29 C
Phnom Penh

កិច្ចព្រមព្រៀង​សម្ងាត់​កម្ពុជា​ជួល​ក្រុមហ៊ុន​ជួយ​ស្ដារ​ទំនាក់ទំនង​ជាមួយ​អាមេរិក​ឡើងវិញ​ត្រូវ​បាន​លាតត្រដាង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កិច្ចព្រមព្រៀង​សម្ងាត់​មាន​ទំហំ​ទឹកប្រាក់​ជាង ៧០​ម៉ឺន​ដុល្លារ​អាមេរិក ដែល​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ចំណាយ​សម្រាប់​ឆ្នាំ​២០២២ ក្នុង​ការ​ជួល​ក្រុមហ៊ុន អាឃីន ហ្គាំ ឲ្យ​ជួយ​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​អាមេរិក​ដើម្បី​ស្ដារ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា និង​អាមេរិក​ឡើងវិញ ត្រូវ​បាន​ក្រសួង​យុត្តិធម៌​អាមេរិក លាតត្រដាង​កាលពី​ពេល​ថ្មីៗ​នេះ។

កិច្ចព្រមព្រៀង​ជួល​ក្រុម​មេធាវី​អាមេរិកាំង​មួយ​ដែល​ចុះហត្ថលេខា​ដោយ​តំណាង​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក លោក ខឹម រុយស៊ុន (Khem Ruyzun) កាលពី​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០២២ ដែល​ត្រូវ​បាន​បែក​ធ្លាយ​កាលពី​ថ្ងៃ​ទី​២១ ខែ​មករា នេះ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា រដ្ឋាភិបាល​កម្ពុជា​របស់​លោក ហ៊ុន សែន បាន​ចំណាយ​ប្រាក់ ៦​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែៗ​លើ​ក្រុមហ៊ុន អាឃីន ហ្គាំ (AKIN GUMP STRAUSS HAUER & FELD LLP) ឲ្យ​ជួយ​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​អាមេរិក ដើម្បី​ស្ដារ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា និង​អាមេរិក​ឡើងវិញ។

កិច្ចព្រមព្រៀង​ខាងលើ​បង្ហាញ​ថា ចាប់ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០២២ រហូត​ដល់​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០២៣ រដ្ឋាភិបាល​កម្ពុជា​ត្រូវ​បង់​លុយ​សរុប ៧២​ម៉ឺន​ដុល្លារ​អាមេរិក ជា​ថ្នូរ​នឹង​ការ​ផ្តល់​សេវាកម្ម​ប្រឹក្សា​ដើម្បី​កសាង​នូវ​ការ​យល់ដឹង​អំពី​គ្នា​កាន់តែ​ប្រសើរ​ឡើង ដែល​នឹង​ជួយ​ធ្វើ​ឱ្យ​ជឿនលឿន​ទៅ​មុខ​នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក។

ការ​ជួល​ក្រុមហ៊ុន​បរទេស​ឲ្យ​ជួយ​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​អាមេរិក កុំ​ឱ្យ​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា​នេះ មិនមែន​ជា​លើក​ទី​១​ទេ បើ​ទោះបីជា​មេដឹកនាំ​បក្ស​កាន់​អំណាច​ធ្លាប់​ផ្គើន​សហរដ្ឋ​អាមេរិក​ឱ្យ​អនុម័ត​ច្បាប់​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​របស់​ខ្លួន​នា​ពេល​កន្លងមក​ក៏ដោយ។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៧ មករា នេះ​ថា រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ហូរ​ឈាម និង​ទឹកភ្នែក​ច្រើន​ណាស់​ដោយសារ​អំពើពុករលួយ បក្ខពួក​និយម និង​ការ​រំលោភ​អំណាច​ពី​សំណាក់​ក្រុម​គ្រួសារ​អ្នក​ដឹកនាំ​ទាំងនោះ។

លោក គឹម សុខ អះអាង​ថា សហរដ្ឋ​អាមេរិក​ប្រយ័ត្នប្រយែង​ណាស់​ចំពោះ​ការ​ចង​មិត្ត​ជាមួយ​លោក ហ៊ុន សែន ពីព្រោះ​ប្រវត្តិ​នៃ​ការ​ដឹកនាំ​របស់​គាត់​ប្រឡាក់​ប្រឡូក​ដោយ​អំពើ​ឧក្រិដ្ឋ​ច្រើន​ហួស​ដល់​កម្រិត​អន្តរជាតិ​ទៀត​ផង ដូចជា​ឧក្រិដ្ឋ​សង្គ្រាម​កាលពី​ឆ្នាំ​១៩៩៧ ជាដើម។ ជាង​នេះ​ទៀត លោក ហ៊ុន សែន បាន​សម្លាប់​ប្រជាធិបតេយ្យ រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ ជាពិសេស​តំណែង​នាយករដ្ឋមន្ត្រី​របស់​គាត់​សព្វថ្ងៃ​នេះ បាន​ក្លាយ​ជា​សត្រូវ​នៃ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​លើសលប់​ទៅ​ហើយ។

អ្នកវិភាគ​រូប​នេះ​បញ្ជាក់​ថា ក្រោម​ការ​ដឹកនាំ​ដែល​គ្មាន​សមត្ថភាព​ធ្វើជា​មេដឹកនាំ​ល្អ​ស្រប​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ លោក ហ៊ុន សែន គ្មាន​ជម្រើស​ផ្សេង​ក្រៅពី​បំផ្លាញ​ជាតិ​ប្រមូល​លុយ​តាម​វិធី​ពុករលួយ ទៅ​ជួល​ក្រុមហ៊ុន​ឯកជន​ដើម្បី​បញ្ចុះបញ្ចូល​ទៅ​ក្រុម​ប្រទេស​សេរី​ប្រជាធិបតេយ្យ ឲ្យ​ជួយ​កាត់បន្ថយ​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​ឯក​បក្ស​របស់​គាត់​ទេ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ឆ្នាំ​២០១៨ លោក ហ៊ុន សែន បាន​ចំណាយ​លុយ​ប្រមាណ​ជាង ១​លាន ២​សែន​ដុល្លារ និង​ឆ្នាំ​២០២១ បាន​ចំណាយ​ទឹកប្រាក់​ប្រមាណ​ជា ៧​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែៗ​ដោយ​គ្មាន​កាលកំណត់​លើ​ក្រុមហ៊ុន ខ័រវីស (Qorvis LLC) ក្រុមហ៊ុន ប៉ាករីម ប្រ៊ីជីស (PacRim Bridges) និង​ក្រុមហ៊ុន ប្រោនស្តាញ ហៃយ៉ាត់ ហ្វាប៊័រ ស្រិក (Brownstein Hyatt Farber Schreck) ឱ្យ​ជួយ​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​អាមេរិក​កុំ​ឱ្យ​ធ្វើ​ច្បាប់​ដាក់​ទណ្ឌកម្ម​មក​លើ​រដ្ឋាភិបាល​របស់​លោក​បន្ត​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស