29 C
Phnom Penh

លោក សុខ ឥសាន៖ បើ​ព័ត៌មាន​ជួល​ក្រុមហ៊ុន​បញ្ចុះបញ្ចូល​អាមេរិក​ជា​ការពិត​គឺ​បញ្ជាក់​ពី​ទឹកចិត្ត​ល្អ​របស់​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ថា ករណី​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ជួល​ក្រុមហ៊ុន​ឯកជន​របស់​អាមេរិក ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​អាមេរិក​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​កម្ពុជា គឺ​បាន​ឆ្លុះបញ្ចាំង​ពី​កម្ពុជា​មាន​ចិត្ត​ល្អ​ជាមួយ​អាមេរិក​វិញ​ទេ ដោយ​មិន​យក​អាមេរិក​ធ្វើជា​សត្រូវ។

សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល ដើម​អម្ពិល បាន​ដកស្រង់​សម្ដី​របស់​លោក សុខ ឥសាន នៅ​ថ្ងៃ​ទី​២៨ ខែ​មករា ថា លោក​ក៏​មិន​ដឹង​ច្បាស់​ដែរ​ពី​ករណី​រដ្ឋាភិបាល​ជួល​ក្រុមហ៊ុន​ឯកជន ដើម្បី​បញ្ចុះបញ្ចូល​មន្ត្រី​អាមេរិក ឬ​អ្នក​តាក់តែង​គោលនយោបាយ​របស់​អាមេរិក កុំ​ឲ្យ​ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា​នោះ។

លោក​បាន​លើកឡើង​ទៀត​ថា ប្រសិនបើ​ជា​ការ​លេច​ធ្លាយ​ព័ត៌មាន​ថា កម្ពុជា​ជួល​ក្រុមហ៊ុន​ឯកជន​ដើម្បី​បញ្ចុះបញ្ចូល​អាមេរិក​ជា​ការពិត​មែន គឺ​បាន​បញ្ជាក់​ពី​ទឹកចិត្ត​ល្អ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ជាមួយ​អាមេរិក។

កាលពី​ថ្ងៃ​ទី​២១ ខែ​មករា នេះ ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក បាន​លាតត្រដាង​កិច្ចព្រមព្រៀង​សម្ងាត់​មាន​ទំហំ​ទឹកប្រាក់​ជាង ៧០​ម៉ឺន​ដុល្លារ​អាមេរិក​ដែល​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ចំណាយ​សម្រាប់​ឆ្នាំ​២០២២ ក្នុង​ការ​ជួល​ក្រុមហ៊ុន អាឃីន ហ្គាំ (AKIN GUMP STRAUSS HAUER & FELD LLP) ឲ្យ​ជួយ​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​អាមេរិក ដើម្បី​ស្ដារ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​អាមេរិក​ឡើងវិញ។

កិច្ចព្រមព្រៀង​ជួល​ក្រុម​មេធាវី​អាមេរិកាំង​មួយ​ដែល​ចុះហត្ថលេខា​ដោយ​តំណាង​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក លោក ខឹម រុយស៊ុន (Khem Ruyzun) កាលពី​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០២២ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា រដ្ឋាភិបាល​កម្ពុជា​របស់​លោក ហ៊ុន សែន បាន​ចំណាយ ៦​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែៗ​លើ​ក្រុមហ៊ុន អាឃីន ហ្គាំ ឲ្យ​ជួយ​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​អាមេរិក ដើម្បី​ស្ដារ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា និង​អាមេរិក​ឡើងវិញ។

កិច្ចព្រមព្រៀង​នេះ​បង្ហាញ​ថា ចាប់ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០២២ រហូត​ដល់​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០២៣ រដ្ឋាភិបាល​កម្ពុជា​ត្រូវ​បង់​លុយ​សរុប ៧២​ម៉ឺន​ដុល្លារ​អាមេរិក​ជា​ថ្នូរ​នឹង​ការ​ផ្តល់​សេវាកម្ម​ប្រឹក្សា ដើម្បី​កសាង​នូវ​ការ​យល់ដឹង​អំពី​គ្នា​កាន់តែ​ប្រសើរ​ឡើង ដែល​នឹង​ជួយ​ធ្វើ​ឱ្យ​ជឿនលឿន​ទៅ​មុខ​នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស