33 C
Phnom Penh

បញ្ញវន្ត​ខ្មែរ​ក្រៅ​ស្រុក​ថា​តុលាការ​កម្ពុជា​មិនមែន​ជា​ស្ថាប័ន​ធានា​ប្រព័ន្ធ​យុត្តិធម៌​របស់​ជាតិ​នោះ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ឯនាយ​សមុទ្រ លើកឡើង​ថា តុលាការ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ​គ្រាន់តែ​ជា​ស្ថាប័ន​សម្រាប់​ចេញ​បទបញ្ជា​ចោទប្រកាន់ ចាប់​ឃុំ​ខ្លួន និង​តាមដាន​អ្នក​ប្រជាធិបតេយ្យ​ទាំង​អយុត្តិធម៌​តែប៉ុណ្ណោះ មិនមែន​ជា​ស្ថាប័ន​ដែល​ធានា​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា​ឱ្យ​ប្រសើរ​ឡើង​នោះ​ទេ ជាក់ស្តែង​ដូចជា​ករណី​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា និង​មេដឹកនាំ​សហភាព​សហជីព​លោក រ៉ុង ឈុន ជាដើម។

ប្រធាន​ប្រតិបត្តិ​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (PMD) លោក ទូច វិបុល បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ នេះ​ថា ប្រទេស​ដែល​ប្រកាន់​របប​អត្តាធិបតេយ្យ​ដែល​មេដឹកនាំ​ប្រើ​អំណាច​ក្តោប​ក្តាប់​លើ​ស្ថាប័ន​ជាតិ ពួកគេ​តែង​ប្រើ​ស្ថាប័ន​ទាំងនោះ​ដូចជា​ស្ថាប័ន​តុលាការ ជាដើម ក្នុង​គោលបំណង​បំបិទ​មាត់​អ្នក​រិះគន់​ដើម្បី​ការពារ​អំណាច ងាយស្រួល​កេងប្រវ័ញ្ច​ប្រយោជន៍​ជាតិ ធ្វើ​មាន​បាន​សម្រាប់​ក្រុម​គ្រួសារ និង​បក្ខពួក​របស់​ពួកគេ។

លោក ទូច វិបុល បន្ត​ថា ការ​តស៊ូ​មតិ​ដោយ​អហិង្សា​តាមរយៈ​តុលាការ​ក្នុង​របប​ផ្ដាច់ការ ត្រូវការ​ភាព​អត់ធ្មត់​ជាទីបំផុត។ ជាក់ស្តែង ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ប្រធាន​សហភាព​សហជីព​លោក រ៉ុង ឈុន និង​អ្នក​ច្បាប់​អន្តរជាតិ កញ្ញា សេង ធារី ជាដើម កំពុងតែ​ធ្វើ​សកម្មភាព​អហិង្សា​ត្រឹមត្រូវ​ដើម្បី​យុត្តិធម៌​សង្គម​នៅ​ពេលនេះ។

លោក​បន្ត​ថា សម្រាប់​អ្នក​ប្រជាធិបតេយ្យ​ត្រូវតែ​បន្ត​ការ​តស៊ូ​មតិ​ដោយ​អហិង្សា​យ៉ាង​សកម្ម​តាមរយៈ​តុលាការ​នេះ ដើម្បី​ធ្វើ​ឱ្យ​ជន​ប្រព្រឹត្តិ​អំពើ​អាក្រក់ ព្រម​ចុះចាញ់​ចំពោះ​អំពើ​ល្អ​របស់​ខ្លួន ហើយ​នេះ​ជា​ពេលវេលា​ដែល​អ្នក​ប្រជាធិបតេយ្យ​ទាំងអស់​ត្រូវតែ​ចូលរួម​ឱ្យ​កាន់តែ​សកម្ម​ជាមួយ​យុទ្ធនាការ​អហិង្សា ដើម្បី​យុត្តិធម៌​តាមរយៈ​តុលាការ​ដែល​មាន​លោក កឹម សុខា លោក រ៉ុង ឈុន កញ្ញា សេង ធារី និង​សកម្មជន​ដទៃ​ទៀត​កំពុង​នាំមុខ​ក្នុង​ការ​តស៊ូ​មតិ​នៅ​ពេលនេះ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​តុលាការ​កម្ពុជា​ត្រូវ​គេ​មើលឃើញ​ថា គ្រាន់តែ​ជា​ឧបករណ៍​របស់​អ្នក​នយោបាយ​ដែល​គេ​ប្រើ​ដើម្បី​ការពារ​អ្នក​មាន​អំណាច​ធ្វើ​បាប​អ្នក​ទន់ខ្សោយ ដែល​ធ្វើ​ឱ្យ​នីតិរដ្ឋ​នៅ​កម្ពុជា​ធ្លាក់​ចុះ​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

កាលពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០២១ ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន រិះគន់​ថា អំឡុង​ពេល​ដែល​លោក​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​អស់​រយៈពេល​ជាង ១​ឆ្នាំ​កន្លងមក​នេះ លោក​សង្កេត​ឃើញ​ថា​តុលាការ​នៅ​កម្ពុជា គ្រាន់តែ​ជា​ទីផ្សារ​ទិញ​លក់​រឿង​ក្តី​យ៉ាង​អនាធិបតេយ្យ​ប៉ុណ្ណោះ មិនមែន​ជា​កន្លែង​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​នោះ​ទេ។

ចំណែក​អ្នកជំនាញ​ផ្នែក​ច្បាប់​អន្តរជាតិ និង​វិទ្យាសាស្ត្រ​នយោបាយ កញ្ញា សេង ធារី កាលពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០២១ កន្លងទៅ ទិតៀន​ថា​តុលាការ​កម្ពុជា​គ្រាន់តែ​ជា​រោងល្ខោន​នយោបាយ​របស់​ពួក​អ្នក​មាន​អំណាច​តែប៉ុណ្ណោះ ដូច្នេះ​ដើម្បី​ជួយ​រក​យុត្តិធម៌​ជូន​ជន​ស្លូតត្រង់​ដែល​កំពុង​រងគ្រោះ​ដោយសារ​ល្ខោន​នយោបាយ​របស់​តុលាការ​កម្ពុជា​នេះ កញ្ញា​នឹង​តស៊ូ​មតិ​រហូត​ដល់​ទីបំផុត។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​ឃ្លាំមើល​សង្គម​អះអាង​ថា បច្ចុប្បន្ន​នេះ​ស្ថាប័ន​ដែល​ជា​សសរស្ដម្ភ​ធំៗ​ទាំង​៣ របស់​ជាតិ គឺ​ស្ថាប័ន​នីតិប្បញ្ញត្តិ ស្ថាប័ន​នីតិប្រតិបត្តិ និង​ស្ថាប័ន​តុលាការ បាន​ក្លាយ​ជា​ឧបករណ៍​របស់​បក្ស​កាន់​អំណាច​ទាំងស្រុង​ទៅ​ហើយ ព្រោះ​ថា​មេដឹកនាំ​បក្ស​កាន់​អំណាច​បាន​ពង្រាយ​សមាជិក​បក្ស​របស់​ពួកគេ​ចូល​ទៅ​គ្រប់គ្រង​ស្ថាប័ន​ទាំងនោះ​តាំងពី​ថ្នាក់​ជាតិ​រហូត​ដល់​ថ្នាក់​មូលដ្ឋាន ដែល​នឹង​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​នីតិរដ្ឋ និង​អធិបតេយ្យភាព​របស់​ខ្លួន​ទាំងស្រុង។

ជុំវិញ​បញ្ហា​នេះ ទិន្នន័យ​សង្គម​ស៊ីវិល​បាន​បង្ហាញ​កាលពី​ពេល​កន្លងទៅ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ប្រើ​យុទ្ធសាស្ត្រ​បណ្តឹង​ផ្លូវច្បាប់​ជាបន្តបន្ទាប់ ដើម្បី​បំបាក់​ស្មារតី និង​បំបិទ​ការ​តវ៉ា​នានា​ចំពោះ​អ្នក​ដែល​រិះគន់​រដ្ឋាភិបាល​របស់​ខ្លួន ខណៈ​បណ្តឹង​ទាំងនោះ​មាន​រហូត​ដល់​ទៅ​ជាង ១០០​ករណី​ឯណោះ ក្នុង​នោះ​សកម្មជន​សង្គម​រាប់​សិប​នាក់​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​រហូត​ដល់​សព្វថ្ងៃ​នេះ។

របាយការណ៍​ស្ដីពី​នីតិរដ្ឋ​ឆ្នាំ​២០២១ នៃ​គម្រោង​យុត្តិធម៌​ពិភពលោក (The World Justice Project) បាន​រក​ឃើញ​ថា កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​ទី​១៣៨ ក្នុង​ចំណោម​ប្រទេស​១៣៩ ដោយសារតែ​ការ​ដឹកនាំ​គ្មាន​តម្លាភាព មាន​ការ​គំរាមកំហែង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ការ​មិន​ធានា​បាន​នូវ​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន​តាមផ្លូវ​តុលាការ ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស