សហមេធាវីការពារក្តីឱ្យប្រធានគណបក្សសង្គ្រោះជាតិ លើកឡើងថា ថ្ងៃអង្គារនេះតុលាការនឹងដំណើរការក្តីលើលោក កឹម សុខា បន្តទៀត ព្រោះថានៅមានអង្គហេតុជាច្រើនដែលតុលាការត្រូវសាកសួរ។ អ្នកច្បាប់រូបនេះបញ្ជាក់ថា វាជារឿងល្អ ប្រសិនបើតុលាការបន្ថែមចំនួនថ្ងៃសវនាការឱ្យបានច្រើនថ្ងៃក្នុង ១សប្តាហ៍ ដើម្បីពន្លឿនរឿងក្តីរបស់មេដឹកនាំបក្សប្រឆាំងរូបនេះឱ្យឆាប់ចប់។
សហមេធាវីការពារក្តីមេដឹកនាំបក្សប្រឆាំង អ្នកស្រី ម៉េង សុភារី បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៤ មករា ថា អ្នកស្រីទាមទារឱ្យតុលាការទម្លាក់ចោលនូវរាល់បទចោទទាំងអស់លើលោក កឹម សុខា ព្រោះថាកូនក្តីរបស់អ្នកស្រីមិនបានប្រព្រឹត្ត ឬមានបំណងឃុបឃិតជាមួយរដ្ឋបរទេសដូចការចោទប្រកាន់នោះឡើយ។
អ្នកស្រី ម៉េង សុភារី អះអាងថា សកម្មភាពនយោបាយកន្លងមករបស់មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា គឺតែងតែធ្វើការប្រកួតប្រជែងដោយស្របតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា ហើយគោលជំហរនយោបាយរបស់លោក គឺមិនយកជាតិសាសន៍ឯងធ្វើជាសត្រូវ ឬញុះញង់ឱ្យមានអំពើហិង្សា ឬក៏មានបំណងធ្វើរដ្ឋប្រហារលើរដ្ឋាភិបាលកម្ពុជាម្តងណាឡើយ។
ការអះអាងនេះ ធ្វើឡើងមុនមួយថ្ងៃនៃសវនាការរបស់មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ដែលនឹងដំណើរនៅថ្ងៃអង្គារនេះ បន្ទាប់ពីបានចាប់ផ្តើមដំណើរការរឿងក្តីរបស់លោកឡើងវិញកាលពីសប្តាហ៍មុន។
កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ កន្លងទៅ សាលាដំបូងក្រុងភ្នំពេញបានបើកសវនាការលើសំណុំរឿងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ឡើងវិញបន្ទាប់ពីខកខានអស់រយៈពេលប្រមាណជា ២ឆ្នាំកន្លងមក ហើយសវនាការរបស់ប្រធានគណបក្សសង្គ្រោះជាតិនេះនឹងដំណើរការបន្តទៀតនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ នេះ។
ទាក់ទិននឹងសវនាការប្រធានគណបក្សសង្គ្រោះជាតិនេះ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ កន្លងទៅ បណ្ដាញតំណាងរាស្ត្រអាស៊ានដើម្បីសិទ្ធិមនុស្ស (ASEAN Parliamentarians for Human Rights) ដែលហៅកាត់ថា APHR បានចេញសេចក្ដីថ្លែងការណ៍ស្នើឲ្យកម្ពុជាទម្លាក់រាល់បទចោទលើមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។
សមាជិកក្រុមប្រឹក្សាភិបាលនៃសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) លោក កាស៊ីត ភីរម្យ បានរិះគន់រដ្ឋាភិបាលកម្ពុជាតាមរយៈសេចក្តីថ្លែងការណ៍នោះថា ការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង និងការរំលាយគណបក្សសង្គ្រោះជាតិ គឺពិតជាមានគោលបំណងលុបបំបាត់គណបក្សប្រឆាំងពិតប្រាកដមួយរបស់កម្ពុជា។ លោកថា ករណីនេះបង្ហាញឲ្យឃើញថា នីតិរដ្ឋនៅកម្ពុជាគឺមានតែឈ្មោះតែប៉ុណ្ណោះនៅក្រោមការដឹកនាំរបស់រដ្ឋាភិបាលលោក ហ៊ុន សែន សព្វថ្ងៃនេះ។
យ៉ាងណាក៏ដោយ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅវិមានសន្តិភាព មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន បានអះអាងថា ករណីលោក កឹម សុខា អាចនឹងត្រូវអូសបន្លាយពេល ៤ឆ្នាំទៀត គឺត្រូវពន្យាររហូតដល់ក្រោយការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ និងក្រោយការបោះឆ្នោតជាតិក្នុងឆ្នាំ២០២៣ ឯណោះ។
ជុំវិញសវនាការមេដឹកនាំបក្សប្រឆាំងនេះ សមាជិកសភាសហរដ្ឋអាមេរិកមកពីគណបក្សសាធារណរដ្ឋ លោក ស្ទីវ ឆាបុត (Steve Chabot) កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ អះអាងថា ការចោទប្រកាន់ពីបទក្បត់ជាតិលើលោក កឹម សុខា គឺជារឿងនយោបាយសុទ្ធសាធ៕