34 C
Phnom Penh

អ្នក​ឃ្លាំមើល៖ អាស៊ាន​ពេលនេះ​កំពុង​រហែក​ជា​ពីរ​គឺ​មួយ​ទៅ​អាមេរិក ហើយ​មួយ​ទៀត​ងាក​ទៅ​ចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​សង្កេតការណ៍​សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ក្រោយពី​ជំនួប​រវាង​លោក ហ៊ុន សែន និង​មេ​យោធា​ផ្ដាច់ការ​ភូមា លោក មីន អ៊ុងឡាំង ថា​បាន​ធ្វើ​ឱ្យ​អាស៊ាន​រំកិល​ខ្លួន​ឈាន​ទៅ​រក​ការ​បែកបាក់ ព្រោះ​ខ្លឹមសារ​ស៊ីជម្រៅ​ដែល​គេ​មើល​ឃើញ​នៅ​ពេលនេះ គឺ​មួយ​ផ្នែក​ងាក​ទៅ​ប្រទេស​លោកសេរី និង​មួយ​ផ្នែក​ទៀត​ងាក​ទៅ​រក​មហាអំណាច​កុម្មុយនីស្ត​ចិន។

អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ទី​១២ មករា ថា ការ​បើក​ឆាក​របស់​កម្ពុជា​ក្នុង​នាម​ប្រធាន​អាស៊ាន​ប្តូរ​វេន​ចេញ​មុខ​ទៅ​ដោះស្រាយ​វិបត្តិ​នៅ​ភូមា កាលពី​ពេល​កន្លងទៅ គឺជា​បរាជ័យ​នៃ​បេសកកម្ម​លើកដំបូង​របស់​ខ្លួន​ក្នុង​ឆ្នាំ​២០២២ នេះ និង​ទទួល​រង​នូវ​ភាព​អាម៉ាស់​យ៉ាង​ខ្លាំង។

ប្រភព​ដដែល​អះអាង​ថា បរាជ័យ​របស់​លោក ហ៊ុន សែន ដ៏​អាម៉ាស់​នោះ គឺ​ក្រោយពី​បញ្ចប់​ទស្សនកិច្ច​របស់​គាត់​ភ្លាម របប​សឹក​ភូមា​បាន​ផ្គើន​ភ្លាមៗ​ដោយ​ការ​បាញ់​ប្រហារ​លើ​ជនជាតិ​ភាគតិច​ការ៉ែន បើ​ទោះបីជា​មេ​យោធា​ផ្ដាច់ការ​ភូមា បាន​សន្យា​ជាមួយ​លោក ហ៊ុន សែន ថា​នឹង​រក្សា​នូវ​បទ​ឈប់​បាញ់​ក៏ដោយ។ លោក​បន្ត​ថា ជា​ទម្លាប់​របស់​មេដឹកនាំ​ផ្ដាច់ការ មិន​ដែល​គោរព​នូវ​កិច្ចសន្យា​របស់​ខ្លួន​នោះ​ទេ ហើយ​ពួកគេ​ធ្វើ​អ្វីៗ​ដើម្បី​តែ​ការ​រក្សា​អំណាច​ប៉ុណ្ណោះ។

លោក វ៉ន ចាន់ឡូត បារម្ភ​ថា ការ​ចែករំលែក​នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក ហ៊ុន សែន ទៅ​កាន់​មេដឹកនាំ​ផ្ដាច់ការ​ភូមា ប្រហែល​គ្រាន់តែ​ជា​ការ​ចែករំលែក​វិធី​គ្រប់គ្រង​អំណាច​ប៉ុណ្ណោះ ត្បិត​ក្រោយ​ការ​ចែករំលែក​នោះ មេ​យោធា​ផ្ដាច់ការ​ភូមា​បាន​បន្ថែម​ទោស​លើ​អ្នកស្រី អ៊ុងសាន ស៊ូជី ចំនួន ៤​ឆ្នាំ​បន្ថែម​ទៀត ដែល​ស្រដៀង​គ្នា​ទៅ​នឹង​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ដែល​ចោទប្រកាន់​មេដឹកនាំ​បក្ស​ប្រឆាំង និង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ជាង ៤​ឆ្នាំ​កន្លងទៅ​នោះ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​បញ្ចប់​ទស្សនកិច្ច​របស់​ខ្លួន​ដែល​ពោរពេញ​ទៅ​ដោយ​ការ​រិះគន់​ជុំ​ទិស​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ចំពោះ​ការ​ដោះស្រាយ​វិបត្តិ​ក្នុង​ប្រទេស​ភូមា នៅ​ពេលនេះ។

តំណាងរាស្ត្រ​អូស្ត្រាលី ដើមកំណើត​ខ្មែរ​ប្រចាំ​រដ្ឋ Victoria លោក តាក់ ម៉េងហ៊ាង បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​នេះ​ដែរ​ថា លោក​ពិតជា​រន្ធត់​ចិត្ត​ជា​ខ្លាំង​ដែល​ពលរដ្ឋ​ភូមា​ត្អូញត្អែរ​ថា តើ​ជា​កម្ម​អាក្រក់​របស់​ភូមា ឬ​យ៉ាង​ណា បាន​ជា​មាន​មេដឹកនាំ​ផ្ដាច់ការ​មួយ​រូប​ផ្សេង​ទៀត​ដែល​មាន​ប្រវត្តិ​ជា​មេដឹកនាំ​ដណ្តើម​អំណាច​ដោយ​អំពើ​រដ្ឋប្រហារ​ដែរ​នោះ ចូល​ទៅ​ដោះស្រាយ​វិបត្តិ​របស់​ភូមា​នៅ​ពេលនេះ។

លោក តាក់ ម៉េងហ៊ាង ចោទ​ជា​សំណួរ​ថា តើ​ពលរដ្ឋ​ភូមា​នឹង​ឃើញ​ពន្លឺ​នៃ​សន្តិភាព​ដោយ​របៀប​ណា ក្រោយ​ការ​ចូលរួម​ដោះស្រាយ​វិបត្តិ​របស់​មេដឹកនាំ​កម្ពុជា ស្រប​ពេល​ដែល​នៅ​កម្ពុជា​ក៏​កំពុង​រង​ការ​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ចាប់តាំង​ពី​លោក ហ៊ុន សែន កាន់កាប់​អំណាច​មក។ លោក​បន្ថែម​ថា ជាក់ស្តែង​សព្វថ្ងៃ​នេះ សូម្បីតែ​ជម្លោះ​កម្មករ​របស់​ក្រុមហ៊ុន ណាហ្គា​វើលដ៍ តូច​មួយ ក៏​លោក ហ៊ុន សែន មិន​អាច​ដោះស្រាយ​បាន​ផង​នោះ ខណៈ​សកម្មជន​បក្ស​ប្រឆាំង និង​សកម្មជន​សង្គម​ជាច្រើន​ទៀត កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌​ក្នុង​ពន្ធនាគារ។

យ៉ាងណាក៏ដោយ កាលពី​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០២២ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​អះអាង​ថា អង្គការ​សហព័ន្ធ​សន្តិភាព​សកល UPF បាន​អបអរ​សាទរ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​ប្រទេស​ភូមា ថា​ជា​ទស្សនកិច្ច​សន្តិភាព និង​ទទួល​បាន​នូវ​សមិទ្ធផល​ជោគជ័យ ដែល​បាន​ជំរុញ​ឱ្យ​មាន​បទ​ឈប់​បាញ់​រហូត​ដល់​ចុង​ឆ្នាំ​២០២២ និង​អនុញ្ញាត​ឱ្យ​ប្រេសិត​ប្រធាន​អាស៊ាន​អាច​ជួប​ជាមួយ​ភាគី​ពាក់ព័ន្ធ​នៅ​ភូមា ព្រមទាំង​អាច​ផ្ដល់​ជំនួយ​មនុស្សធម៌​ដល់​ប្រទេស​ភូមា បាន​ថែម​ទៀត។

បែប​នេះ​ក្តី ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា សញ្ញា​បែកបាក់​សម្ពន្ធភាព​អាស៊ាន​ចេញ​កាន់តែ​ច្បាស់​ហើយ​នៅ​ពេលនេះ ព្រោះ​ថា​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​កាន់​ប្រទេស​ភូមា កម្ពុជា​ក៏​បាន​ប្រកាស​លើក​ពេល​ប្រជុំ​ចង្អៀត ដោយ​គ្មាន​ថ្ងៃ​កំណត់ និង​ប្រើ​លេស​មិន​សម​ហេតុផល ដែល​នេះ​ជា​សញ្ញា​មិន​ចុះសម្រុង​របស់​ប្រទេស​ជា​សមាជិក​អាស៊ាន​យ៉ាង​ធ្ងន់ធ្ងរ។

កាលពី​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០២២ នេះ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​របស់​កម្ពុជា លោក កុយ គួង បាន​ប្រកាស​ថា កិច្ចប្រជុំ​ចង្អៀត​នៃ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ដែល​គ្រោង​នឹង​រៀបចំ​នៅ​ថ្ងៃ​ទី​១៨-១៩ ខែ​មករា ឆ្នាំ​២០២២ ខាងមុខ​នេះ​នៅ​ខេត្ត​សៀមរាប ត្រូវ​បាន​លើក​ពេល​ដោយ​គ្មាន​ថ្ងៃ​កំណត់ ក្រោម​ហេតុផល​ថា ដោយសារ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ជាច្រើន​រូប​មាន​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ។

ករណី​នេះ ក៏​មាន​មតិ​រិះគន់​ដោយ​ធ្វើ​ការ​ប្រៀបធៀប​ថា លោក ហ៊ុន សែន ប្រៀប​ដូចជា​ចោរ​ម្នាក់ ហើយ​តាំង​ខ្លួន​ជា​អាជ្ញាកណ្ដាល​ទៅ​ជួយ​ដោះស្រាយ​បញ្ហា​ឲ្យ​ចោរ​ដូច​គ្នា​ម្នាក់​ទៀត​នៅ​ប្រទេស​ភូមា។ ដូច្នេះ តើ​ជន​រងគ្រោះ​ដោយសារ​អំពើ​លួច​ប្លន់​របស់​ចោរ​ម្នាក់​នោះ នឹង​អាច​ឱ្យ​ពួកគេ គឺ​ពលរដ្ឋ​ភូមា ទទួល​បាន​នូវ​យុត្តិធម៌​ពិតប្រាកដ​ដោយ​របៀប​ណា៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស