26 C
Phnom Penh

មន្ទីរ​ព័ត៌មាន​ខេត្ត​រតនគិរី​បញ្ជា​ឱ្យ​ភ្នាក់ងារ​សារព័ត៌មាន​តម្កល់​ប័ណ្ណ​សម្គាល់​ឬ​អាជ្ញាប័ណ្ណ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​រតនគិរី បញ្ជា​ឱ្យ​ចាងហ្វាង​កាសែត និង​ភ្នាក់ងារ​សារព័ត៌មាន​ទាំងអស់​ប្រចាំ​ខេត្ត​រតនគិរី យក​ប័ណ្ណ​សម្គាល់​ភ្នាក់ងារ​សារព័ត៌មាន ឬ​អាជ្ញាប័ណ្ណ​ដែល​មាន​សុពលភាព​សម្រាប់​ឆ្នាំ​២០២២ ទៅ​តម្កល់​នៅ​មន្ទីរ​សារព័ត៌មាន​ខេត្ត​រតនគិរី ចាប់ពី​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០២២ ជាកំហិត។

ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​រតនគិរី លោក កុល ផាន់ណា បាន​ចេញ​លិខិត​ជូនដំណឹង​នៅ​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២២ នេះ​ដល់​ចាងហ្វាង​កាសែត ម្ចាស់​គេហទំព័រ ចាងហ្វាង TV Online អគ្គនាយក​ទស្សនាវដី្ត និង​ភ្នាក់ងារ​សារព័ត៌មាន​ទាំងអស់​ប្រចាំ​ខេត្ត​រតនគិរី ថា ការ​ប្រមូល​ប័ណ្ណ​សម្គាល់​ភ្នាក់ងារ​សារព័ត៌មាន ឬ​អាជ្ញាប័ណ្ណ​ទាំងនេះ គឺ​ដើម្បី​ឱ្យ​មន្ទីរ​ព័ត៌មាន​ខេត្ត​មាន​មូលដ្ឋាន​ស្រង់​ស្ថិតិ​ចំនួន​ភ្នាក់ងារ​សារព័ត៌មាន និង​ចាងហ្វាង​កាសែត​ឱ្យ​បាន​ច្បាស់លាស់។

ប្រភព​ដដែល​បញ្ជាក់​ថា ចាងហ្វាង​កាសែត និង​ភ្នាក់ងារ​សារព័ត៌មាន​ទាំងអស់​ប្រចាំ​ខេត្ត​រតនគិរី ត្រូវ​ផ្តល់​ជូន​នូវ​ឯកសារ​ពាក់ព័ន្ធ​សំខាន់ៗ​មួយ​ចំនួន ដូចជា​ប្រកាស​របស់​ក្រសួង​ព័ត៌មាន លិខិត​ចុះបញ្ជី​ពាណិជ្ជកម្ម លិខិត​អនុញ្ញាត ប័ណ្ណ​ឬ​កាត​របស់​ក្រសួង​ព័ត៌មាន កាត​អង្គភាព និង​លិខិត​បញ្ជា​បេសកកម្ម​ផង​ដែរ ដើម្បី​បញ្ចូល​ទៅ​ក្នុង​សេចក្តី​រាយការណ៍​ដែល​នឹង​ត្រូវ​រាយការណ៍​ជូន​ថ្នាក់​លើ​របស់​ខ្លួន។

កាលពី​ចុង​ឆ្នាំ​២០១៩ អភិបាល​ខេត្ត​រតនគិរី ធ្លាប់​បាន​ចេញ​សេចក្តី​ជូនដំណឹង​ឲ្យ​អ្នក​កាសែត​ទាំងអស់​ដែល​ចុះ​ទៅ​យក​ព័ត៌មាន​ក្នុង​ភូមិសាស្ត្រ​ខេត្ត​នេះ ត្រូវ​ជូនដំណឹង​ទៅ​មន្ទីរ​សារព័ត៌មាន​ខេត្ត​ជា​មុន​សិន ដើម្បី​ចូលរួម​អនុវត្ត​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន និង​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម ទើប​អាច​ចុះផ្សាយ​ព័ត៌មាន​របស់​ខ្លួន​បាន។

ជុំវិញ​បញ្ហា​នេះ សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ត្រូវ​គេ​មើល​ឃើញ​ថា កំពុង​រង​ការ​គំរាមកំហែង​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​រយៈពេល ៣​ឆ្នាំ​ចុងក្រោយ​នេះ ក្នុង​នោះ​ពាក់ព័ន្ធ​នឹង​ការ​បិទ​ស្ថានីយ​វិទ្យុ​ចំនួន ៣២​ស្ថានីយ កាលពី​ចុង​ឆ្នាំ​២០១៧ ការ​បង្ខំ​ឱ្យ​បិទ​ទ្វារ​កាសែត The Cambodia Daily និង​ការ​ផ្លាស់ប្ដូរ​ម្ចាស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ រួម​ទាំង​ការ​បិទ​គេហទំព័រ​ចំនួន ១៧​គេហទំព័រ​ទៀត ក្នុង​អំឡុង​ពេល​បោះឆ្នោត​កាលពី​ខែ​កក្កដា ឆ្នាំ​២០១៨ កន្លងទៅ។

សេចក្តី​រាយការណ៍​ស្ដីពី​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក ឆ្នាំ​២០២០ អះអាង​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​បាន​ថយ​ចុះ​ជា​លំដាប់ ពោល​គឺ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១៤៤ ក្នុង​ចំណោម​ប្រទេស​ទាំង​១៨០។ សេចក្តី​រាយការណ៍​ដដែល​លាតត្រដាង​ថា សេរីភាព​សារព័ត៌មាន​នៅ​ប្រទេស​កម្ពុជា បាន​បន្ត​ធ្លាក់​ចុះ ៣​ឆ្នាំ​ជាប់ៗ​គ្នា គឺ​ក្នុង​ឆ្នាំ​២០១៨ ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០។

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធាន​មជ្ឈមណ្ឌល​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា ដែល​ហៅ​កាត់​ថា CCIM លោក ប៉ា ងួនទៀង រិះគន់​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ​កាន់តែ​ទាប​ទៅៗ ព្រោះ​រដ្ឋាភិបាល​ចូលចិត្ត​អនុវត្ត​កិច្ចការ​របស់​ខ្លួន​ដោយ​ការ​បង្ក្រាប ជាជាង​ការ​ដោះស្រាយ​ដោយ​សន្តិវិធី​រាល់​ករណី​ដែល​អ្នក​សារព័ត៌មាន​រក​ឃើញ​ពី​ភាព​មិន​ប្រក្រតី​របស់​ខ្លួន។

រដ្ឋធម្មនុញ្ញ​ប្រទេស​កម្ពុជា​មាត្រា​៤១ បាន​ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​សេរីភាព​ខាង​ការ​បញ្ចេញមតិ​របស់​ខ្លួន សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​ការ​បោះពុម្ព​ផ្សាយ និង​សេរីភាព​ខាង​ការ​ប្រជុំ​ជាដើម៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស