ឧកញ៉ា ថោង សារ៉ាត់ និងបក្ខពួក ៣នាក់ពាក់ព័ន្ធនឹងការបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ ត្រូវបានសាលាឧទ្ធរណ៍ទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងឱ្យមានសេរីភាពកាលពីឆ្នាំ២០២០ ទោះបីកន្លងមក តុលាការក្រុងភ្នំពេញផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារម្នាក់ៗអស់មួយជីវិត។
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានផ្ដន្ទាទោសឧកញ៉ា ថោង សារ៉ាត់ និងបក្ខពួក ៣នាក់ឱ្យជាប់ពន្ធនាគារម្នាក់ៗអស់មួយជីវិតដោយចោទពីបទឃាតកម្មគិតទុកជាមុន និងបទសមគំនិតក្នុងសំណុំរឿងបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ ដែលជាថៅកែស៊ីម៉ងត៍ត្បូងពេជ្រ កាលពីឆ្នាំ២០១៤។
សំណុំរឿងបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ មានបក្ខពួកចំនួន ៥នាក់រួមមានទីមួយឧកញ៉ា ថោង សារ៉ាត់ ទីពីរឈ្មោះ ហួយ ចាន់ថុល ទីបីឈ្មោះ មាស សម្បត្តិ ហៅ ទូច ហើយទីបួនឈ្មោះ ឃុន ចិត្រា និងទីប្រាំឈ្មោះ សៀង វាសនា។ ប៉ុន្តែក្នុងចំណោមមនុស្សទាំង ៥នាក់ គឺមាន ៤នាក់ត្រូវបានតុលាការទម្លាក់ចោលបទចោទ និងដោះលែងវិញ ខណៈឈ្មោះ សៀង វាសនា ត្រូវបានតុលាការបន្តរក្សាបទចោទប្រកាន់ និងឃុំខ្លួននៅពន្ធនាគារដដែល។
បើតាមសារព័ត៌មានវីអូឌីដកស្រង់សម្ដីមេធាវីការពារក្ដីឱ្យឧកញ៉ា អ៊ឹង ម៉េងជឺ គឺលោក តេង បូរ៉ា ក្នុងអំឡុងពេលសវនាការនៅតុលាការកំពូលនៅថ្ងៃពុធ ទី២៦ មករា នេះ លោក តេង បូរ៉ា ថាការប្ដឹងសាទុក្ខនេះដោយសារសាលាឧទ្ធរណ៍ទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងឱ្យឧកញ៉ា ថោង សារ៉ាត់ និងបក្ខពួក ៣នាក់មានសេរីភាព ទាំងសាលាដំបូងរាជធានីភ្នំពេញបានរកឃើញថាឧកញ៉ា ថោង សារ៉ាត់ និងបក្ខពួក ៣នាក់ពិតជាបានជាប់ពាក់ព័ន្ធសំណុំរឿងបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ នោះ។
លោក តេង បូរ៉ា ចាត់ទុកការទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងឧកញ៉ា ថោង សារ៉ាត់ និងបក្ខពួក ៣នាក់ថាជារឿងអយុត្តិធម៌សម្រាប់គ្រួសារ និងកូនក្ដីរបស់លោក។
ឧកញ៉ា អ៊ឹង ម៉េងជឺ ត្រូវបានឃាតកបាញ់សម្លាប់នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ វេលាម៉ោង ៧ និង ១៨នាទីយប់ ខណៈដែលឧកញ៉ារូបនោះចុះពីរថយន្តឡិចស៊ីស ៥៧០ ដើម្បីទៅទិញផ្លែឈើនៅមុខហាងលក់ផ្លែឈើមួយកន្លែងស្ថិតនៅផ្លូវលេខ២៧៤ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ៕