34 C
Phnom Penh

ក្រសួង​អំពាវនាវ​ឱ្យ​ក្រុម​កូដករ​ណាហ្គា​ទៅ​ធ្វើ​តេស្ដ​បន្ទាប់ពី​រក​ឃើញ​ជំងឺ Covid-19 លើ​ស្ត្រី​ម្នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​សុខាភិបាល អំពាវនាវ​ឱ្យ​ក្រុម​កូដករ​ដែល​កំពុង​តវ៉ា​ជាមួយ​ក្រុមហ៊ុន ណាហ្គា​វើលដ៍ (NAGA World) នៅ​ពេលនេះ ឱ្យ​ទៅ​ធ្វើ​តេស្ដ​រក​វីរុស Covid-19 ទាំងអស់​គ្នា បន្ទាប់ពី​ក្រសួង​បាន​រក​ឃើញ​ជំងឺ Covid-19 ប្រភេទ​អូមីក្រុង លើ​ស្ត្រី​ជា​កូដករ​ដែល​មាន​ផ្ទៃពោះ​ម្នាក់ ប៉ុន្តែ​ស្ត្រី​ដែល​បាន​ឆ្លង​វីរុស Covid-19 រូប​នោះ ប្រតិកម្ម​ថា ការ​អះអាង​របស់​ក្រសួង​សុខាភិបាល​ជា​រឿង​មិន​សម​ហេតុផល។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ​ថា កាលពី​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០២២ ក្រសួង​បាន​រក​ឃើញ​កូដករ​ជា​ស្ត្រី​ម្នាក់​ដែល​បាន​ទៅ​ពិនិត្យ​ផ្ទៃពោះ ថា​វិជ្ជមាន​វីរុស Covid-19 ប្រភេទ​អូមីក្រុង ដែល​បញ្ជាក់​ដោយ​មន្ទីរ​ពិសោធន៍​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា។

ប្រភព​ដដែល​អះអាង​ថា ដើម្បី​បញ្ចៀស​ការ​ឆ្លង​រីក​រាលដាល​ជំងឺ Covid-19 ក្រសួង​បាន​តម្រូវ​ឱ្យ​ក្រុម​កូដករ​ទាំងអស់​ទៅ​យក​សំណាក​ដើម្បី​ធ្វើ​តេស្ដ​រក​វីរុស Covid-19 នៅ​ទីតាំង​ដែល​បាន​កំណត់ ស្ថិត​នៅ​ក្នុង​មជ្ឈមណ្ឌល​កោះពេជ្រ ក្នុង​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ។

លោក ម៉ម ប៊ុនហេង ព្រមាន​ថា បើ​បុគ្គល​ទាំងឡាយ​ណា​ដែល​មិន​បាន​អនុវត្ត​វិធានការ​សុខាភិបាល និង​វិធានការ​រដ្ឋបាល​នេះ នឹង​ត្រូវ​ទទួល​ទោស​តាម​ច្បាប់​ស្ដីពី​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ Covid-19 និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកប​ដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​ទៀត​ជាធរមាន។

នៅ​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០២២ នេះ អ្នកស្រី ជួន សំអាន បាន​ចេញ​ឡាយ​វីដេអូ​តាម​បណ្ដាញ​សង្គម Facebook ថា ស្ត្រី​ដែល​ក្រសួង​សុខាភិបាល ថា​វិជ្ជមាន​វីរុស Covid-19 នោះ គឺជា​អ្នកស្រី​ផ្ទាល់​តែម្តង។ ស្ត្រី​រូប​នេះ​បញ្ជាក់​ថា អ្នកស្រី​ពិតជា​ពិនិត្យ​ឃើញ​វិជ្ជមាន​វីរុស Covid-19 មែន ប៉ុន្តែ​អ្នកស្រី​បាន​បញ្ជាក់​ប្រាប់​ក្រសួង​សុខាភិបាល​រួចហើយ​ថា មុន​ថ្ងៃ​វិជ្ជមាន​វីរុស​នេះ​ជិត ២០​ថ្ងៃ អ្នកស្រី​មិន​បាន​ចូល​ធ្វើ​កូដកម្ម​ជាមួយ​កូដករ​ទាំងនោះ​ទេ។ អ្នកស្រី ជួន សំអាន អះអាង​ថា អ្នកស្រី​ខាន​ទៅ​ចូលរួម​ធ្វើ​កូដកម្ម​ជាមួយ​កូដករ​តាំងពី​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០២២ មក​ម៉្លេះ ដូច្នេះ​លទ្ធផល​តេស្ដ​កាលពី​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០២១ ដែល​ថា​អ្នកស្រី​វិជ្ជមាន​វីរុស Covid-19 នោះ ក៏​មិន​មាន​ហេតុផល​ណា​អាច​ឆ្លង​ដល់​ក្រុម​កូដករ​ទាំងនោះ​ដែរ។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៤ កុម្ភៈ នេះ​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក៏​មាន​ការ​ព្រួយបារម្ភ​លើ​ការ​ឆ្លង​វីរុស Covid-19 នេះ​ដែរ ប៉ុន្តែ​ដោយសារ​ការ​អនុវត្ត​របស់​កូដករ​កន្លងមក​មាន​វិន័យ​ត្រឹមត្រូវ ទើប​ពួកគេ​គ្មាន​នរណា​ម្នាក់​មាន​ជំងឺ​ដោយសារ​វីរុស​នេះ​ទេ។ លោក​បញ្ជាក់​ថា ការ​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​នេះ សង្គម​ស៊ីវិល​ព្រួយបារម្ភ​ថា​ខ្លាចក្រែង​ក្រសួង​សុខាភិបាល​ប្រើ​លេស​នេះ​ដើម្បី​បង្អាក់ ឬ​បំបែក​ហ្វូង​កូដករ​ទៅវិញ។

បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា​វើលដ៍ ជិត ១​ពាន់​នាក់ បាន​ធ្វើ​កូដកម្ម​អស់​រយៈពេល ៤៩​ថ្ងៃ​មក​ហើយ ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​តំណាង​របស់​ពួកគេ ៨​នាក់​ពី​ពន្ធនាគារ និង​ទាមទារ​ឱ្យ​ដោះស្រាយ​វិវាទ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​ល្បែង​ស៊ីសង​មួយ​នេះ​ផង​ដែរ ប៉ុន្តែ​រហូត​មក​ទល់​ពេលនេះ មិន​មាន​ដំណោះស្រាយ​ណា​មួយ​ពី​ខាង​ក្រុមហ៊ុន​នៅឡើយ​ទេ ខណៈ​អាជ្ញាធរ​ចេះតែ​ព្យាយាម​ប្រើ​ល្បិច​គ្រប់​រូបភាព​ដើម្បី​បំបែក​ការ​តវ៉ា​នេះ​រហូត​មក៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស