29 C
Phnom Penh

ក្រុម​មេធាវី​លោក កឹម សុខា៖ ពាក្យ​ផ្លាស់ប្ដូរ​មេដឹកនាំ​របស់​កូនក្ដី​គឺ​ធ្វើ​តាមរយៈ​ការ​បោះឆ្នោត មិន​មែន​ផ្ដួល​រំលំ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មេធាវី​របស់​លោក កឹម សុខា អះអាង​ថា គោលបំណង និង​ខ្លឹមសារ​របស់​កូនក្ដី​ពួកគេ​ដែល​និយាយ​អំពី​ការ​ផ្លាស់ប្ដូរ​មេដឹកនាំ គឺ​ធ្វើឡើង​តាមរយៈ​ការ​បោះឆ្នោត មិនមែន​ធ្វើឡើង​តាមរយៈ​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ដោយ​ការ​ប្រើ​ហិង្សា និង​ធ្វើ​បដិវត្តន៍​ពណ៌​ឡើយ។

ការ​លើកឡើង​របស់​មេធាវី​ប្រធាន​បក្ស​ប្រឆាំង​នេះ បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បន្ត​សវនាការ​សំណុំរឿង​លោក កឹម សុខា នៅ​ថ្ងៃ​ពុធ ទី​២ កុម្ភៈ នេះ ដោយ​ការ​ចាក់​បង្ហាញ​វីដេអូ​ភស្តុតាង ៦​ឃ្លីប​ដែល​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក កឹម សុខា បញ្ជាក់​ភាព​ស្អាតស្អំ​កូនក្ដី។

វីដេអូ​ទាំង ៦​ឃ្លីប​ចាក់​បង្ហាញ​នៅ​ពេលនេះ គឺជា​វីដេអូ​ដែល​ធ្វើឡើង​នៅ​ខែ​កក្កដា ក្នុង​ឆ្នាំ​២០១២ ដែល​គណបក្ស​សិទ្ធិមនុស្ស មិនទាន់​ចូល​ជាមួយ​គណបក្ស​ភ្លើង​ទៀន បង្កើត​ជា​គណបក្ស​សង្គ្រោះ​ជាតិ​នៅឡើយ។ កាលនោះ លោក កឹម សុខា បាន​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​នៅ​ខេត្ត​តាកែវ ឆ្នាំ​២០១៣ និង​នៅ​ខេត្ត​កំពត នៅ​អំឡុង​ខែ​កក្កដា ឆ្នាំ​២០១៣ និង​ការ​ថ្លែង​របស់​លោក ប៉ុល ហំម នៅ​ទីលាន​ប្រជាធិបតេយ្យ​ឆ្នាំ​២០១៣ អំឡុង​ធ្វើ​បាតុកម្ម។

សម្រាប់​វីដេអូ​ទី​៥ ពាក់ព័ន្ធ​នឹង​លោក កឹម សុខា ថ្លែង​ទៅ​កម្មករ​ពេល​តវ៉ា​ទាមទារ​ប្រាក់ឈ្នួល​នៅ​រង្វង់​មូល​ស្ពាន​គីហ្សូណា ឆ្នាំ​២០១៣ និង​វីដេអូ​ទី​៦ នៅ​ខែ​សីហា ឆ្នាំ​២០១៧ ទាក់ទង​នឹង​លោក កឹម សុខា អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទៅ​ចុះឈ្មោះ​ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ មុន​ពេល​សមត្ថកិច្ច​ចាប់​ខ្លួន​លោក។

បើ​តាម​វីដេអូ​ឃ្លីប​ចាក់​បង្ហាញ​នោះ លោក កឹម សុខា លើកឡើង​ថា ទោះបី​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត​ក៏ដោយ ក៏​មិន​មាន​ការ​សងសឹក​ទៅ​គណបក្ស​ដែល​ចាញ់​ឆ្នោត​ដែរ បើ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត នោះ​គណបក្ស​កាន់​អំណាច​ក៏​ឈ្នះ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ក៏​ឈ្នះ ដោយ​មិន​យក​ខ្មែរ​ណា​ជា​សត្រូវ​ទេ ដោយ​ឈ្នះ​ទាំងអស់​គ្នា។ ចំពោះ​ការ​ផ្លាស់ប្ដូរ​មេដឹកនាំ​ធ្វើ​តាមរយៈ​ការ​បោះឆ្នោត មិនមែន​តាម​ផ្ដួល​រំលំ​រដ្ឋាភិបាល​ដោយ​អំពើ​ហិង្សា​ដោយ​ខុសច្បាប់​ណា​មួយ​ឡើយ។

យ៉ាងណាក៏ដោយ ការ​ដាក់​បង្ហាញ​ភស្តុតាង​នេះ អំឡុង​ពេល​សវនាការ​ក៏​មាន​ការ​ប៉ះទង្គិច​ពាក្យ​សម្ដី​គ្នា​រវាង​មេធាវី​ការពារ​លោក កឹម សុខា ជាមួយ​តំណាង​អយ្យការ ដោយសារ​ក្រុម​មេធាវី​លោក កឹម សុខា បាន​លើកឡើង​ថា អ្វី​ដែល​តំណាង​អយ្យការ​សួរ​នោះ វា​ចូល​ទៅ​ដល់​ដំណាក់កាល​សួរ​ដេញដោល​ហើយ ខណៈ​ដំណាក់កាល​នេះ​ជា​ដំណាក់កាល​បង្ហាញ​ភស្តុតាង​តែប៉ុណ្ណោះ។

លើស​ពី​នេះ អំឡុង​ពេល​សវនាការ ក៏​មាន​ការ​ចោទប្រកាន់​គ្នា​ទៅវិញ​ទៅមក ខណៈ​លោក កឹម សុខា ក៏​បាន​ប្រតិកម្ម​នឹង​ពាក្យពេចន៍​តំណាង​អយ្យការ លោក ប្លង់ សុផល ផង​ដែរ។ ការ​ចោទប្រកាន់​តំណាង​អយ្យការ លោក ប្លង់ សុផល ថា​លោក កឹម សុខា បាន​ដឹកនាំ​បាតុកម្ម​នៅ​រង្វង់​មូល​ស្ពាន​គីហ្សូណា ដោយ​ធ្វើ​ឱ្យ​មាន​ការ​កក​ស្ទះ​ចរាចរណ៍ និង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ថែមទៀត​ផង។

ការ​ចោទប្រកាន់​នេះ ត្រូវ​បាន​មេធាវី​ការពារ​ក្ដី អ្នកស្រី ម៉េង សុភារី ឡើង​ជំទាស់ ដោយ​ថា​កូនក្ដី​របស់​អ្នកស្រី​មិន​បាន​ដឹកនាំ​បាតុកម្ម​នោះ​ទេ ហើយ​ក៏​មិន​បាន​បង្ក​ការ​កក​ស្ទះ​ចរាចរណ៍​ប៉ះពាល់​សេដ្ឋកិច្ច​ដែរ។

ប្រភព​លើកឡើង​ថា លើស​ពី​ការ​ទៅ​ចូលរួម​កន្លែង​បាតុកម្ម​អំឡុង​ពេល​នោះ​ក្នុង​នាម​ជា​តំណាងរាស្ត្រ ត្រូវ​ស្ដាប់​កង្វល់​របស់​ពលរដ្ឋ​ដែល​កំពុង​មាន​ទុក្ខ​លំបាក និង​គោលបំណង​នៃ​ការ​ទាមទារ ដើម្បី​យក​កង្វល់​ទាំងនោះ​មក​ដោះស្រាយ។ អ្នកស្រី​បន្ត​ថា តួនាទី​របស់​តំណាងរាស្ត្រ​មិនមែន​អង្គុយ​តែ​ក្នុង​ម៉ាស៊ីន​ត្រជាក់​ដោយ​មិន​ខ្វល់​ពី​ពលរដ្ឋ​ឡើយ។

អ្នកស្រី​បន្ត​ថា បើសិនជា​តំណាង​អយ្យការ​យល់​ថា​ការ​ធ្វើ​បាតុកម្ម​នៅ​រង្វង់​មូល​ស្ពាន​គីហ្សូណា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​សេដ្ឋកិច្ច​នោះ អ្នកស្រី​ស្នើ​ទៅ​តំណាង​អយ្យការ​រក​ភស្តុតាង និង​របាយការណ៍​មក​បង្ហាញ ដោយ​កុំ​ចេះ​តែ​ដាក់​បន្ទុក​មក​លើ​កូនក្ដី​របស់​អ្នកស្រី​តាម​ទំនើង​ចិត្ត​នោះ។

មិនមែន​ត្រឹមតែ​មេធាវី​ទេ លោក កឹម សុខា ក៏​បាន​ឡើង​បញ្ជាក់​ក្រោយ​ពី​តំណាង​អយ្យការ លោក ប្លង់ សុផល បាន​ចោទ​ថា លោក​ជា​អ្នក​ដឹកនាំ​ធ្វើ​បាតុកម្ម​នៅ​រង្វង់​មូល​ស្ពាន​គីហ្សូណា ខេត្ត​កំពង់ចាម កាលពី​ឆ្នាំ​២០១៣។ លោក កឹម សុខា បាន​ឱ្យ​តំណាង​អយ្យការ​បង្ហាញ​ភស្តុតាង មុន​នឹង​ចោទប្រកាន់​នោះ។ លោក​បញ្ជាក់​ថា លោក​បាន​ទៅ​ចូលរួម ប៉ុន្តែ​មិន​បាន​ដឹកនាំ​ឡើយ។ លោក​ចាត់ទុក​ការ​ចោទប្រកាន់​របស់​តំណាង​អយ្យការ​ថា​ប៉ះពាល់​ដល់​រូប​គាត់។

លោក កឹម សុខា និយាយ​ក្នុង​អង្គ​សវនាការ​ទៅ​កាន់​តំណាង​អយ្យការ​ថា ពាក្យ​ដឹកនាំ និង​ពាក្យ​ចូលរួម​ខុស​គ្នា នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ តំណាងរាស្ត្រ​ចូលរួម​ស្ដាប់​ការ​ទាមទារ និង​កង្វល់​របស់​បាតុករ។ លោក កឹម សុខា ក៏​បាន​ប្រតិកម្ម​ទៅ​នឹង​ការ​លើកឡើង​របស់​តំណាង​អយ្យការ លោក ប្លង់ សុផល បាន​និយាយ​ក្នុង​សវនាការ​ថា លោក កឹម សុខា ស្ដាប់​ឮ​ហើយ តែ​ធ្វើ​អត់​ឮ និង​យល់ ធ្វើ​មិន​យល់។ លោក កឹម សុខា ចាត់ទុក​ការ​លើកឡើង​របស់​តំណាង​អយ្យការ​ថា​ជា​ការ​ប្រមាថ​មិន​អាច​ទទួលយក​បាន។

យ៉ាងណាក៏ដោយ ក្រោយ​ពី​សវនាការ​បង្ហាញ​ភស្តុតាង​លើ​វីដេអូ​ឃ្លីប​ទាំង​៦ ពេញ​មួយ​ព្រឹក​នា​ថ្ងៃ​ពុធ នេះ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក កូយ សៅ សម្រេច​លើក​ពេល​បន្ត​សវនាការ​ទៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ បន្ត​ទៀត។

អ្នកស្រី ចក់ សុភាព ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​លើកឡើង​នៅ​ថ្ងៃ​ទី​២ កុម្ភៈ នេះ​ថា ថ្វីបើ​សវនាការ​នេះ​ប្រព្រឹត្ត​ទៅ​ជិត ៣០​ដង​ទៅ​ហើយ​ក្ដី ប៉ុន្តែ​បញ្ហា​នីតិវិធី​ដាក់​ភស្តុតាង និង​ដេញដោល​នៅតែ​ជា​ចំណុច​ខ្វែង​មតិ​គ្នា​ក្នុង​អង្គ​ជំនុំជម្រះ​នៅឡើយ។ អ្នកស្រី​បាន​លើកឡើង​ទៀត​ថា ខុស​ពី​សវនាការ​ដទៃ​កន្លងមក សវនាការ​នេះ​កំណត់​ជជែក​លើ​ភាព​ត្រឹមត្រូវ​នៃ​ភស្តុតាង​មុន​សិន និង​លុះ​បញ្ចប់​ដំណាក់កាល​ដាក់​ភស្តុតាង​រួចរាល់ ទើប​ដេញដោល ដែល​នាំ​ឱ្យ​មាន​ភាព​ស្មុគស្មាញ ដែល​បាន​ចូល​ហួស​ដេញដោល​លើ​អង្គ​ហេតុ។

អ្នកស្រី ចក់ សុភាព បាន​លើកឡើង​ទៀត​ថា លោក កឹម សុខា និង​សមាជិក​ដទៃ​ទៀត​មិន​គួរ​ត្រូវ​ប្រឈម​បទ​ចោទប្រកាន់​ដោយសារតែ​ភាព​សកម្ម​ខាង​នយោបាយ និង​គណបក្ស​ខ្លួន​ឡើយ។ ប្រភព​ថា ការ​បន្ត​ចោទប្រកាន់ និង​អូស​បន្លាយ​ពេល​នេះ​ជា​ការ​បំពាន​ដល់​សិទ្ធិ​សេរីភាព​ខាង​នយោបាយ​ដែល​កម្ពុជា​បាន​ទទួលស្គាល់​ក្នុង​រដ្ឋធម្មនុញ្ញ និង​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ។

អ្នកវិភាគ​បញ្ហា​នយោបាយ និង​សង្គម​នៅ​កម្ពុជា លោក គឹម សុខ បាន​លើកឡើង​នៅ​ក្នុង​បណ្ដាញ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២ កុម្ភៈ នេះ​ដែរ​ថា ដំណើរការ​សវនាការ​លើ​លោក កឹម សុខា ជាក់ស្ដែង​ណាស់ លោក ហ៊ុន សែន កំពុង​ប្រើប្រាស់​សំណុំរឿង​លោក កឹម សុខា ដើម្បី​ឌឺដង​សហគមន៍​អន្តរជាតិ និង​ពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ។

លោក​ថា ក្រោម​ការ​ទាមទារ​ពី​មជ្ឈដ្ឋាន​ចម្រុះ​បង្ខំ​ឲ្យ​តុលាការ​បើក​ជំនុំជម្រះ​ឡើងវិញ​ក្រោយ​វិបត្តិ​រាតត្បាត​ជំងឺ Covid-19 ក្រុម​លោក ហ៊ុន សែន គ្មាន​លេស​សមរម្យ​ដើម្បី​បន្ត​ខ្ទប់​ឲ្យ​គាំង​សវនាការ​ឡើយ ដូច្នេះ​ការ​បើក​សវនាការ​នេះ​មិនមែន​ស្វែងរក​យុត្តិធម៌​នោះ​ទេ គឺជា​ការ​កាត់បន្ថយ​ការ​រិះគន់ និង​ជា​ការ​ផ្គើន​ទៅវិញ។

អ្នកវិភាគ​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា ដើម្បី​កុំ​ឲ្យ​លោក ហ៊ុន សែន បំពាន​តាម​ចិត្ត​ពេក លោក កឹម សុខា និង​អ្នក​ដែល​កំពុង​ទទួល​រង​អំពើ​អយុត្តិធម៌​ផ្សេង​ទៀត ដូចជា​កញ្ញា សេង ធារី និង​អ្នក​ជាប់​បម្រាម​តុលាការ​គ្រប់​រូប ព្រមទាំង​ក្រុម​គ្រួសារ​ដែល​មាន​សមាជិក​ជាប់​គុក​នយោបាយ គួរ​សហការ​គ្នា គួរ​ធ្វើ​យុទ្ធនាការ​ទាមទារ​យុត្តិធម៌​ដោយ​ជ្រើសរើស​ទីតាំង​សាធារណៈ​ណា​មួយ​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​កូដកម្ម​អហិង្សា ទទូច​ឲ្យ​តុលាការ​ពិចារណា​ទម្លាក់​ចោល​ការ​ចោទប្រកាន់​ទាំងអស់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស