28 C
Phnom Penh

អ្នក​ឃ្លាំមើល៖ ចេតនា​ពិតប្រាកដ​របស់​ក្រុមហ៊ុន NAGA គឺ​ចង់​រំលាយ​សហជីព​ដែល​ការពារ​សិទ្ធិ​កម្មករ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ការពារ​សិទ្ធិ​ការងារ ហៅ​កាត់​ថា​សង់ត្រាល់ រិះគន់​ថា ការ​មិន​ទទួលយក​បុគ្គលិក​ទាំង ៣៦៥​នាក់ មិនមែន​ជា​បញ្ហា​សម្រាប់​ក្រុមហ៊ុន ណាហ្គា​វើលដ៍ (NAGA World) នោះ​ឡើយ ប៉ុន្តែ​អ្វី​ដែល​ជា​ចេតនា​ពិតប្រាកដ​របស់​ក្រុមហ៊ុន​នោះ គឺ​ពួកគេ​ចង់​រំលាយ​សហជីព​ចោល ដោយសារ​ថ្នាក់​ដឹកនាំ​សហជីព​ទាំងនោះ​យល់​ច្បាស់​ពី​ច្បាប់ និង​សិទ្ធិ​ការងារ​ដែល​ក្រុមហ៊ុន​មិន​អាច​រំលោភបំពាន​លើ​បុគ្គលិក​បាន។

អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​របស់​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២២ ថា ដោយសារតែ​ចង់​រំលាយ​សហជីព​នេះ​ហើយ ទើប​ក្រុមហ៊ុន ណាហ្គា​វើលដ៍ បញ្ឈប់​បុគ្គលិក​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ហើយ​ភាគច្រើន​ជា​សមាជិក និង​សកម្មជន​សហជីព។

លោក ឃុន ថារ៉ូ បញ្ជាក់​ថា ក្រុមហ៊ុន​ដឹង​យ៉ាង​ច្បាស់​ថា កាលណា​សហជីព​មាន​សមាជិក​កាន់តែ​ច្រើន នោះ​ឥទ្ធិពល​សហជីព​កាន់តែ​ខ្លាំង​ដែល​អាច​ទប់ទល់​នឹង​សកម្មភាព​ក្រុមហ៊ុន​មិន​ឱ្យ​ធ្វើ​អ្វី​តាម​តែ​ទំនើង​ចិត្ត​បាន​នោះ​ទេ ដូចជា​ការ​បន្ត​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម បង្កើត​លក្ខខណ្ឌ​ការងារ​ដែល​កេង​ចំណេញ​លើ​បុគ្គលិក និង​មិន​គោរព​ច្បាប់​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា ជាដើម។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​អះអាង​ថា ចំណុច​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន ណាហ្គា​វើលដ៍ បារម្ភ និង​ខ្លាច​ឥទ្ធិពល​នៅ​ពេល​ដែល​បុគ្គលិក​ចូលរួម​សហជីព​កាន់តែ​ច្រើន​ឡើងៗ និង​មាន​សិទ្ធិ​កាន់តែ​ធំ​ក្នុង​ការ​ចរចា​ជាមួយ​ថៅកែ​ក្រុមហ៊ុន បន្ទាប់ពី​សហជីព​បាន​ចូលរួម​លើក​កម្ពស់​សិទ្ធិ​ការងារ និង​ការពារ​ផល​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច និង​ចរចា​ដំទ្បើង​ប្រាក់ឈ្នួល​កាលពី​ឆ្នាំ​២០២០ ដែល​អាច​នឹង​ឈាន​ទៅ​ដល់​ការ​ចរចា​អនុសញ្ញា​រួម​ជាមួយ​ក្រុមហ៊ុន​ថែមទៀត។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ក្រុមហ៊ុន ណាហ្គា​វើលដ៍ នៅតែ​បដិសេធ​ទទួលយក​បុគ្គលិក​ដែល​ខ្លួន​បាន​បញ្ឈប់​ឱ្យ​ចូល​បម្រើ​ការងារ​វិញ ខណៈ​បុគ្គលិក​ទាំងនោះ​នៅតែ​បន្ត​ធ្វើ​កូដកម្ម​ដដែល។

នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ គឺជា​ថ្ងៃ​ទី​៤៦​ហើយ​បើ​គិត​តាំងពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២១ មក ដែល​បុគ្គលិក​ក្រុមហ៊ុន ណាហ្គា​វើលដ៍ ជាង ១៣០០​នាក់​បាន​ចាប់ផ្តើម​ធ្វើ​កូដកម្ម​តវ៉ា​ទាមទារ​ឱ្យ​ក្រុមហ៊ុន​នេះ​ទទួលយក​បុគ្គលិក ៣៦៥​នាក់​ដែល​ក្រុមហ៊ុន ណាហ្គា​វើលដ៍ បាន​បញ្ឈប់​ពី​ការងារ​ដោយ​បង្ខំ​តាំងពី​ខែ​មេសា ឆ្នាំ​២០២១ មក។

កាលពី​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២២ កូដករ​បាន​នាំគ្នា​ពាក់​អាវ​យឺត​ពណ៌​ខៀវ​ដៃ​ខ្លី ដែល​ជា​និមិត្តរូប​សហជីព និង​មួក​ពណ៌​ស ព្រមទាំង​កាន់​ប៉េងប៉ោង​ដែល​មាន​អក្សរ​ជា​ភាសា​អង់គ្លេស​មាន​ខ្លឹមសារ​ថា យើង​ត្រូវការ​សហជីព ខណៈ​មេដឹកនាំ​សហជីព ៨​រូប​របស់​ពួកគេ​នៅ​ពេលនេះ​កំពុង​ត្រូវ​ឃុំ​ខ្លួន​ចាប់តាំង​ពី​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០២២ មក។

ក្រុមហ៊ុន ណាហ្គា​វើលដ៍ បាន​ព្យាយាម​រំលាយ​សហជីព​ចំនួន ៤​លើក​រួច​មក​ហើយ ក្នុង​នោះ​នៅ​ឆ្នាំ​២០០៩ ក្រុមហ៊ុន​បាន​បញ្ឈប់​សហជីព​រាប់​រយ​នាក់​រហូត​ដល់​ឆ្នាំ​២០១៣ ក្រុមហ៊ុន​បាន​បញ្ឈប់​សមាជិក​សហជីព​បន្ត​ទៀត ប៉ុន្តែ​នៅ​ឆ្នាំ​២០១៩ ក្រុមហ៊ុន​បាន​ព្យួរ​ការងារ​ប្រធាន​សហជីព កញ្ញា ឈឹម ស៊ីថរ តែម្តង លុះ​ដល់​ឆ្នាំ​២០២១ ក្រុមហ៊ុន​បាន​បញ្ឈប់​បុគ្គលិក​ចំនួន ១៣២៩​នាក់ ក្នុង​នោះ​មាន​សមាជិក ថ្នាក់​ដឹកនាំ និង​ប្រតិភូ​បុគ្គលិក​សហជីព​ដល់​ទៅ ១១០០​នាក់​ឯណោះ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​បញ្ឈប់​បុគ្គលិក​នេះ ក្រុមហ៊ុន ណាហ្គា​វើលដ៍ បាន​អនុវត្ត​បំពាន​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត ព្រោះ​ថា​ក្រុមហ៊ុន​ព្យាយាម​បញ្ឈប់​បុគ្គលិក​ដែល​មាន​អតីតភាព​ច្រើន តែ​រក្សា​ទុក​បុគ្គលិក​ដែល​មាន​អតីតភាព​តិច ជាពិសេស​ក្រុមហ៊ុន​មាន​ចេតនា​បំផ្លាញ​សហជីព​តែម្តង ដែល​ទង្វើ​នេះ​ផ្ទុយ​នឹង​ខ្លឹមសារ​នៃ​មាត្រា​៩៥ នៃ​ច្បាប់​ស្ដីពី​ការងារ និង​អនុសញ្ញា​អន្តរជាតិ​លេខ​៨៧ និង ៩៨ ទាំងស្រុង។

លើស​ពី​នេះ ការ​បញ្ឈប់​ថ្នាក់​ដឹកនាំ​សហជីព និង​ប្រតិភូ​បុគ្គលិក​ទាំងនេះ ថៅកែ​ក្រុមហ៊ុន​មិន​ទទួល​បាន​ការ​អនុញ្ញាត​ពី​អធិការកិច្ច​ការងារ​ដែល​តម្រូវ​ដោយ​ច្បាប់​នោះ​ទេ ដែល​បង្ហាញ​ថា​ពួកគេ​បាន​បំពាន​ច្បាប់​ការងារ​មាត្រា​២៩៣ និង​ច្បាប់​ស្ដីពី​សហជីព​មាត្រា​៤៣ និង​មាត្រា​៦៧ យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស