ក្រុមអង្គការសង្គមស៊ីវិលនាំគ្នាស្វែងរកអន្តរាគមន៍ពីរដ្ឋសភា និងស្ថាប័នពាក់ព័ន្ធ ឱ្យជួយរកដំណោះស្រាយវិវាទការងារ និងដោះលែងថ្នាក់ដឹកនាំ និងសកម្មជនសហជីពណាហ្គាវើលដ៍ (NAGA World) ទាំង ៨នាក់វិញ ខណៈកូដករកំពុងតវ៉ាត្រូវហាមឃាត់ក្រោមហេតុផលរកឃើញមានករណីឆ្លងជំងឺ Covid-19។
អង្គការសង្គមស៊ីវិល សមាគម និងសហជីពដែលធ្វើការលើវិស័យលើកកម្ពស់ និងការពារសិទ្ធិមនុស្ស សិទ្ធិស្ត្រី និងសិទ្ធិការងាររបស់កម្មករនិយោជិតនៅកម្ពុជាចំនួន ១៣៤ស្ថាប័ន បានធ្វើលិខិតចំហដាក់ជូនតំណាងរាស្ត្រនៅរដ្ឋសភា និងក្រសួងមហាផ្ទៃ រួមទាំងភាគីពាក់ព័ន្ធផ្សេងទៀត។
ការធ្វើលិខិតចំហរកកិច្ចអន្តរាគមន៍ដាក់ទៅស្ថាប័នធំៗទាំងនោះ គឺដើម្បីទាមទារឱ្យមានការដោះលែងជាបន្ទាន់ និងទម្លាក់ចោលរាល់ការចោទប្រកាន់ដោយឥតលក្ខខណ្ឌលើថ្នាក់ដឹកនាំ និងសកម្មជនសហជីពទាំង ៨នាក់ដែលត្រូវបានតុលាការឃុំខ្លួនក្នុងពន្ធនាគារ ខណៈកូដករកំពុងធ្វើកូដកម្មទាមទារដោះលែងតំណាង និងឱ្យដោះស្រាយវិវាទការងារជាមួយក្រុមហ៊ុនល្បែងស៊ីសងមួយនេះ ត្រូវបានហាមឃាត់ក្រោមហេតុផលរកឃើញកូដករមានករណីឆ្លងជំងឺ Covid-19។
អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ បានប្រាប់អ្នកសារព័ត៌មាននៅមុខក្រសួងមហាផ្ទៃ នាថ្ងៃរសៀលទី៧ កុម្ភៈ នេះថា ក្រុមហ៊ុនណាហ្គាវើលដ៍ បានធ្វើទុក្ខបុកម្នេញថ្នាក់ដឹកនាំសហជីពតាំងពីឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្ន។ លោកបន្តថា ចេតនារបស់ក្រុមហ៊ុនដែលរំលាយសហជីពនាពេលនេះ បានបង្ហាញពីគំរូអាក្រក់ក្នុងការគាបសង្កត់ កេងប្រវ័ញ្ចកម្លាំងពលកម្ម និងរំលោភសិទ្ធិបុគ្គលិកដែលបម្រើការងារនៅក្នុងក្រុមហ៊ុន។
ចំណែកឯនាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព បានអះអាងថា ការដាក់លិខិតទៅតំណាងរាស្ត្រនៅរដ្ឋសភា ដែលជាអ្នកអនុម័តច្បាប់ផ្សេងៗ រួមទាំងរដ្ឋធម្មនុញ្ញផងនោះ ដើម្បីឲ្យលោកបានដឹងអំពីការរំលោភបំពានសិទ្ធិរបស់ពលរដ្ឋពីសំណាក់អាជ្ញាធរ ដែលសិទ្ធិនេះធានាដោយរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់កម្ពុជា។ អ្នកស្រីបន្តថា ពួកគាត់ជាសង្គមស៊ីវិលចង់ឱ្យតំណាងរាស្ត្រកោះហៅស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មកបំភ្លឺចំពោះវិវាទការងារ និងការចាប់ខ្លួនតំណាងសហជីពជាស្ត្រីទាំងកម្រោលពីសំណាក់អាជ្ញាធរ រួមទាំងការរារាំង និងធ្វើទុក្ខបុកម្នេញកូដករដែលធ្វើកូដកម្មដោយអហិង្សា ក្រោមហេតុផលមានករណីឆ្លង Covid-19 ជាដើម។
អ្នកស្រី ចក់ សុភាព បន្តថា តំណាងរាស្ត្រគួរតែពិនិត្យឡើងវិញចំពោះការលាបពណ៌លើអង្គការសង្គមសង្គមស៊ីវិល និងពលរដ្ឋដែលគ្រាន់តែបញ្ចេញមតិ និងប្រើប្រាស់សិទ្ធិជួបជុំគ្នាផ្សេងទៀតពីសំណាក់អាជ្ញាធរ។
អ្នកស្រីចាត់ទុកការចោទប្រកាន់កូដករដែលសកម្មក្នុងការតវ៉ា ដោយយកច្បាប់ Covid មកអនុវត្តនាពេលថ្មីៗនេះ ថាជារឿងអយុត្តិធម៌សម្រាប់កូដករ ទាំងដែលពួកគាត់មិនបានគេចវេសក្នុងការធ្វើតេស្ដនោះ។
បើតាមអ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក ឃុន ថារ៉ូ ឲ្យដឹងថា ក្រុមអង្គការសង្គមស៊ីវិលនឹងបន្តដាក់លិខិតចំហទៅស្ថាប័នពាក់ព័ន្ធ ហើយនិងស្ថានទូតធំៗប្រចាំនៅកម្ពុជា រួមទាំងទីភ្នាក់ងារផ្សេងៗដែលបានសហការជាមួយរដ្ឋាភិបាលកម្ពុជា។ លោកបញ្ជាក់ថា នៅថ្ងៃទី៧ កុម្ភៈ នេះដែរ សហព័ន្ធសហជីពបាននាំគ្នាធ្វើយុទ្ធនាការទូទាំងពិភពលោក ដើម្បីជំរុញទៅរដ្ឋាភិបាលកម្ពុជាពន្លឿនដោះស្រាយវិវាទការងារនេះឱ្យបានឆាប់។
ក្រុមអង្គការសង្គមស៊ីវិលលើកឡើងថា ការតវ៉ារបស់ក្រុមកូដករណាហ្គាវើលដ៍ គឺជាវិវាទការងារ មិនមែនជារឿងអ្វីផ្សេងដូចការចោទប្រកាន់ និងលាបពណ៌ឡើយ ខណៈការធ្វើកូដកម្មរបស់កូដករជាការអនុវត្តសិទ្ធិដែលមានធានាដោយច្បាប់ជាតិ និងអន្តរជាតិ ផ្ទុយពីការចោទប្រកាន់របស់អាជ្ញាធរ និងក្រុមហ៊ុន។
សង្គមស៊ីវិលធ្វើការផ្នែកសិទ្ធិមនុស្ស ស្នើឲ្យរដ្ឋាភិបាល អាជ្ញាធរ បញ្ឈប់ការលាបពណ៌ក្រុមអង្គការសង្គមស៊ីវិល និងកូដករ ហើយងាកមកដោះស្រាយបញ្ហាចំពោះមុខ ទម្លាក់ចោលរាល់បទចោទប្រកាន់ និងដោះលែងតំណាងសហជីពទាំង ៨នាក់ រួមទាំងអ្នកដែលត្រូវបានចោទប្រកាន់ដោយច្បាប់ Covid-19 នាពេលថ្មីៗនេះ ដើម្បីបញ្ចប់វិវាទការងារនេះដោយឈរលើគោលការណ៍យុត្តិធម៌។
អ្នកស្រី ចក់ សុភាព ថាគណៈកម្មការទី១ ផ្នែកសិទ្ធិមនុស្ស និងទទួលបន្ទុកពាក្យបណ្ដឹង ដោយសន្យានឹងបញ្ជូនលិខិតចំហរបស់ពួកគាត់ទៅប្រធានរដ្ឋសភា ដើម្បីពិនិត្យមើលបន្ថែមទៀត។
បុគ្គលិកណាហ្គាវើលដ៍ បាននាំគ្នាតវ៉ាជាង ១ខែមកហើយ ទាមទារឱ្យថៅកែរបស់ខ្លួនយកតំណាងសហជីព ៣៥៦នាក់ចូលធ្វើការវិញ។ ការតវ៉ារបស់បុគ្គលិកណាហ្គា ធ្វើឡើងបន្ទាប់ពីថៅកែបញ្ឈប់កម្មករជាង ១ពាន់នាក់ក្រោយពីមានការតវ៉ាទាមទារដំឡើងប្រាក់ខែអំឡុងឆ្នាំ២០២១។
គិតមកដល់ថ្ងៃទី៧ ខែកុម្ភៈ នេះ យ៉ាងហោចណាស់មានថ្នាក់ដឹកនាំ និងសកម្មជនសហជីពជាង ១០នាក់ត្រូវបានឃុំខ្លួនជាបន្តបន្ទាប់ ខណៈកូដករ ៤នាក់ទៀតត្រូវបានតុលាការកោះហៅឱ្យចូលខ្លួនបំភ្លឺពាក់ព័ន្ធរឿងរារាំងដល់ការអនុវត្តវិធានការទប់ស្កាត់ជំងឺ Covid-19។
កាលពីថ្ងៃទី១ ខែកុម្ភៈ តំណាងស្ថានទូតអាល្លឺម៉ង់ ប្រចាំនៅកម្ពុជា បានគាំទ្រការណែនាំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ដែលជំរុញទៅស្ថាប័នពាក់ព័ន្ធឱ្យពន្លឿនការដោះស្រាយបញ្ចប់វិវាទការងារនៅក្រុមហ៊ុន ណាហ្គាវើលដ៍ ឱ្យបានឆាប់ ដោយលោកបញ្ជាក់ថា ករណីនេះជារឿងវិវាទការងារ៕