ក្រុមបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ (NAGA World) បន្តនាំគ្នាដាក់ញត្តិនៅតាមស្ថានទូតប្រទេសលោកសេរីនានាប្រចាំប្រទេសកម្ពុជា ដើម្បីសុំឱ្យជួយជំរុញទៅរដ្ឋាភិបាលឱ្យដោះស្រាយវិវាទការងារ និងដោះលែងថ្នាក់ដឹកនាំសហជីពដែលកំពុងជាប់ឃុំខ្លួន ដោយសារការពារផលប្រយោជន៍របស់បុគ្គលិក។
នៅថ្ងៃទី១៨ មករា នេះ ក្រុមបុគ្គលិកកាស៊ីណូ ណាហ្គាវើលដ៍ បន្តដាក់ញត្តិនៅស្ថានទូតជប៉ុន ម៉ាឡេស៊ី អូស្ត្រាលី កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសកម្ពុជា បន្ទាប់ពីពួកគេបាននាំគ្នាដាក់ញត្តិនៅស្ថានទូតបារាំង អង់គ្លេស អាល្លឺម៉ង់ សិង្ហបុរី កាណាដា សហភាពអឺរ៉ុប កាលពីថ្ងៃទី១៧ មករា។
ការបន្តដាក់ញត្តិនេះ ធ្វើឡើងក្រោយពីអាជ្ញាធរមិនដោះលែងតំណាងពួកគេទាំង ៨នាក់ និងមិនមានដោះស្រាយវិវាទការងារជាមួយក្រុមហ៊ុន ខណៈវិវាទនេះបានអូសបន្លាយរយៈពេល ៩ខែមកហើយ។
បើតាមខ្លឹមសារញត្តិរបស់ក្រុមកូដករដែលបានដាក់កាលពីថ្ងៃទី១៧ និងថ្ងៃទី១៨ មករា នេះ ពួកគេបានស្នើទៅស្ថានទូតប្រទេសលោកសេរីឱ្យជួយអន្តរាគមន៍ឱ្យមានការដោះលែងតំណាងសហជីពដែលបានធ្វើកូដកម្មអហិង្សា អំឡុងពេលទាមទាររកដំណោះស្រាយវិវាទការងារជាមួយក្រុមហ៊ុន រួមទាំងជំរុញឱ្យរដ្ឋាភិបាលកម្ពុជាពង្រឹងការគោរពសិទ្ធិមនុស្ស និងសិទ្ធិការងារ ជាដើម។
ក្រុមកូដករ ណាហ្គាវើលដ៍ ដែលបានទៅដាក់ញត្តិ បានប្រាប់សារព័ត៌មានថា ស្ថានទូតទាំងនោះបានទទួលយកញត្តិពួកគេ ខណៈស្ថានទូតអូស្ត្រាលី ក៏បានអនុញ្ញាតឱ្យពួកគាត់ចូលយកញត្តិទៅដាក់ដល់ការិយាល័យ និងបានសួរសុខទុក្ខពួកគាត់ រួមទាំងសួរនាំពីដើមចមនាំឱ្យមានវិវាទដែរ។
ក្រៅពីការដាក់ញត្តិរបស់បុគ្គលិក នៅថ្ងៃអង្គារ ទី១៨ មករា នេះ ក៏មានយុវជននៃសមាជិកខ្មែរថាវរៈ ចំនួន ៣នាក់ បាននាំគ្នាកោរសក់ និងធ្វើពិធីបែបសាសនា ដើម្បីជំរុញឱ្យតុលាការដោះលែងតំណាងសហជីព និងទាមទារឱ្យក្រុមហ៊ុន រួមទាំងស្ថាប័នពាក់ព័ន្ធដោះស្រាយបញ្ចប់វិវាទការងារនៅក្រុមហ៊ុនឱ្យបានឆាប់។ សមាជិកខ្មែរថាវរៈដែលបានកោរសក់មានកញ្ញា អេង ម៉ាឡៃ លោក ហ៊ុន វណ្ណៈ និងលោក ស្វ័យ សំណាង ដោយពិធីធ្វើឡើងនៅមុខប្រាសាទអង្គរវត្ត។ ក្រោយពីកោរសក់ហើយ ពួកគេបានធ្វើដំណើរដោយថ្មើរជើងទៅបួងសួងតាមបែបសាសនានៅខាងមុខព្រះអង្គចេកព្រះអង្គចម ក្នុងខេត្តសៀមរាប។

គិតត្រឹមថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ថ្នាក់ដឹកនាំ និងសមាជិកសហជីពទាំង ៨នាក់ បានជាប់ពន្ធនាគារចំនួន ១៩ថ្ងៃហើយ ខណៈបុគ្គលិកជាង ១ពាន់នាក់នៅតែបន្តធ្វើកូដកម្មទាមទាររកដំណោះស្រាយ។ លើសពីនេះ ថ្នាក់ដឹកនាំ និងសកម្មជនសហជីពទាំង ៨នាក់ ក្នុងនោះកញ្ញា ឈឹម ស៊ីថរ ដែលជាប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន ណាហ្គាវើលដ៍ ក៏ត្រូវបានតុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស ក្រោមការចោទប្រកាន់ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ក្រោយពីពួកគេបាននាំគ្នាធ្វើកូដកម្មអហិង្សាដើម្បីទាមទារសិទ្ធិ និងលក្ខខណ្ឌការងារនៅក្នុងក្រុមហ៊ុន ណាហ្គាវើលដ៍ ឱ្យកាន់តែប្រសើរនោះ។
ក្រោយពីមានការចាប់ខ្លួន និងទាមទាររបស់បុគ្គលិកនោះ កាលថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ អង្គការអន្តរជាតិខាងការងារ (ILO) នៅប្រទេសស្វីស ក៏បានអំពាវនាវទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យជួយអន្តរាគមន៍ដោះលែងថ្នាក់ដឹកនាំ និងសកម្មជនសហជីព ណាហ្គាវើលដ៍ ទាំង ៨នាក់ឱ្យមានសេរីភាពវិញ និងទម្លាក់ចោលបទចោទប្រកាន់ដែលបានប្រឆាំងអ្នកទាំងនោះ។ ការអំពាវនាវ និងទាមទារនេះ អង្គការ ILO មើលឃើញថា ការចាប់ និងឃុំខ្លួនមេដឹកនាំសហជីពដែលដឹកនាំធ្វើកូដកម្មដោយសន្តិវិធីនោះ ជាការជ្រៀតជ្រែកយ៉ាងខ្លាំងដល់ច្បាប់ស្ដីពីសេរីភាពការងារ និងសិទ្ធិសហជីព៕