29 C
Phnom Penh

អាដហុក៖ វិវាទ​ដីធ្លី​នៅ​ក្នុង​ឆ្នាំ​២០២១​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ដោយសារ​អ្នក​មាន​អំណាច​នៅ​ពី​ក្រោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក រក​ឃើញ​ថា នៅ​ក្នុង​ឆ្នាំ​២០២១ ករណី​វិវាទ​ដីធ្លី​បាន​កើតឡើង​ចំនួន ១៦៩​ករណី​លើ​ផ្ទៃដី​ទំហំ​ជាង ៥​ម៉ឺន ២​ពាន់​ហិកតារ (៥២៦០១,៨៧​ហិកតារ) និង​ធ្វើ​ឲ្យ​ប៉ះពាល់​ជនរងគ្រោះ​ជាង ១​ម៉ឺន ៧​ពាន់​គ្រួសារ (១៧០៣៣​គ្រួសារ) ដោយ​បុគ្គល​មាន​អំណាច និង​អ្នក​មាន​ទ្រព្យ​សម្បត្តិ។

របាយការណ៍​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ កម្រាស់ ៣៤​ទំព័រ ក្រោម​ចំណងជើង​ថា «ការ​បន្ត​ចោទប្រកាន់-ការ​ចាប់​ឃុំ​ខ្លួន​ពលរដ្ឋ​ក្នុង​រឿង​វិវាទ​ដីធ្លី» បាន​លើកឡើង​ថា ក្នុង​ឆ្នាំ​២០២១ ពលរដ្ឋ​ចំនួន​ជាង ១​ម៉ឺន ៧​ពាន់​គ្រួសារ (១៧០៣៣​គ្រួសារ) ក្នុង​នោះ​មាន​ជនជាតិ​ដើម​ភាគតិច​ជាង ១៣០០​គ្រួសារ (១៣៤៧​គ្រួសារ) បាន​រង​ផល​ប៉ះពាល់​ដោយសារ​វិវាទ​ដីធ្លី​ដែល​មាន​ទំហំ​ជាង ៥​ម៉ឺន ២​ពាន់​ហិកតារ (៥២៦០១,៨៧​ហិកតារ)។ ការ​រំលោភ​ដីធ្លី​របស់​ពលរដ្ឋ​ពី​សំណាក់​បុគ្គល​មាន​អំណាច​ចំនួន ៦៦​ករណី និង​បុគ្គល​អ្នក​មាន​ទ្រព្យ​ចំនួន ២៧​ករណី។

របាយការណ៍​ដដែល​ថា​ក្នុង​ឆ្នាំ​២០២១ វិវាទ​ដីធ្លី​ធំៗ​បាន​កើន​ឡើង​ខ្ពស់​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ដោយ​មាន​ការ​ប្រើ​អំពើ​ហិង្សា វាយ​បង្ក្រាប ចាប់​ខ្លួន ឃុំ​ខ្លួន និង​បាញ់​ប្រហារ​ទៅលើ​ពលរដ្ឋ ដូចជា​ករណី​វិវាទ​នៅ​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល រវាង​ក្រុមហ៊ុន OCIC ដែល​អភិវឌ្ឍ​ធ្វើ​អាកាសយានដ្ឋាន​ថ្មី ករណី​វិវាទ​នៅ​ក្នុង​ស្រុក​ស្អាង នៃ​ខេត្ត​កណ្ដាល ក៏​មាន​សកម្មជន​ម្នាក់​ស្លាប់​ក្រោយ​ពេល​បញ្ជូន​ពី​ពន្ធនាគារ​ដល់​មន្ទីរពេទ្យ។

របាយការណ៍​ថា ករណី​វិវាទ​ដីធ្លី​នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល ក៏​មាន​កម្លាំង​ប្រដាប់​អាវុធ​បាញ់​រះ​ដោយ​ត្រូវ​ពលរដ្ឋ​ម្នាក់​បណ្ដាល​ឱ្យ​របួស​ធ្ងន់​ធ្លាយ​ស្មា​ខាងឆ្វេង ខណៈ​វិវាទ​ដីធ្លី​នៅ​ខេត្ត​ត្បូងឃ្មុំ បន្ទាយមានជ័យ ព្រះសីហនុ កំពង់ស្ពឺ កោះកុង សៀមរាប កំពង់ធំ និង​មណ្ឌលគិរី មាន​ការ​បាញ់​គំរាមកំហែង និង​ចាប់​វាយ​ខ្នោះ​ប្រជាពលរដ្ឋ​ម្ចាស់ដី​ក្រោយ​ពី​ពួកគាត់​បាន​តវ៉ា។

របាយការណ៍​ដដែល​ថា​ការ​រំលោភបំពាន​ដីធ្លី​មាន​ការ​ចាប់​ខ្លួន ចោទប្រកាន់​លើ​ប្រជាពលរដ្ឋ​ជា​ម្ចាស់ដី​ចំនួន ១៥៧​នាក់​កំពុង​ជាប់​បណ្ដឹង​អាជ្ញា និង​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ និង​ជនរងគ្រោះ ១៧​នាក់​ឃុំ​ខ្លួន​បណ្ដោះអាសន្ន ហើយ​ម្នាក់​ធ្លាក់​ខ្លួន​មាន​ជំងឺ​ធ្ងន់ធ្ងរ​រហូត​ដល់​ស្លាប់​ក្រោយ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ។

របាយការណ៍​ថា បទ​ចោទប្រកាន់​ដែល​តុលាការ​ចោទ​ប្រជាពលរដ្ឋ​រងគ្រោះ​នោះ មាន​ដូចជា បទ​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស គំរាមកំហែង ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បទ​ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់​ទោស។

ប្រធាន​អង្គភាព​អ្នក​នាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ប្រសិនជា​មាន​ការ​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ដោយសារ​រឿង​វិវាទ​ដីធ្លី​នោះ ពួកគាត់​មាន​សិទ្ធិ​ក្នុង​ការ​ស្វែងរក​មេធាវី​ដើម្បី​ការពារ​ក្ដី​ឱ្យ​បាន ជាជាង​គ្រាន់តែ​ទាមទារ។ លោក​ចាត់ទុក​ការ​ទាមទារ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នេះ ថា​កំពុង​សម្លាប់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ដោយសារ​ការ​មិន​អនុវត្ត​ទៅ​តាម​ច្បាប់​នោះ។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ថ្លែង​ថា ជា​ធម្មតា​ភាគី​រដ្ឋាភិបាល​ពុំ​ដែល​ទទួលស្គាល់​របាយការណ៍​របស់​សង្គម​ស៊ីវិល ដែល​ឆ្លុះបញ្ចាំង​ពី​ការពិត​នោះ​ទេ ក្រៅតែ​ពី​ចោទប្រកាន់​ថា​ជា​របាយការណ៍​ញុះញង់ និង​លាប​ពណ៌។ លោក​ថា មូលហេតុ​នៃ​ការ​ចាប់​ខ្លួន-ចោទប្រកាន់​វិវាទ​ដីធ្លី ឃុំ​ខ្លួន​ពលរដ្ឋ គឺ​ឥទ្ធិពល​អ្នក​មាន​អំណាច​មាន​ទ្រព្យ ការ​អនុវត្ត​ច្បាប់​មិន​ពេញលេញ និង​ដើម្បី​បំបាក់​ស្មារតី​ប្រជាពលរដ្ឋ​ម្ចាស់ដី​លែង​ហ៊ាន​ប្រើ​សិទ្ធិ​ក្នុង​ការ​ស្វែងរក​យុត្តិធម៌។

លោក​បន្ត​ថា រដ្ឋាភិបាល​ត្រូវ​បញ្ឈប់​ការ​ប្រើ​កងកម្លាំង​ប្រដាប់​អាវុធ​ទៅ​បង្ក្រាប​អ្នក​តវ៉ា​ទាមទារ​ដោយ​សន្តិវិធី​ដើម្បី​ការពារ​ភាគី​ក្រុមហ៊ុន និង​បុគ្គល​មាន​ទ្រព្យ​មាន​អំណាច។ លោក​ថា តុលាការ​គប្បី​ប្រើប្រាស់​យន្តការ​បង្អង់​បណ្តឹង​អាជ្ញា បញ្ឈប់​ការ​ចាប់​ខ្លួន ចោទប្រកាន់ ឃុំ​ខ្លួន​គូភាគី​ក្នុង​រឿង​វិវាទ​ដីធ្លី ហើយ​ត្រូវ​ដាក់​ទោស​ទណ្ឌ​ចំពោះ​បុគ្គល ឬ​ភាគី​ណា​ដែល​បាន​ប្រើ​ហិង្សា​ទៅ​រំលោភបំពាន បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ ផ្ទះសម្បែង ផលដំណាំ​របស់​ភាគី​ម្ខាង​ទៀត​ដោយ​ខុសច្បាប់។

លោក​អះអាង​ថា ក្រសួង​ពាក់ព័ន្ធ តុលាការ គណៈកម្មការ​ដោះស្រាយ​វិវាទ​ដីធ្លី ត្រូវ​ពន្លឿន និង​ពង្រឹង​ការ​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​ដែល​នៅ​កក​ស្ទះ​ឲ្យ​បាន​ឆាប់​រហ័ស មាន​តម្លាភាព យុត្តិធម៌ និង​មិន​លម្អៀង។ លោក​ថា ដោយសារតែ​ជម្លោះ​ដីធ្លី​នេះ ក៏​ជា​ផ្នែក​មួយ​ដែល​សហភាព​អឺរ៉ុប​ដាក់​លក្ខខណ្ឌ​ពាក់ព័ន្ធ​ទៅ​នឹង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ផង​ដែរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស