35 C
Phnom Penh

តុលាការ​ផ្ដន្ទាទោស​សកម្មជន​ការពារ​ព្រៃឈើ​ដែល​ចាប់​បញ្ជូន​មកពី​ថៃ​ឲ្យ​ជាប់​ពន្ធនាគារ​២​ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ កុម្ភៈ បាន​ផ្ដន្ទាទោស​សកម្មជន​ការពារ​ព្រៃឈើ និង​ជា​អ្នក​និយម​រិះគន់​រដ្ឋាភិបាល​មិន​សំចៃ​មាត់ លោក វឿន វាសនា ឲ្យ​ជាប់​ពន្ធនាគារ ២​ឆ្នាំ និង​តម្រូវ​ឲ្យ​បង់​ប្រាក់ ២​លាន​រៀល​ពី​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម។

ការ​សម្រេច​កាត់ទោស​នេះ ធ្វើឡើង​បន្ទាប់ពី​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ អ្នកស្រី ឈុន ដាវី បាន​បន្ត​សវនាការ​លើ​សំណុំរឿង​លោក វឿន វាសនា ហៅ «គ្រញូង​ព្រៃឡង់» ពាក់ព័ន្ធ​នឹង​ការ​រិះគន់​រដ្ឋាភិបាល​លើ​បណ្ដាញ​សង្គម។

ក្រោយ​ពី​ចៅក្រម​ប្រកាស​សាលក្រម​រួច លោក វឿន វាសនា ស្រែក​ប្រាប់​អ្នក​សារព័ត៌មាន​ថា ការ​សម្រេច​នេះ គឺ «អយុត្តិធម៌» ដោយ​លោក​សំអាង​ថា ខ្លួន​មិន​បាន​ប្រព្រឹត្ត​បទល្មើស​ដូច​តុលាការ​ចោទប្រកាន់​ឡើយ។ លោក​ថា តុលាការ​កម្ពុជា​ជា​តុលាការ​តេឡេ​ត្រាប់​តាម​បញ្ជា។

មន្ត្រី​ការពារ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត លើកឡើង​ថា បទ​ញុះញង់​គឺ​កំណត់​ទោស​ជាប់​ពន្ធនាគារ​ពី ៦​ខែ​ទៅ ២​ឆ្នាំ ប៉ុន្តែ​តុលាការ​បាន​សម្រេច​ផ្ដន្ទាទោស​លោក វឿន វាសនា ឲ្យ​ជាប់​ពន្ធនាគារ ២​ឆ្នាំ​តែម្តង ដោយ​គ្មាន​ការ​បន្ធូរបន្ថយ។ លោក​ថា រដ្ឋាភិបាល​កម្ពុជា​ក៏ដូចជា​តុលាការ​រង​ការ​រិះគន់​ច្រើន​ពី​ការ​ប្រើ​បទ​ញុះញង់ ដើម្បី​ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស សកម្មជន​សង្គម និង​សកម្មជន​បរិស្ថាន ជាដើម។

ទោះ​យ៉ាងណា លោក​បន្ថែម​ថា ប្រជាពលរដ្ឋ​ត្រូវ​ប្រកាន់​ភ្ជាប់​ក្រមសីលធម៌​ក្នុង​ការ​រិះគន់។ ការ​រិះគន់​ត្រូវ​ស្ថិត​ក្នុង​ន័យ​ស្ថាបនា និង​ការ​កែលំអ​ឲ្យ​ស្រប​តាម​សិទ្ធិ​បញ្ចេញមតិ និង​សិទ្ធិ​ផ្សេងៗ​ទៀត​របស់​ពលរដ្ឋ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​សន្ធិសញ្ញា​អន្តរជាតិ​នានា​ដែល​កម្ពុជា​ទទួលស្គាល់។

លោក វឿន វាសនា ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ញុះញង់ តាមរយៈ​ខ្លឹមសារ​របស់​លោក​ដែល​បង្ហោះ​លើ​បណ្តេញ​សង្គម Facebook របស់​លោក​ឈ្មោះ ព្រៃឡង់​គ្រញូង។

កាលពី​ខែ​តុលា ឆ្នាំ​២០២១ លោក វឿន វាសនា បាន​ចូល​ទៅ​សរសេរ​កំណាព្យ​ក្នុង​ប្រអប់​ឆ្លើយឆ្លង​លើ​ទំព័រ Facebook របស់​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ដោយ​បាន​រិះគន់​យ៉ាង​ធ្ងន់ធ្ងរ​ទៅលើ​ត្រកូល ហ៊ុន ថា​ជា​អ្នក​បំផ្លាញ​ជាតិ សាសនា ធ្វើ​ឲ្យ​ទឹកដី​ព្រៃឈើ រលាយ​ហិនហោច និង​ចាប់​ចង​ប្រជាជន​តាម​ទំនើង​ចិត្ត ជាដើម។

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ក៏​បាន​ចូល​សរសេរ​តប​វិញ​ថា កំណាព្យ​នោះ​ពោរពេញ​ដោយ​ហិង្សា ហើយ​លោក​សង្ឃឹម​ថា​កម្លាំង​សមត្ថកិច្ច​នឹង​តាម​ស្វែងរក​ម្ចាស់​កំណាព្យ។ អតីត​ព្រះសង្ឃ និង​ជា​សកម្មជន​ព្រៃឡង់ លោក វឿន វាសនា បាន​ប្រាប់​អ្នក​សារព័ត៌មាន​កន្លងមក​ថា លោក​នៅតែ​ក្រាញ​ននៀល​តស៊ូ​មតិ​រិះគន់​រដ្ឋាភិបាល​ដើម្បី​ស្ថាបនា​ចំណុច​ខ្វះ​ចន្លោះ​របស់​អាជ្ញាធរ ក្នុង​ន័យ​លើក​ស្ទួយ​សង្គម​ជាតិ ដោយ​មិន​ចុះញ៉ម​នោះ​ឡើយ។ លោក​ថា អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​ស្ទឹងត្រែង និង​នគរបាល បាន​មក​ចរចា​ជាមួយ​លោក​ម្ដង​ហើយ​ម្ដង​ទៀត ដើម្បី​ឱ្យ​លោក​ចុះចូល​ជាមួយ​គណបក្ស​កាន់​អំណាច ប៉ុន្តែ​លោក​បដិសេធ​រហូត​មាន​ការ​គំរាម​ចាប់​ខ្លួន​ជា​ញឹកញាប់ ទើប​លោក​បង្ខំ​ចិត្ត​រត់​ភៀសខ្លួន​ទៅ​ប្រទេស​ថៃ។

លោក វឿន វាសនា ត្រូវ​អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​មក​កម្ពុជា​វិញ​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០២១ ជាមួយ​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ទៀត​ឈ្មោះ វឿង សំណាង អតីត​ចៅសង្កាត់​រង​នៃ​សង្កាត់​ចតុមុខ រាជធានី​ភ្នំពេញ។

លោក ឆាយ គឹមឃឿន អគ្គស្នងការ​រង និង​ជា​អ្នក​នាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បដិសេធ​ចំពោះ​ការ​ផ្សាយ​ថា អាជ្ញាធរ​កម្ពុជា​ស្នើ​ឲ្យ​អាជ្ញាធរ​ថៃ ចាប់​សកម្មជន​ប្រឆាំង ២​នាក់ គឺ​លោក វឿន វាសនា និង​លោក វឿង សំណាង បញ្ជូន​មក​កម្ពុជា។ លោក​ថា អ្នក​ទាំង​ពីរ​ទៅ​រស់នៅ​ក្នុង​ប្រទេស​ថៃ ដោយ​ខុសច្បាប់ ហើយ​ក៏​ត្រូវ​អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​មក​កម្ពុជា​វិញ។ លោក​បន្ត​ថា នៅ​ពេល​ពួកគេ​ទាំង​ពីរ​នាក់​មកដល់​កម្ពុជា ហើយ​សមត្ថកិច្ច​កម្ពុជា​ក៏​ចាប់​ពួកគេ​ទៅ​តុលាការ​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន។

កន្លងមក អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន (UNHCR) និង​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) បាន​ថ្កោលទោស​នូវ​ទង្វើ​របស់​អាជ្ញាធរ​ថៃ ដែល​បាន​ចាប់​បញ្ជូន​ជនភៀសខ្លួន​នយោបាយ​ខ្មែរ​ពីរ​នាក់​ប្រគល់​ទៅ​ឲ្យ​របប​លោក ហ៊ុន សែន វិញ។ អង្គការ​ទាំង​ពីរ​នេះ​ស្នើសុំ​ឲ្យ​សមត្ថកិច្ច​ថៃ ស៊ើប​អង្កេត​ករណី​នេះ​ជាបន្ទាន់ និង​អំពាវនាវ​សុំ​ឲ្យ​រដ្ឋាភិបាល​ថៃ អនុវត្ត​តាម​កាតព្វកិច្ច​របស់​ខ្លួន ដោយ​គោរព​តាម​គោលការណ៍​ច្បាប់​អន្តរជាតិ ព្រមទាំង​បញ្ឈប់​ជាបន្ទាន់​នូវ​ទង្វើ​បែប​នេះ​ទៅ​ថ្ងៃ​អនាគត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស