33 C
Phnom Penh

លោក កឹម សុខា ថា​យុត្តិធម៌​ពិត​សម្រាប់​លោក​ពិបាក​រក តែ​នៅ​មាន​មិត្ត​ល្អ​ជិត​ឆ្ងាយ​ទទួលស្គាល់​និង​ផ្តល់​តម្លៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អះអាង​ថា ត្បិត​យុត្តិធម៌​ពិត​សម្រាប់​លោក​ពិបាក​រក​ក៏​ពិត​មែន ប៉ុន្តែ​បើ​នៅ​មាន​មិត្ត​ល្អ​ជិត​ឆ្ងាយ​ទទួលស្គាល់ គោរព​រាប់អាន និង​ផ្តល់​តម្លៃ នោះ​បង្ហាញ​ឱ្យ​ឃើញ​ថា លោក​នៅតែ​ជា​មនុស្ស​ស្អាតស្អំ និង​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​ឡើយ។

លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ នេះ​បន្ទាប់ពី​ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា លោក Pablo Kang បាន​ទៅ​គេហដ្ឋាន​របស់​លោក​ដើម្បី​ជួប​សម្ដែង​ការ​គួរសម និង​ឈ្វេងយល់​អំពី​ដំណើរការ​សវនាការ​រឿង​ក្តី​របស់​លោក​ក្នុង​ពេល​ថ្មីៗ​នេះ។

លោក កឹម សុខា អះអាង​ថា ក្នុង​ជំនួប​នោះ ឯកអគ្គរាជទូត​បាន​បង្ហាញ​ថា រដ្ឋាភិបាល និង​ពលរដ្ឋ​អូស្ត្រាលី ដែល​ជា​មិត្ត​ល្អ​របស់​កម្ពុជា ដែល​ធ្លាប់​ជួយ​កម្ពុជា​ក្នុង​ការ​ស្វែងរក​សន្តិភាព ការ​ផ្សះផ្សា​ជាតិ និង​ការ​អភិវឌ្ឍ ជាពិសេស​ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩៣ នៅតែ​ចង់​ឃើញ​ពលរដ្ឋ​ខ្មែរ​មាន​ការ​បង្រួបបង្រួម​ជាតិ មាន​សិទ្ធិ​សេរីភាព និង​មាន​ដំណើរការ​ប្រជាធិបតេយ្យ​ស្របតាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

លោក​បញ្ជាក់​ថា ថ្វីត្បិតតែ​យុត្តិធម៌​ពិត​សម្រាប់​លោក​ពិបាក​រក​ក៏​ពិត​មែន ប៉ុន្តែ​លោក​នៅ​មាន​មិត្ត​ល្អ​ជិត​ឆ្ងាយ​ទទួលស្គាល់ គោរព​រាប់អាន និង​ផ្តល់​តម្លៃ​ទាំង​ក្នុង​សង្គម​ជាតិ និង​អន្តរជាតិ​ផង​ដែរ។

ករណី​នេះ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា លោក​ជា​មនុស្ស​ស្អាតស្អំ និង​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​ឡើយ។ លោក កឹម សុខា បាន​សរសេរ​លើ​ទំ​ព័រ​ហ្វេសប៊ុក​របស់​លោក​ថា លោក​អរគុណ​រាជរដ្ឋាភិបាល​អូស្ត្រាលី ជាពិសេស​ឯកអគ្គរាជទូត​ជា​តំណាង​នៅ​ទីនេះ ក៏ដូចជា​ថ្នាក់​ដឹកនាំ​អូស្ត្រាលី​ផ្សេង​ទៀត​ដែល​បាន​ផ្តល់​កិត្តិយស​ចំណាយ​ពេល​ជួប​ពិភាក្សា​ជាមួយ​លោក​កន្លងមក និង​យកចិត្ត​ទុកដាក់​ចំពោះ​សិទ្ធិ​សេរីភាព និង​យុត្តិធម៌​សម្រាប់​លោក។

លោក​បន្ត​ថា យុត្តិធម៌​ពិត​ជា​ពិបាក​រក​មែន ប៉ុន្តែ​បើ​មាន​មិត្ត​ល្អ​ជិត​ឆ្ងាយ​ទទួលស្គាល់ ផ្តល់​តម្លៃ គោរព​រាប់អាន​ក្នុង​សង្គម​ជាតិ និង​អន្តរជាតិ ក៏​អាច​បង្ហាញ​ថា​លោក​ជា​មនុស្ស​ស្អាតស្អំ និង​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​ឡើយ។

លោក កឹម សុខា ត្រូវ​បាន​តុលាការ​កម្ពុជា​ចោទប្រកាន់​ពី​បទ «គប់គិត​ជាមួយ​រដ្ឋ​បរទេស​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា» ខណៈ​សហគមន៍​ជាតិ និង​អន្តរជាតិ​ថា​សំណុំរឿង​របស់​លោក​ជា​រឿង​នយោបាយ។

យ៉ាងណាក៏ដោយ អំឡុង​ពេល​សវនាការ​សំណុំរឿង​កាល​ពី​ថ្ងៃ​ទី​២ កុម្ភៈ លោក កឹម សុខា បាន​លើកឡើង​ថា រាល់​ការ​ផ្លាស់ប្ដូរ​មេដឹកនាំ គឺ​តាមរយៈ​ការ​បោះឆ្នោត​ស្របតាម​រដ្ឋធម្មនុញ្ញ​កម្ពុជា។ ក្នុង​នោះ វីដេអូ​ទាំង ៦​ឃ្លីប​ដែល​តុលាការ​ចាក់​បង្ហាញ​នោះ លោក កឹម សុខា បាន​និយាយ​ថា ទោះបីជា​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត ក៏​មិន​មាន​ការ​សងសឹក​ទៅ​លើ​គណបក្ស​ដែល​ចាញ់​ឆ្នោត​នោះ​ដែរ។

លោក​តែង​និយាយ​ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ គណបក្ស​កាន់​អំណាច​ក៏​ឈ្នះ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ក៏​ឈ្នះ ដោយ​មិន​យក​ខ្មែរ​ណា​ជា​សត្រូវ ហើយ​ឈ្នះ​ទាំងអស់​គ្នា ខណៈ​ការ​ផ្លាស់ប្ដូរ​មេដឹកនាំ គឺ​ត្រូវ​ធ្វើ​តាមរយៈ​ការ​បោះឆ្នោត មិនមែន​តាម​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ដោយ​អំពើ​ហិង្សា​ដោយ​ខុសច្បាប់​ណា​មួយ​ឡើយ។

សវនាការ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​គេ​សង្កេត​ឃើញ​ថា​មាន​អង្គការ​មិនមែន​រដ្ឋាភិបាល និង​តំណាង​ស្ថានទូត​មកពី​បណ្ដា​ប្រទេស​លោកសេរី​មួយ​ចំនួន បាន​តាមដាន​ចូល​ស្ដាប់ និង​អង្កេត ក្នុង​នោះ​មាន​ដូចជា តំណាង​សហរដ្ឋ​អាមេរិក អាល្លឺម៉ង់ សហភាព​អឺរ៉ុប អង់គ្លេស បារាំង និង​តំណាង​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ជាដើម៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស