រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង នៅថ្ងៃទី២៥ មករា បានជំរុញទៅភាគីពាក់ព័ន្ធឱ្យដោះស្រាយបញ្ចប់វិវាទការងារនៅក្រុមហ៊ុន ណាហ្គាវើលដ៍ (NAGA World) ឲ្យបានឆាប់ចប់ ក្រោយពីវិវាទការងារនេះបានអូសបន្លាយអស់រយៈពេលជាង ១ខែមកហើយ មិនត្រឹមតែប៉ុណ្ណោះ អាជ្ញាធរបានចាប់ខ្លួនតំណាងសហជីព ៨នាក់ឃុំខ្លួនដាក់ពន្ធនាគារទៀតផង។
ក្នុងពិធីប្រគល់រថយន្តជូននគរបាលការពារព្រំដែននៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងថា ការតវ៉ារបស់បុគ្គលិក ណាហ្គាវើលដ៍ កន្លងមកជារឿងវិវាទការងារ ហើយករណីនេះគណៈកម្មការដោះស្រាយវិវាទការងារនៃក្រសួងការងារ និងភាគីក្រុមហ៊ុន រួមទាំងកូដករ ត្រូវអត់ធ្មត់ដោយប្រកាន់ជំហរសម្របសម្រួលដើម្បីដោះស្រាយវិវាទការងារនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ លើសពីនេះ បើសិនភាគីពាក់ព័ន្ធបែរខ្នងដាក់គ្នារហូតបែបនេះ គឺមិនអាចដោះស្រាយវិវាទការងារនេះបានទេ ហើយជម្លោះនេះនឹងបន្តអូសបន្លាយជាច្រើនឆ្នាំ ដោយមិនដឹងដោះស្រាយចប់ ឬយ៉ាងណានោះឡើយ។
លោក ស ខេង បញ្ជាក់ថា កន្លងមកលោកតែងតែផ្ដល់យោបល់ទៅអាជ្ញាធរ និងរដ្ឋមន្ត្រីក្រសួងការងារ ត្រូវខិតខំសម្របសម្រួលឱ្យភាគីក្រុមហ៊ុន និងបុគ្គលិកដែលកំពុងធ្វើកូដកម្មបានជជែកគ្នា ដើម្បីរកដំណោះស្រាយរួមមួយដែលអាចទទួលយកបានទាំងសងខាង។
វិវាទការងារនៅក្រុមហ៊ុន ណាហ្គាវើលដ៍ បានឈានទៅដល់ការចាប់ខ្លួនថ្នាក់ដឹកនាំសហជីព ៨នាក់ដាក់ពន្ធនាគារព្រៃស ក្រោមបទចោទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២២។ ថ្នាក់ដឹកនាំសហជីពទាំង ៨នាក់ដែលត្រូវបានឃុំខ្លួននោះក៏មានប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន ណាហ្គាវើលដ៍ គឺកញ្ញា ឈឹម ស៊ីថរ ផងដែរ។
គិតមកដល់ថ្ងៃនេះ បុគ្គលិកក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍ បានធ្វើកូដកម្មដោយអហិង្សារយៈពេលជាង ១ខែហើយ ដើម្បីទាមទារឱ្យដោះស្រាយលក្ខខណ្ឌការងារចំនួន ៩ចំណុច និងទាមទារដោះលែងតំណាងពួកគេទាំង ៨នាក់ឱ្យមានសេរីភាពឡើងវិញផងដែរ។
កាលថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ អង្គការអន្តរជាតិខាងការងារ (ILO) នៅប្រទេសស្វីស ក៏បានអំពាវនាវទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យជួយអន្តរាគមន៍ដោះលែងថ្នាក់ដឹកនាំ និងសកម្មជនសហជីពណាហ្គាវើលដ៍ទាំង ៨នាក់ឱ្យមានសេរីភាពវិញ និងទម្លាក់ចោលបទចោទប្រកាន់ដែលបានប្រឆាំងអ្នកទាំងនោះ។
ការអំពាវនាវ និងទាមទារនេះ អង្គការ ILO មើលឃើញថា ការចាប់ និងឃុំខ្លួនមេដឹកនាំសហជីពដែលដឹកនាំធ្វើកូដកម្មដោយសន្តិវិធីនោះ ជាការជ្រៀតជ្រែកយ៉ាងខ្លាំងដល់ច្បាប់ស្ដីពីសេរីភាពការងារ និងសិទ្ធិសហជីព៕