28 C
Phnom Penh

បុគ្គលិក​ណាហ្គា​បន្ត​ធ្វើ​កូដកម្ម​ដោយ​មិន​ចូល​ចរចា បើ​អាជ្ញាធរ​មិន​ដោះលែង​តំណាង​ពួកគេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា​វើលដ៍ (Naga World) បាន​ប្រកាស​ជំហរ​ថា ពួកគេ​មិនព្រម​ចូល​ចរចា​ជាមួយ​ក្រសួង និង​ក្រុមហ៊ុន​ឡើយ បើ​សិន​អាជ្ញាធរ និង​ក្រុមហ៊ុន​មិនព្រម​ដោះលែង​តំណាង​ពួកគេ​ទាំង ៨​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដោយសារ​ចូលរួម​ធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ​នោះ។

ការ​ប្រកាស​ជំហរ​នេះ ធ្វើឡើង​បន្ទាប់​ពី​ក្រសួង​ការងារ បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​កាលពី​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០២២ ដោយ​ហៅ​បុគ្គលិក ណាហ្គា​វើលដ៍ ដែល​កំពុង​ធ្វើ​កូដកម្ម​ឱ្យ​ចូលរួម​ប្រជុំ​នា​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០២២ នៅ​អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ដើម្បី​ពិនិត្យ​ផ្ទៀងផ្ទាត់​ឡើងវិញ​នូវ​ការ​ទូទាត់​ប្រាក់បំណាច់​បញ្ចប់​កិច្ចសន្យា​ការងារ ហើយ​ឈាន​ទៅ​បញ្ចប់​ករណី​វិវាទ​ការងារ។ ក្រៅពី​ចេញ​សេចក្ដី​ប្រកាស​ហើយ មន្ត្រី​ក្រសួង​ការងារ​បាន​យក​លិខិត​នោះ​ទៅ​អាន​នៅ​ចំពោះ​កូដករ​ដែល​កំពុង​បន្ត​ធ្វើ​កូដកម្ម​នៅ​ថ្ងៃ​សុក្រ នេះ។

អំឡុង​ពេល​ធ្វើ​កូដកម្ម ក្រុម​បុគ្គលិក ណាហ្គា​វើលដ៍ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ពួកគាត់​នឹង​មិន​ចូល​តុ​ចរចា​ដាច់ខាត ដរាប​ណា​មិន​មាន​តំណាង​ទាំង ៨​នាក់​នោះ។ ក្រុម​កូដករ​បន្ត​ថា បើសិនជា​ក្រសួង​ចង់​ឱ្យ​ពួកគាត់​ឈប់​តវ៉ា និង​ចូល​ចរចា​នោះ ត្រូវតែ​ដោះលែង​តំណាង​ទាំង ៨​នាក់​នោះ​ឲ្យ​មាន​សេរីភាព​វិញ បើ​មិន​ដូច្នោះ​ទេ ពួកគាត់​នៅតែ​បន្ត​ធ្វើ​កូដកម្ម​ដដែល។

ក្រុម​កូដករ​បញ្ជាក់​ថា មូលហេតុ​ដែល​ទាមទារ​ដោះលែង​តំណាង​ទាំង ៨​នាក់​មក​វិញ ដោយសារ​កន្លងមក តំណាង​ពួកគាត់​ទាំង ៨​នាក់​នេះ​ហើយ​ដែល​ហ៊ាន​ចេញ​មុខ​តវ៉ា និង​ការពារ​សិទ្ធិ​សេរីភាព​របស់​ពួកគាត់ ហើយ​ត្រូវ​បាន​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ រំលោភ​បំពាន និង​គាបសង្កត់​អំឡុង​ពេល​ធ្វើ​ការងារ។

ជាមួយ​គ្នា​នោះ​ដែរ ក្រុម​សហជីព​ដែល​មក​ពី​វិស័យ​ផ្សេង​បាន​នាំគ្នា​ទៅ​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​កន្លែង​បុគ្គលិក​ណាហ្គា​កំពុង​បន្ត​ធ្វើ​កូដកម្ម។ ក្នុង​សន្និសីទ​សារព័ត៌មាន ក្រុម​សហជីព​ទាំងនោះ​បាន​លើកឡើង​ថា ពួកគេ​នឹង​ចូលរួម​គាំទ្រ​គ្រប់​សកម្មភាព​របស់​បុគ្គលិក​ណាហ្គា ដែល​កំពុង​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី។

ក្រុម​សហជីព​បន្ត​ទៀត​ថា ការ​គាំទ្រ និង​ជំរុញ​នេះ មិនមែន​ជា​ទង្វើ​ខុស​នឹង​ច្បាប់​ដូច​ការ​ចោទប្រកាន់​របស់​អាជ្ញាធរ​ឡើយ។ ផ្ទុយទៅវិញ អ្នក​ដែល​ធ្វើ​ខុស​ច្បាប់ និង​កំពុង​រំលោភ​បំពាន​ច្បាប់​នោះ គឺ​ក្រុមហ៊ុន និង​អាជ្ញាធរ​ទៅវិញ​ទេ ដែល​ចាប់​សហជីព​តវ៉ា​ដោយ​សន្តិវិធី និង​ធានា​ដោយ​ច្បាប់​ជាតិ និង​អន្តរជាតិ​នោះ។ លើស​ពី​នេះ ក្រុម​សហជីព​ទាំងនោះ​ហៅ​ការ​ចាប់​ខ្លួន​ថ្នាក់​ដឹកនាំ និង​សហជីព​នៅ​ណាហ្គា ទាំង ៨​នាក់ ថា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សហជីព និង​កម្មករ​និយោជិត​ផ្សេង​ទៀត ហើយ​វិធានការ និង​ទង្វើ​បែប​នេះ​បាន​ជំរុញ​ឱ្យ​ថៅកែ​រំលោភ​សិទ្ធិ​កម្មករ និង​សហជីព​បន្ថែម​ទៀត។

ករណី​នេះ ពួកគេ​ទាមទារ​ឱ្យ​អាជ្ញាធរ និង​ក្រុមហ៊ុន​ដោះលែង​ថ្នាក់​ដឹកនាំ និង​សមាជិក​សហជីព​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ទាំង ៨​នាក់​វិញ និង​ដោះស្រាយ​វិវាទ​ការងារ​ជូន​បុគ្គលិក​ណាហ្គា​ទៅ​តាម​ច្បាប់។

យ៉ាងណាក៏ដោយ កាល​ពី​ថ្ងៃ​ទី​៦ មករា ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ប្រចាំ​នៅ​កម្ពុជា បាន​សរសេរ​លើ​ទំព័រ Facebook ថា សហភាព​អឺរ៉ុប កំពុង​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​ចំពោះ​ការ​ចាប់​ខ្លួន​ថ្នាក់​ដឹកនាំ និង​សមាជិក​សហជីព​ណាហ្គា​វើលដ៍​ជាបន្តបន្ទាប់។ លើស​ពី​នេះ សហភាព​អឺរ៉ុប ដែល​មាន​សមាជិក​ចំនួន ២៥​ប្រទេស​នោះ ក៏​បាន​អំពាវនាវ​ឱ្យ​ភាគី​ពាក់ព័ន្ធ​នៅ​ក្នុង​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា​វើលដ៍ ចរចា​គ្នា និង​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី។

កាលពី​ខែ​សីហា ឆ្នាំ​២០២០ សហភាព​អឺរ៉ុប បាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ហៅ​កាត់ EBA ចំនួន ២០% ពី​កម្ពុជា ក្រោយ​ពី​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​អនុវត្ត​តាម​ការ​អំពាវនាវ​របស់​ខ្លួន ដោយ​ឱ្យ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ឡើងវិញ។

ក្រៅពី​ការ​អំពាវនាវ​របស់​សហភាព​អឺរ៉ុប នោះ ស្ថានទូត​សហរដ្ឋ​អាមេរិក កាណាដា និង​ស្ថានទូត​អូស្ត្រាលី ប្រចាំ​នៅ​ប្រទេស​កម្ពុជា ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ខ្លី​រៀងៗ​ខ្លួន ដោយ​អំពាវនាវ​ឱ្យ​ភាគី​ពាក់ព័ន្ធ​នឹង​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា​វើលដ៍ ចរចា​គ្នា និង​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី។ ស្ថានទូត​ទាំងនេះ​ក៏​បាន​លើកឡើង​ដែរ​ថា ពួកគេ​កំពុង​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​ក្រោយ​ពី​មាន​ការ​ចាប់​ខ្លួន​ថ្នាក់​ដឹកនាំ និង​សមាជិក​សហជីព​ណាហ្គា ខណៈ​ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ដែរ ដោយ​ថ្កោលទោស​ចំពោះ​ការ​ចាប់​ខ្លួន និង​ការ​ឃុំ​ខ្លួន​ថ្នាក់​ដឹកនាំ​សហជីព​ណាហ្គា​វើលដ៍​ជាបន្តបន្ទាប់ ដែល​ជា​ការ​រំលោភ​បំពាន​ច្បាប់​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។

ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​អន្តរជាតិ​ទាំងនោះ ក៏​បាន​ស្នើ​ឱ្យ​ទម្លាក់​ចោល​ការ​ចោទប្រកាន់​លើ​ថ្នាក់​ដឹកនាំ និង​សកម្មជន​សហជីព​ជាបន្ទាន់។

គិត​ចាប់តាំង​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២១ ដល់​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០២២ នេះ មាន​រយៈពេល ២១​ថ្ងៃ​ហើយ​ដែល​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ មិនទាន់​ត្រូវ​បាន​ដោះស្រាយ។ ការ​មិន​ដោះស្រាយ​នេះ បាន​ធ្វើ​ឱ្យ​អាជ្ញាធរ​ចាប់​ខ្លួន​ថ្នាក់​ដឹកនាំ និង​សកម្មជន​សហជីព​ចំនួន ២៦​នាក់​អំឡុង​ពេល​ពួកគេ​បន្ត​ធ្វើ​កូដកម្ម​អហិង្សា ទាមទារ​លក្ខខណ្ឌ​ការងារ​ជូន​បុគ្គលិក ប៉ុន្តែ​ក្រោយ​មក អាជ្ញាធរ​បាន​ដោះលែង​វិញ​ចំនួន ១៨​នាក់ ខណៈ​ថ្នាក់​ដឹកនាំ​សហជីព ៨​នាក់​ទៀត​ក្នុង​នោះ​មាន​កញ្ញា ឈឹម ស៊ីថរ ដែរ​នោះ ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស ក្រោម​ការ​ចោទប្រកាន់​ពី​បទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍» ពាក់ព័ន្ធ​នឹង​ការ​បន្ត​ចូលរួម​ធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ​ចំនួន ៩​ចំណុច និង​ឱ្យ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ទទួល​យក​បុគ្គលិក ៣៦៥​នាក់​ចូល​ធ្វើ​ការងារ​វិញ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស