32 C
Phnom Penh

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​នៅ UN ថា​កូដកម្ម​របស់​បុគ្គលិក​ណាហ្គា​មិន​ស្រប​ច្បាប់

បទវិភាគ

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​អង្គការ​សហប្រជាជាតិ ចោទ​ថា បាតុកម្ម​ខុស​ច្បាប់​របស់​ក្រុម​សហជីព​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ មិនមែន​ជា​ការ​អនុវត្ត​សេរីភាព​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី​ដែល​ស្រប​ច្បាប់​នោះ​ឡើយ ប៉ុន្តែ​ជា​ចេតនា​រំខាន​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​សង្គម និង​ធ្វើ​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ទៅវិញ។

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​អង្គការ​សហប្រជាជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០២២ នេះ​ថា ការ​ចោទប្រកាន់​របស់​អាជ្ញាធរ​កម្ពុជា បាន​ធ្វើឡើង​ដោយ​ផ្អែក​លើ​មូលដ្ឋាន​ភស្តុតាង​រឹងមាំ​គ្រប់គ្រាន់ ដោយ​យោង​តាម​មាត្រា​នៃ​ក្រមព្រហ្មទណ្ឌ​៤៩៤ និង ៤៩៥។

ចំពោះ​ប្រភព​ដែល​បាន​រិះគន់​ការ​អនុវត្ត​ច្បាប់​របស់​កម្ពុជា ថា​ជា​ការ​គាបសង្កត់​សិទ្ធិ​សេរីភាព​នោះ គឺជា​ការ​ប្រមាថ​ចំពោះ​នីតិរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ​ដែល​ត្រូវ​ធានា​ដោយ​រដ្ឋធម្មនុញ្ញ។ ប្រភព​ដដែល​បន្ត​ថា ការ​អនុវត្ត​ច្បាប់ គឺជា​ការ​ចាំបាច់​ណាស់​សម្រាប់​កម្ពុជា ដើម្បី​ការពារ​ផលប្រយោជន៍​ពលរដ្ឋ​ដែល​គោរព​ច្បាប់ និង​រារាំង​នូវ​របៀបវារៈ​លាក់​ពុត​របស់​បាតុករ​ដែល​ជ្រក​ក្រោម​ស្លាក​បាតុកម្ម​ដោយ​សន្តិវិធី​ផង​ដែរ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​សមត្ថកិច្ច​បាន​ចាប់​ខ្លួន និង​ចោទប្រកាន់​ក្រុម​សហជីព​របស់​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ថា​បាន​បង្ក​ចលនា​ខុសច្បាប់​នាំ​ឱ្យ​មាន​ភាព​វឹកវរ​ក្នុង​សង្គម ដែល​នឹង​ត្រូវ​ចាត់​វិធានការ​បង្ក្រាប​ជាបន្ទាន់​នៅ​ពេលនេះ។

នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៧ មករា នេះ​ថា ការ​អះអាង​របស់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា គ្រាន់តែ​ជា​ការ​ទទួល​បញ្ជា​ពី​មន្ត្រី​ថ្នាក់លើ​របស់​ខ្លួន​ឱ្យ​ជួយ​និយាយ​បិទបាំង​ទង្វើ​រំលោភ​សិទ្ធិមនុស្ស​របស់​ពួកគេ​ប៉ុណ្ណោះ មិនមែន​ជា​ការ​លើកឡើង​ប្រកប​ដោយ​វិជ្ជាជីវៈ​ស្រប​តាម​ច្បាប់​ដែល​មាន​ចែង​ពី​សិទ្ធិ​ពលរដ្ឋ​ក្នុង​រដ្ឋធម្មនុញ្ញ​នោះ​ឡើយ។

លោក មឿន តុលា អះអាង​ថា ដើម្បី​ដោះស្រាយ​វិវាទ​ដោយ​យុត្តិធម៌ រដ្ឋាភិបាល​កម្ពុជា ជាពិសេស​ក្រសួង​ការងារ ត្រូវតែ​ពិនិត្យ​មើល​ការ​ស្នើសុំ​របស់​បុគ្គលិក​ទាំង ៩​ចំណុច ក្នុង​នោះ បុគ្គលិក​បាន​ស្នើ​ឱ្យ​ភាគី​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​លុប​ចោល​នូវ​លក្ខខណ្ឌ​ដែល​រំលោភ​លើ​ច្បាប់​ការងារ​មួយ​ចំនួន ដូចជា​មិន​អនុញ្ញាត​ឱ្យ​បុគ្គលិក​មាន​ផ្ទៃពោះ​បម្រើ​ការងារ​ក្នុង​រយៈពេល ៣​ឆ្នាំ​ដំបូង​មុន​ក្លាយ​ជា​បុគ្គលិក​ពេញ​សិទ្ធិ ជាដើម។ លោក​បន្ត​ថា លក្ខខណ្ឌ​របស់​ក្រុមហ៊ុន​បែប​នេះ គឺជា​ការ​រំលោភ​លើ​សិទ្ធិ​ការងារ​របស់​កម្មករ​និយោជិត​ទាំងស្រុង។

នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​រូប​នេះ បញ្ជាក់​ថា ដើម្បី​អាច​ចរចា​បញ្ចប់​វិវាទ​នេះ​បាន លុះត្រាតែ​អាជ្ញាធរ​ដោះលែង​តំណាង​កម្មករ​និយោជិត​ដែល​ជា​ប្រធាន​សហជីព​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​ជា​មុន​សិន បន្ទាប់​មក​ទើប​អាច​បើក​ការ​ចរចា​ដើម្បី​បញ្ចប់​វិវាទ​នេះ​បាន។

លោក​ថា ប្រសិន​ក្រុមហ៊ុន និង​ក្រសួង​ការងារ​បង្ខំ​ឱ្យ​កម្មករ​និយោជិត​ចូល​ចរចា​ក្នុង​ស្ថានភាព​ដែល​ប្រធាន​សហជីព​ជា​តំណាង​របស់​ពួកគេ​ត្រូវ​បាន​សមត្ថកិច្ច​ឃុំ​ខ្លួន​នោះ គឺជា​ទង្វើ​អយុត្តិធម៌​ខ្លាំង​ណាស់​សម្រាប់​កម្មករ​និយោជិត​ទាំងនោះ។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០២២ ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ រួម​មាន​លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នកស្រី អាយរីន ខាន់ (Irene Khan) អ្នកស្រី ម៉ារី ឡល័រ (Mary Lawlor) និង​អ្នកជំនាញ​ជាច្រើន​រូប​ទៀត បាន​ថ្កោលទោស​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​ទង្វើ​អាជ្ញាធរ​កម្ពុជា ដែល​បាន​បំបែក​កូដកម្ម និង​ចាប់​ខ្លួន​មេដឹកនាំ​សហជីព​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) ដាក់​ពន្ធនាគារ​ជាបន្តបន្ទាប់​នៅ​ពេលនេះ។ ពួកគេ​និយាយ​ថា សកម្មភាព​របស់​សមត្ថកិច្ច​កម្ពុជា​ទាំងនេះ បាន​អនុវត្ត​ផ្ទុយពី​រដ្ឋធម្មនុញ្ញ​ដែល​បាន​ចែង​ច្បាស់​អំពី​សិទ្ធិ​ធ្វើ​កូដកម្ម និង​សិទ្ធិ​សេរីភាព​ក្នុង​ការ​បង្កើត​សមាគម ការ​បញ្ចេញមតិ ការ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី ព្រមទាំង​ផ្ទុយពី​មាត្រា​៣១៩ នៃ​ច្បាប់​ស្ដីពី​ការងារ​កម្ពុជា ដែល​បាន​ធានា​នូវ​សិទ្ធិ​ធ្វើ​កូដកម្ម​ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ របាយការណ៍​ស្ដីពី​នីតិរដ្ឋ​ឆ្នាំ​២០២១ នៃ​គម្រោង​យុត្តិធម៌​ពិភពលោក The World Justice Project ក៏​បាន​រក​ឃើញ​ថា កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១៣៨ ក្នុង​ចំណោម​ប្រទេស​១៣៩ ដោយសារតែ​ការ​ដឹកនាំ​គ្មាន​តម្លាភាព ការ​គំរាមកំហែង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ការ​មិន​ធានា​បាន​នូវ​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន​តាម​ផ្លូវ​តុលាការ ជាដើម៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស