33 C
Phnom Penh

កញ្ញា សេង ធារី ប្រកាស​មិន​គាំទ្រ​បក្ស​ភ្លើង​ទៀន​ដោយ​ចាត់​ទុក​ជា​បក្ស​តេឡេ​និង​ដើរ​ផ្លូវ​ទាល់ច្រក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា សេង ធារី ប្រកាស​មិន​គាំទ្រ​ដោយ​ចាត់ទុក​គណបក្ស​ភ្លើង​ទៀន ជា​គណបក្ស​តេឡេ និង​ដើរ​ផ្លូវ​ទាល់ច្រក​ដែល​មិន​មាន​សកម្មភាព​ជាក់ស្ដែង ហើយ​គ្រាន់តែ​ធ្វើ​តាម​ការ​បញ្ជា​របស់​លោក សម រង្ស៊ី ដែល​កំពុង​នៅ​ក្រៅ​ប្រទេស​ប៉ុណ្ណោះ។

តាមរយៈ​វីដេអូ​ឃ្លិប​ជាង ១​ម៉ោង​កាលពី​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០២២ កញ្ញា សេង ធារី ថ្លែង​ថា កញ្ញា​មិន​អាច​គាំទ្រ​គណបក្ស​ភ្លើង​ទៀន បាន​ឡើយ ទោះបីជា​គាត់​ទទួល​រង​ការ​គាបសង្កត់ និង​លាប​ពណ៌​ពី​ថ្នាក់​ដឹកនាំ រួម​ទាំង​សកម្មជន​ជា​ខ្លាំង​ក៏ដោយ។

កញ្ញា​បញ្ជាក់​ទៀត​ថា មូលហេតុ​ដែល​កញ្ញា​មិន​គាំទ្រ និង​មិន​ចូលរួម​ធ្វើ​សកម្មភាព ដោយសារ​គណបក្ស​ភ្លើង​ទៀន មិន​មាន​យុទ្ធសាស្ត្រ​ថ្មី និង​មិន​មាន​សកម្មភាព​ជាក់ស្ដែង​ច្បាស់លាស់​ឡើយ ដែល​គ្រាន់តែ​ជា​គណបក្ស​តេឡេ​មួយ​ដោយ​ធ្វើ​តាម​ការ​បង្គាប់​បញ្ជា​របស់​លោក សម រង្ស៊ី ដែល​កំពុង​រត់​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស។

កញ្ញា​បន្ត​ថា គណបក្ស​ភ្លើង​ទៀន ជា​គណបក្ស​របស់​លោក សម រង្ស៊ី ដែល​ត្រូវ​បាន​សង្គ្រោះ​ឡើងវិញ​បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តុលាការ​កំពូល​រំលាយ ប៉ុន្តែ​គណបក្ស​ភ្លើង​ទៀន​បច្ចុប្បន្ន​គ្រាន់តែ​ជា​តេឡេ​ប៉ុណ្ណោះ។

កញ្ញា​អះអាង​ថា កន្លងមក លោក សម រង្ស៊ី មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដឹកនាំ​គណបក្ស​មួយ​នេះ​ជាក់ស្ដែង​ផង ក៏​នៅតែ​មិន​ឈ្នះ​គណបក្ស​កាន់​អំណាច ចុះ​ទម្រាំ​លោក សម រង្ស៊ី មិន​ស្ថិតនៅ​ក្នុង​ប្រទេស​ធ្វើ​សកម្មភាព​វិញ តើ​អាច​ទៅ​រួច​ដែរ​ឬ​ទេ?

កញ្ញា សេង ធារី និយាយ​ថា កញ្ញា​ធ្លាប់​គាំទ្រ​លោក សម រង្ស៊ី ដោយសារតែ​លោក​ជា​និមិត្តរូប​នៃ​លទ្ធិប្រជាធិបតេយ្យ សេរីភាព និង​យុត្តិធម៌ គឺ​មិនមែន​ជា​ការ​គាំទ្រ​បុគ្គល​នោះ​ទេ ប៉ុន្តែ​ប្រសិនបើ​ជា​បង្ខំ​ឱ្យ​កញ្ញា​គាំទ្រ​លោក សម រង្ស៊ី ដោយ​បារម្ភ​ខ្លាច​លោក សម រង្ស៊ី គ្មាន​កិច្ចការងារ​ធ្វើ​បន្ទាប់ពី​អត់​គណបក្ស​ភ្លើង​ទៀន គឺ​កញ្ញា​មិន​អាច​ទៅ​គាំទ្រ​ទាំង​ប្រថុយប្រថាន​បាន​ទេ។

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​រត់​ចេញពី​ស្រុក​ដោយសារតែ​ត្រូវ​ជាប់​បណ្ដឹង​នៅ​តុលាការ​នោះ ត្រូវ​បាន​ក្រុម​អ្នក​រិះគន់​ខ្លះ​និយាយ​ថា គ្មាន​ភាព​ក្លាហាន​ក្នុង​ការ​ប្រឈម​ជាមួយ​លោក ហ៊ុន សែន នៅ​ក្នុង​សង្វៀន​នយោបាយ​ផ្ទាល់ ខណៈ​លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន និង​រឹតត្បិត​សេរីភាព​នយោបាយ​នោះ។

កាលពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២១ លោក កឹម សុខា បាន​លើកឡើង​តាមរយៈ​បណ្ដាញ​សង្គម Facebook ថា លោក សម រង្ស៊ី និង​សហការី បាន​ដើរ​ចេញពី​គោលការណ៍ និង​ស្មារតី​ដើម​នៃ​ការ​រួបរួម រួម​ទាំង​ត្រឡប់​ទៅ​គាំទ្រ​ដោយ​ចំហ ឬ​នៅ​ពីក្រោយ​ការ​ដឹកនាំ​គណបក្ស​នយោបាយ​ចាស់ នោះ​គឺ «គណបក្ស​ភ្លើង​ទៀន​»។

ករណី​នេះ លោក​អំពាវនាវ​ឱ្យ​ឈប់​យក​រូបថត​របស់​លោក​ភ្ជាប់​ទៅ​នឹង​សកម្មភាព​នយោបាយ​នានា ដោយ​លោក​គិត​ថា ដើម្បី​កុំ​ឱ្យ​សាធារណមតិ​ជាតិ និង​អន្តរជាតិ​មាន​ការ​ភ័ន្តច្រឡំ ខណៈ​លោក​ជាប់​បម្រាម​តុលាការ​នៅឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស