34 C
Phnom Penh

មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​ថា​ដើម្បី​ធានា​វិស័យ​កសិកម្ម​រីក​ចម្រើន​ទាល់តែ​ច្របាច់​ក្រសួង​ពីរ​ចូល​គ្នា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​លើកឡើង​ថា គោល​នយោបាយ​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គឺ​មាន​ផែនការ​បញ្ចូល​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ទៅ​ជា​ក្រសួង​តែ​មួយ ក្នុង​គោលដៅ​រៀបចំ​ប្រព័ន្ធ​ធារាសាស្ត្រ​ខ្នាត​តូច និង​មធ្យម​តាម​មូលដ្ឋាន ដើម្បី​បម្រើ​សេចក្តី​ត្រូវការ​របស់​ពលរដ្ឋ​លើ​វិស័យ​កសិកម្ម​ឱ្យ​រីកចម្រើន។

ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ពុធ ទី​២៦ មករា នេះ​ថា ការ​រួម​បញ្ចូល​ក្រសួង​ទាំង​ពីរ​នេះ​ទៅ​ជា​ក្រសួង​តែ​មួយ គឺ​ធានា​បាន​នូវ​ការ​អភិវឌ្ឍ​លើ​វិស័យ​កសិកម្ម​នៅ​មូលដ្ឋាន​យ៉ាង​មាន​ប្រសិទ្ធភាព ព្រោះ​ថា​បញ្ហា​កសិកម្ម​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ ក្រសួង​ទាំង​ពីរ​ចេះ​តែ​ឆ្លើយ​ដាក់​គ្នា​ទៅវិញ​ទៅមក​ទាក់ទិន​នឹង​ការ​រៀបចំ​ឱ្យ​មាន​ប្រព័ន្ធ​ធារាសាស្ត្រ​ដើម្បី​ផ្គត់ផ្គង់​វិស័យ​កសិកម្ម​របស់​កសិករ​រហូត​មក។

បណ្ឌិត យ៉ង សាំងកុមារ បាន​លើកឡើង​ថា កម្ពុជា​គឺជា​ប្រទេស​ប្រភព​ទឹក ប៉ុន្តែ​ដោយសារតែ​ការ​រៀបចំ​របស់​រដ្ឋាភិបាល​មិន​បាន​ល្អ ធ្វើ​ឲ្យ​កសិកម្ម​របស់​ពលរដ្ឋ​ខ្មែរ​តែង​ទទួល​រង​នូវ​វិបត្តិ​ជា​រៀងរាល់​ឆ្នាំ ដូចជា​វិបត្តិ​គ្រោះ​ទឹកជំនន់ និង​គ្រោះ​រាំង​ស្ងួត ជាដើម ហើយ​បញ្ហា​ទាំងនេះ​ជះ​ឥទ្ធិពល​អាក្រក់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ដំណើរការ​បង្កបង្កើនផល​របស់​កសិករ​ខ្មែរ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស GDP រូប​នេះ​បញ្ជាក់​ថា ដើម្បី​បើក​លំហ​កសិកម្ម​របស់​នៅ​កម្ពុជា​ឱ្យ​ពេញលេញ​តាម​សក្ដានុពល​ដែល​ខ្លួន​មាន កម្ពុជា​ត្រូវតែ​ជំរុញ​ការ​ទទួល​ខុសត្រូវ​តាម​ក្រសួង​នីមួយៗ​ឱ្យ​បាន​ច្បាស់លាស់ និង​ស្ដារ​ឡើងវិញ​នូវ​ប្រព័ន្ធ​ធារាសាស្ត្រ និង​ការ​អភិវឌ្ឍ​បន្ថែម​ទៀត​នៅ​តាម​មូលដ្ឋាន​គ្រប់​ខេត្ត​ក្រុង​ទូទាំង​ប្រទេស ចៀសវាង​ការ​ធ្វើ​កសិកម្ម​ជាយថាផល​ដូច​កសិករ​តែងតែ​ធ្វើ​នា​ពេល​កន្លងមក។

កាលពី​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០២២ កន្លងទៅ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន បាន​អះអាង​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើ​សេចក្តី​ព្រាង​គោល​នយោបាយ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០៣០ ថា វិស័យ​កសិកម្ម​នៅ​កម្ពុជា​នៅតែ​មាន​បញ្ហា​ប្រឈម​នៅឡើយ។ លោក វេង សាខុន អះអាង​ថា វិស័យ​កសិកម្ម​នៅ​កម្ពុជា​ជួប​បញ្ហា​ប្រឈម​ជាច្រើន ដូចជា​ផលិតភាព​កសិកម្ម​នៅ​មាន​កម្រិត​ទាប ការ​ផ្គត់ផ្គង់​ទឹក​កសិកម្ម​នៅ​ពុំ​ទាន់​គ្រប់គ្រាន់​តាម​តម្រូវការ​ប្រើប្រាស់​របស់​កសិករ ពិសេស​នៅ​ពេល​ដែល​កសិករ​ជួបប្រទះ​គ្រោះ​រាំង​ស្ងួត។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រូប​នេះ​បញ្ជាក់​ថា កត្តា​ប្រែប្រួល​អាកាសធាតុ គ្រោះ​រាំង​ស្ងួត​បាន​វាយលុក​លើ​ផលិតកម្ម​ដំណាំ​កសិកម្ម​ជាច្រើន ដែល​ត្រូវតែ​ចាត់​វិធានការ​ដោះស្រាយ​ឱ្យ​បាន​ខ្លាំងក្លា​នៅ​ពេលនេះ។

កាលពី​ចុង​ឆ្នាំ​២០២១ ក្រសួង​កសិកម្ម បាន​បង្ហាញ​របាយការណ៍​ថា ដំណាំ​ស្រូវ​ដែល​បាន​ប៉ះពាល់​ដោយសារ​គ្រោះ​រាំង​ស្ងួត ដោយ​គិត​ត្រឹម​ចុង​ខែ​តុលា ឆ្នាំ​២០២១ មាន​ចំនួន​ជាង ២៤​ម៉ឺន​ហិកតារ ខណៈ​ដំណាំ​ស្រូវ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​មាន​ចំនួន​ជាង ៧​ម៉ឺន​ហិកតារ​ផង​ដែរ។ ដោយឡែក​ដំណាំ​សាកវប្បកម្ម (ដំណាំ​ដាំដុះ និង​ផ្លែឈើ) ក៏​ត្រូវ​រង​ការ​ខូចខាត​ដោយសារ​គ្រោះ​ទឹកជំនន់ គ្រោះ​រាំង​ស្ងួត និង​សត្វល្អិត​បំផ្លាញ​ជាច្រើន​ម៉ឺន​ហិកតារ​ថែម​ទៀត។

វិស័យ​កសិកម្ម​នៅ​កម្ពុជា ត្រូវ​គេ​មើល​ឃើញ​ថា​មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ​នៅឡើយ​ទេ ដោយសារតែ​ក្រសួង​ពាក់ព័ន្ធ​នៅតែ​មិន​អាច​ធានា​បាន​ចំពោះ​ការ​ផ្គត់ផ្គង់​ឱ្យ​បាន​ត្រឹមត្រូវ​សម្រាប់​កសិករ​ខ្មែរ​លើ​វិស័យ​នេះ ជាពិសេស​នៅ​ពេល​មាន​បញ្ហា ក្រសួង​ពាក់ព័ន្ធ​តែង​ឆ្លើយ​ដោះសា​រៀងៗ​ខ្លួន ខណៈ​កសិករ​នៅតែ​បន្ត​ជួប​វិបត្តិ​រហូត​ដល់​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស