា ត្រូវដោះលែងថ្នាក់ដឹកនាំ និងសមាជិកសហជីពណាហ្គាដែលត្រូវបានចាប់ខ្លួន និងចោទប្រកាន់ជាបន្ទាន់ និងឥតលក្ខខណ្ឌ។ លើសពីនេះ អាជ្ញាធរត្រូវតែបញ្ឈប់ការបំភិតបំភ័យ និងគំរាមកំហែងថ្នាក់ដឹកនាំ និងសមាជិកសហជីព ដោយបញ្ឈប់ការប្រើប្រាស់ការចោទប្រកាន់តាមផ្លូវតុលាការ ឬការបន្ទរសារបំភិតបំភ័យតាមរយៈសារព័ត៌មានដែលគាំទ្ររដ្ឋាភិបាលនោះ។
សេចក្ដីថ្លែងការណ៍ដដែលបានបង្ហាញការគាំទ្រចំពោះការធ្វើកូដកម្មដោយសន្តិវិធីរបស់បុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ជាង ១ពាន់នាក់ ដោយលើកឡើងថា ការធ្វើកូដកម្មអហិង្សាជាការអនុវត្តសិទ្ធិជាមូលដ្ឋានដែលបានធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់ការងារច្បាប់ស្ដីពីសហជីព និងផ្អែកតាមលក្ខន្តិកៈរបស់សហជីពដែលចុះបញ្ជីនៅក្រសួងការងារផងដែរ។
ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា អាជ្ញាធរកម្ពុជាកំពុងព្យាយាមជួយបង្វែរសាច់រឿងពីការរំលោភបំពានលើសិទ្ធិការងាររបស់កម្មករនិយោជិត ទៅជារឿងខុសច្បាប់ដោយការលាបពណ៌ថា ពួកគេកំពុងញុះញង់ឱ្យមានចលនាខុសច្បាប់។ ប៉ុន្តែអាជ្ញាធរមិនបានបង្ហាញថា ក្រុមហ៊ុន ណាហ្គាវើលដ៍ កំពុងរំលោភបំពានលើសិទ្ធិការងាររបស់កម្មករដោយខុសច្បាប់ការងារកម្រិតណានោះទេ។ បញ្ហានេះ ត្រូវគេមើលឃើញថា សកម្មភាពអាជ្ញាធរកំពុងបម្រើផលប្រយោជន៍ក្រុមហ៊ុន ជាជាងអនុវត្តការងារក្នុងនាមជាអាជ្ញាកណ្ដាលទៅវិញ៕