29 C
Phnom Penh

សាកសព​ប្រុស​ស្រី​ពីរ​នាក់​ត្រូវ​បាន​ប្រទះ​ឃើញ​កប់​ក្នុង​ដី​ទាំង​ដៃ​ជាប់​ខ្នោះ​នៅ​ពីរ​កន្លែង​ផ្សេង​គ្នា​ក្នុង​ខេត្ត​ព្រះសីហនុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ កំពុង​ទន្ទឹង​រង់ចាំ​មើល​ចំណាត់ការ​របស់​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដើម្បី​ស្វែងរក​មុខ​ជន​ដៃដល់​ដែល​បាន​សម្លាប់​ជនរងគ្រោះ​ប្រុស​ស្រី​ចំនួន ២​នាក់ រួច​យក​ទៅ​កប់​ចោល​នៅ​ទីតាំង​ចំនួន ២​កន្លែង​ផ្សេង​គ្នា​ទាំង​ដៃ​ជនរងគ្រោះ​ទាំង ២​នាក់​មាន​ជាប់​ខ្នោះ​ថែម​ទៀត។

ឃាតកម្ម​នេះ​នាំ​ឲ្យ​ពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ បង្ហាញ​ការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​រស់នៅ ដោយសារតែ​នៅ​ខេត្ត​ទេសចរណ៍​ជាប់​ឆ្នេរសមុទ្រ​មួយ​នេះ​តែង​កើតមាន​ឃាតកម្ម​ជាបន្តបន្ទាប់ ហើយ​ភាគច្រើន​ជនល្មើស​គឺជា​ជនជាតិ​ចិន។

សមត្ថកិច្ច​ឱ្យ​ដឹង​ថា សាកសព​ជនរងគ្រោះ​ត្រូវ​បាន​ពលរដ្ឋ​ប្រទះឃើញ​កប់​ក្នុង​ដី​ទាំង​ដៃ​មាន​ជាប់​ខ្នោះ​ដូច​គ្នា ហើយ​ត្រូវ​គេ​នាំ​យក​ទៅ​កប់​នៅ​ទីតាំង​ចំនួន ២​កន្លែង​ផ្សេង​គ្នា។ ប្រភព​ដដែល​ថា ករណី​ទី​១ សព​បុរស​រងគ្រោះ​ត្រូវ​គេ​យក​ទៅ​កប់​នៅ​ក្នុង​សង្កាត់​លេខ៤ ក្រុង​ព្រះសីហនុ និង​ករណី​ទី​២ សាកសព​ស្ត្រី​រងគ្រោះ​ម្នាក់​ទៀត​ត្រូវ​បាន​គេ​រក​ឃើញ​កប់​នៅ​ក្នុង​ភូមិ​អូរតាសេក ឃុំ​អូរឧកញ៉ាហេង ស្រុក​ព្រៃនប់ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០២២។

សមត្ថកិច្ច​បញ្ជាក់​ថា សាកសព​ជនរងគ្រោះ​ទាំង​ពីរ​នាក់ គឺ​ស្លាប់​ដោយ​ដៃ​ជាប់​ខ្នោះ​ស្លាបសេក​ទៅ​ក្រោយ​ដូច​គ្នា។ សព​ស្ត្រី​រងគ្រោះ​អាច​មាន​អាយុ​ចន្លោះ​ពី ១៥ ទៅ ១៨​ឆ្នាំ ហើយ​សព​បុរស​ម្នាក់​ទៀត​អាច​មាន​អាយុ​ចន្លោះ​ពី ៣៥​ឆ្នាំ​ទៅ ៣៧​ឆ្នាំ។

គិត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​២៥ ខែ​មករា នេះ សមត្ថកិច្ច​នៅ​មិនទាន់​ដឹង​ពី​អត្តសញ្ញាណ​សព​ជនរងគ្រោះ​ទាំង​ពីរ​នាក់​នៅឡើយ​ទេ ដោយសារតែ​សាកសព​ជនរងគ្រោះ​បាន​រលួយ​មើល​តែ​លែង​ស្គាល់​ទៅ​ហើយ ហើយ​ក៏​មិនទាន់​ដឹង​ថា​ជនរងគ្រោះ​ទាំង​ពីរ​នាក់​ជា​ជនជាតិ​ខ្មែរ ឬ​ជា​ជនបរទេស​នៅឡើយ​ទេ។ សមត្ថកិច្ច​គ្រាន់តែ​ដាក់​ការ​សង្ស័យ​ថា ជនរងគ្រោះ​ទាំង​ពីរ​នាក់​អាច​ជា​ជនជាតិ​ចិន។

តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ បញ្ជាក់​ថា ការ​ស្លាប់​របស់​ជនរងគ្រោះ​ទាំង​ពីរ​អាច​ជា​ករណី​ឃាតកម្ម ដែល​ក្រុម​ជន​ដៃដល់​បាន​រៀបចំ​គម្រោង​ទុក​ជា​មុន។ សមត្ថកិច្ច​ជំនាញ​កំពុង​បន្ត​សកម្មភាព​ចុះ​ស្រាវជ្រាវ​ដើម្បី​ស្វែងរក​អត្តសញ្ញាណ​ជនរងគ្រោះ និង​ឈាន​ទៅ​វែក​រក​មុខ​ជន​ដៃដល់​នាំ​ខ្លួន​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស