30 C
Phnom Penh

មេធាវី​តំណាង​ដើមបណ្ដឹង​សំណុំរឿង​លោក កឹម សុខា ដាក់​ពាក្យ​សុំ​ពន្យារ​ពេល​សវនាការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេធាវី​តំណាង​ដើមបណ្ដឹង​រដ្ឋប្បវេណី​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ ដែល​បាន​ចោទ​ប្តឹង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដាក់​ពាក្យ​សុំ​ពន្យារ​ពេល​សវនាការ​មួយ​សប្តាហ៍ ដោយ​លើក​ពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ទៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ សប្តាហ៍​ក្រោយ​ជំនួស​វិញ។

មេធាវី​តំណាង​ដើមបណ្ដឹង​រដ្ឋប្បវេណី លោក សាន់ ជួយ បាន​ដាក់​ពាក្យ​សុំ​ពន្យារ​ពេល​សវនាការ​ទៅ​កាន់​ចៅក្រម លោក កូយ សៅ កាលពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០២២ ដែល​គ្រោង​នឹង​បើក​សវនាការ​លើ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា នៅ​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ នេះ ទៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ សប្តាហ៍​ក្រោយ​វិញ ក្រោម​ហេតុផល មេធាវី​ទាំងនោះ​វិជ្ជមាន​វីរុស Covid-19 កាលពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ កន្លងទៅ។

ប្រភព​ដដែល​អះអាង​ថា ដើម្បី​ការពារ និង​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ Covid-19 ក្រុម​មេធាវី​ដើមបណ្ដឹង​កំពុងតែ​ធ្វើ​ចត្តាឡីស័ក​ដើម្បី​ពិនិត្យ និង​តាមដាន​បញ្ហា​នេះ​យ៉ាង​យកចិត្ត​ទុកដាក់ ដូច្នេះ​សវនាការ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​គ្រោង​ដំណើរការ​នៅ​ថ្ងៃ​ពុធ នេះ នឹង​ត្រូវ​លើក​ពេល។

ការ​ដាក់​ពាក្យ​ស្នើសុំ​ពន្យារ​ពេល​សវនាការ​នេះ ធ្វើឡើង​បន្ទាប់ពី​មេធាវី​ដើមបណ្ដឹង​អះអាង​ថា ខ្លួន​បាន​ឆ្លង​វីរុស Covid-19 ប៉ុន្តែ​បញ្ហា​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា គ្រាន់តែ​ជា​ល្បិច​ពន្យារ​ពេល​សវនាការ​ក្រោម​ការ​បញ្ជា​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​តែប៉ុណ្ណោះ។

នៅ​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ ប្រធាន​ក្រុម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កូយ សៅ បាន​សរសេរ​យល់ព្រម​លើ​លិខិត​ស្នើសុំ​របស់​មេធាវី​ដើមបណ្ដឹង​នោះ​ថា តុលាការ​ឯកភាព​ទៅ​នឹង​ការ​ស្នើសុំ​នេះ ព្រោះ​ថា​មេធាវី​ទាំងនោះ​ត្រូវ​គោរព​តាម​វិធានការ​របស់​ក្រសួង​សុខាភិបាល ដូច្នេះ​សវនាការ​នេះ​នឹង​ត្រូវ​លើក​ពេល​ទៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២២ ជំនួស​វិញ។

ទោះ​យ៉ាងណា ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (PMD) លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៨ កុម្ភៈ ថា លិខិត​ស្នើសុំ​ពន្យារ​សវនាការ​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ល្បិច​នយោបាយ​ពន្យារ​ពេល ដើម្បី​អូស​បន្លាយ​សំណុំរឿង​របស់​មេដឹកនាំ​ប្រឆាំង​ដើម្បី​ផលប្រយោជន៍​នយោបាយ​របស់​គណបក្ស​កាន់​អំណាច ជាជាង​ការ​ពន្លឿន​រឿង​ក្តី។

លោក ម៉ែន ណាត អះអាង​ថា ប្រសិនបើ​តុលាការ​មាន​បំណង​ពិតប្រាកដ​ចង់​ពន្លឿន​សំណុំរឿង​មេដឹកនាំ​បក្ស​ប្រឆាំង​នេះ ពួកគេ​មិន​ពន្យារ​ពេល​សវនាការ​ដោយ​លេស​ការ​ឆ្លង​វីរុស Covid-19 លើ​មេធាវី​ទាំងនោះ​ទេ ពួកគេ​ប្រាកដជា​ព្យាយាម​រក​មេធាវី​មក​ជំនួស ដើម្បី​បន្ត​សវនាការ​នេះ​តាម​ពេល​កំណត់​ជាមិនខាន។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​រូប​នេះ អំពាវនាវ​ឱ្យ​មេដឹកនាំ​បក្ស​កាន់​អំណាច​ទម្លាក់​ចោល​រាល់​បទ​ចោទ​ទាំងអស់​ទៅលើ​លោក កឹម សុខា ដើម្បី​ស្វែងរក​ការ​ផ្សះផ្សា​ជាតិ រក្សា​ផលប្រយោជន៍ និង​សេចក្តី​សុខ​ជូន​ពលរដ្ឋ​របស់​ខ្លួន។

ការ​ចោទប្រកាន់​លើ​មេដឹកនាំ​បក្ស​ប្រឆាំង​មាន​រយៈពេល​ជាង ៤​ឆ្នាំ​ហើយ ប៉ុន្តែ​លោក កឹម សុខា នៅតែ​មាន​ភាព​ស្អាតស្អំ​នៅឡើយ ព្រោះ​តុលាការ​បាន​បើក​សវនាការ​របស់​លោក​ចំនួន ២៩​លើក​រួច​មក​ហើយ ប៉ុន្តែ​នៅតែ​គ្មាន​ភស្តុតាង​ជាក់លាក់​ណា​មួយ​អាច​ដាក់​ទោស​លោក​តាម​ការ​ចោទប្រកាន់​របស់​ខ្លួន​បាន ខណៈ​ក្រុម​ឃ្លាំមើល​រិះគន់​ថា សំណុំរឿង​នេះ​ជា​រឿង​នយោបាយ​ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស