32 C
Phnom Penh

សង្គម​ស៊ីវិល​ស្នើ​សភា​និង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​រក​ដំណោះស្រាយ​វិវាទ​ការងារ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អង្គការ​សង្គម​ស៊ីវិល​នាំគ្នា​ស្វែងរក​អន្តរាគមន៍​ពី​រដ្ឋសភា និង​ស្ថាប័ន​ពាក់ព័ន្ធ ឱ្យ​ជួយ​រក​ដំណោះស្រាយ​វិវាទ​ការងារ និង​ដោះលែង​ថ្នាក់​ដឹកនាំ និង​សកម្មជន​សហជីព​ណាហ្គា​វើលដ៍ (NAGA World) ទាំង ៨​នាក់​វិញ ខណៈ​កូដករ​កំពុង​តវ៉ា​ត្រូវ​ហាមឃាត់​ក្រោម​ហេតុផល​រក​ឃើញ​មាន​ករណី​ឆ្លង​ជំងឺ Covid-19។

អង្គការ​សង្គម​ស៊ីវិល សមាគម និង​សហជីព​ដែល​ធ្វើការ​លើ​វិស័យ​លើក​កម្ពស់ និង​ការពារ​សិទ្ធិមនុស្ស សិទ្ធិ​ស្ត្រី និង​សិទ្ធិ​ការងារ​របស់​កម្មករ​និយោជិត​នៅ​កម្ពុជា​ចំនួន ១៣៤​ស្ថាប័ន បាន​ធ្វើ​លិខិត​ចំហ​ដាក់​ជូន​តំណាងរាស្ត្រ​នៅ​រដ្ឋសភា និង​ក្រសួង​មហាផ្ទៃ រួម​ទាំង​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត។

ការ​ធ្វើ​លិខិត​ចំហ​រក​កិច្ច​អន្តរាគមន៍​ដាក់​ទៅ​ស្ថាប័ន​ធំៗ​ទាំងនោះ គឺ​ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​ជាបន្ទាន់ និង​ទម្លាក់​ចោល​រាល់​ការ​ចោទប្រកាន់​ដោយ​ឥត​លក្ខខណ្ឌ​លើ​ថ្នាក់​ដឹកនាំ និង​សកម្មជន​សហជីព​ទាំង ៨​នាក់​ដែល​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ ខណៈ​កូដករ​កំពុង​ធ្វើ​កូដកម្ម​ទាមទារ​ដោះលែង​តំណាង និង​ឱ្យ​ដោះស្រាយ​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន​ល្បែង​ស៊ីសង​មួយ​នេះ ត្រូវ​បាន​ហាមឃាត់​ក្រោម​ហេតុផល​រក​ឃើញ​កូដករ​មាន​ករណី​ឆ្លង​ជំងឺ Covid-19។

អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​មុខ​ក្រសួង​មហាផ្ទៃ នា​ថ្ងៃ​រសៀល​ទី​៧ កុម្ភៈ នេះ​ថា ក្រុមហ៊ុន​ណាហ្គា​វើលដ៍ បាន​ធ្វើ​ទុក្ខបុកម្នេញ​ថ្នាក់​ដឹកនាំ​សហជីព​តាំងពី​ឆ្នាំ​២០១៩ រហូត​ដល់​បច្ចុប្បន្ន។ លោក​បន្ត​ថា ចេតនា​របស់​ក្រុមហ៊ុន​ដែល​រំលាយ​សហជីព​នា​ពេលនេះ បាន​បង្ហាញ​ពី​គំរូ​អាក្រក់​ក្នុង​ការ​គាបសង្កត់ កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម និង​រំលោភ​សិទ្ធិ​បុគ្គលិក​ដែល​បម្រើ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន។

ចំណែក​ឯ​នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព បាន​អះអាង​ថា ការ​ដាក់​លិខិត​ទៅ​តំណាងរាស្ត្រ​នៅ​រដ្ឋសភា ដែល​ជា​អ្នក​អនុម័ត​ច្បាប់​ផ្សេងៗ រួម​ទាំង​រដ្ឋធម្មនុញ្ញ​ផង​នោះ ដើម្បី​ឲ្យ​លោក​បាន​ដឹង​អំពី​ការ​រំលោភបំពាន​សិទ្ធិ​របស់​ពលរដ្ឋ​ពី​សំណាក់​អាជ្ញាធរ ដែល​សិទ្ធិ​នេះ​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​កម្ពុជា។ អ្នកស្រី​បន្ត​ថា ពួកគាត់​ជា​សង្គម​ស៊ីវិល​ចង់​ឱ្យ​តំណាងរាស្ត្រ​កោះហៅ​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មក​បំភ្លឺ​ចំពោះ​វិវាទ​ការងារ និង​ការ​ចាប់​ខ្លួន​តំណាង​សហជីព​ជា​ស្ត្រី​ទាំង​កម្រោល​ពី​សំណាក់​អាជ្ញាធរ រួម​ទាំង​ការ​រារាំង និង​ធ្វើ​ទុក្ខបុកម្នេញ​កូដករ​ដែល​ធ្វើ​កូដកម្ម​ដោយ​អហិង្សា ក្រោម​ហេតុផល​មាន​ករណី​ឆ្លង Covid-19 ជាដើម។

អ្នកស្រី ចក់ សុភាព បន្ត​ថា តំណាងរាស្ត្រ​គួរតែ​ពិនិត្យ​ឡើងវិញ​ចំពោះ​ការ​លាប​ពណ៌​លើ​អង្គការ​សង្គម​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ដែល​គ្រាន់តែ​បញ្ចេញមតិ និង​ប្រើប្រាស់​សិទ្ធិ​ជួបជុំ​គ្នា​ផ្សេង​ទៀត​ពី​សំណាក់​អាជ្ញាធរ។

អ្នកស្រី​ចាត់ទុក​ការ​ចោទប្រកាន់​កូដករ​ដែល​សកម្ម​ក្នុង​ការ​តវ៉ា ដោយ​យក​ច្បាប់ Covid មក​អនុវត្ត​នា​ពេល​ថ្មីៗ​នេះ ថា​ជា​រឿង​អយុត្តិធម៌​សម្រាប់​កូដករ ទាំង​ដែល​ពួកគាត់​មិន​បាន​គេចវេស​ក្នុង​ការ​ធ្វើ​តេស្ដ​នោះ។

បើ​តាម​អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក ឃុន ថារ៉ូ ឲ្យ​ដឹង​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​នឹង​បន្ត​ដាក់​លិខិត​ចំហ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ហើយ​និង​ស្ថានទូត​ធំៗ​ប្រចាំ​នៅ​កម្ពុជា រួម​ទាំង​ទីភ្នាក់ងារ​ផ្សេងៗ​ដែល​បាន​សហការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។ លោក​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​៧ កុម្ភៈ នេះ​ដែរ សហព័ន្ធ​សហជីព​បាន​នាំគ្នា​ធ្វើ​យុទ្ធនាការ​ទូទាំង​ពិភពលោក ដើម្បី​ជំរុញ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ពន្លឿន​ដោះស្រាយ​វិវាទ​ការងារ​នេះ​ឱ្យ​បាន​ឆាប់។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​លើកឡើង​ថា ការ​តវ៉ា​របស់​ក្រុម​កូដករ​ណាហ្គា​វើលដ៍ គឺជា​វិវាទ​ការងារ មិនមែន​ជា​រឿង​អ្វី​ផ្សេង​ដូច​ការ​ចោទប្រកាន់ និង​លាប​ពណ៌​ឡើយ ខណៈ​ការ​ធ្វើ​កូដកម្ម​របស់​កូដករ​ជា​ការ​អនុវត្ត​សិទ្ធិ​ដែល​មាន​ធានា​ដោយ​ច្បាប់​ជាតិ និង​អន្តរជាតិ ផ្ទុយពី​ការ​ចោទប្រកាន់​របស់​អាជ្ញាធរ និង​ក្រុមហ៊ុន។

សង្គម​ស៊ីវិល​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស ស្នើ​ឲ្យ​រដ្ឋាភិបាល អាជ្ញាធរ បញ្ឈប់​ការ​លាប​ពណ៌​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​កូដករ ហើយ​ងាក​មក​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ ទម្លាក់​ចោល​រាល់​បទ​ចោទប្រកាន់ និង​ដោះលែង​តំណាង​សហជីព​ទាំង ៨​នាក់ រួម​ទាំង​អ្នក​ដែល​ត្រូវ​បាន​ចោទប្រកាន់​ដោយ​ច្បាប់ Covid-19 នា​ពេល​ថ្មីៗ​នេះ ដើម្បី​បញ្ចប់​វិវាទ​ការងារ​នេះ​ដោយ​ឈរ​លើ​គោលការណ៍​យុត្តិធម៌។

អ្នកស្រី ចក់ សុភាព ថា​គណៈកម្មការ​ទី​១ ផ្នែក​សិទ្ធិមនុស្ស និង​ទទួល​បន្ទុក​ពាក្យ​បណ្ដឹង ដោយ​សន្យា​នឹង​បញ្ជូន​លិខិត​ចំហ​របស់​ពួកគាត់​ទៅ​ប្រធាន​រដ្ឋសភា ដើម្បី​ពិនិត្យ​មើល​បន្ថែម​ទៀត។

បុគ្គលិក​ណាហ្គា​វើលដ៍ បាន​នាំគ្នា​តវ៉ា​ជាង ១​ខែ​មក​ហើយ ទាមទារ​ឱ្យ​ថៅកែ​របស់​ខ្លួន​យក​តំណាង​សហជីព ៣៥៦​នាក់​ចូល​ធ្វើការ​វិញ។ ការ​តវ៉ា​របស់​បុគ្គលិក​ណាហ្គា ធ្វើឡើង​បន្ទាប់ពី​ថៅកែ​បញ្ឈប់​កម្មករ​ជាង ១​ពាន់​នាក់​ក្រោយពី​មាន​ការ​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់ខែ​អំឡុង​ឆ្នាំ​២០២១។

គិត​មកដល់​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ នេះ យ៉ាងហោចណាស់​មាន​ថ្នាក់​ដឹកនាំ និង​សកម្មជន​សហជីព​ជាង ១០​នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​ជាបន្តបន្ទាប់ ខណៈ​កូដករ ៤​នាក់​ទៀត​ត្រូវ​បាន​តុលាការ​កោះហៅ​ឱ្យ​ចូល​ខ្លួន​បំភ្លឺ​ពាក់ព័ន្ធ​រឿង​រារាំង​ដល់​ការ​អនុវត្ត​វិធានការ​ទប់ស្កាត់​ជំងឺ Covid-19។

កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ តំណាង​ស្ថានទូត​អាល្លឺម៉ង់ ប្រចាំ​នៅ​កម្ពុជា បាន​គាំទ្រ​ការ​ណែនាំ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ដែល​ជំរុញ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​ពន្លឿន​ការ​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន ណាហ្គា​វើលដ៍ ឱ្យ​បាន​ឆាប់ ដោយ​លោក​បញ្ជាក់​ថា ករណី​នេះ​ជា​រឿង​វិវាទ​ការងារ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស