29.3 C
Phnom Penh

តុលាការ​ឃុំ​ខ្លួន​កូដករ​ណាហ្គា​៣​នាក់​ក្រោម​ហេតុផល​រារាំង​ការ​អនុវត្ត​វិធានការ​ប្រយុទ្ធ​ជំងឺ Covid-19

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ កុម្ភៈ សម្រេច​ឃុំ​ខ្លួន​កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (NAGA World) ៣​នាក់​នៅ​ពន្ធនាគារ​ព្រៃស ក្រោម​ហេតុផល​រារាំង​ដល់​ការ​អនុវត្ត​វិធានការ​ប្រយុទ្ធ​នឹង​ជំងឺ Covid-19។

កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ទាំង ៣​នាក់ ក្នុង​នោះ​រួម​មាន​លោក សេង វណ្ណារិទ្ធ លោក ជួប ចាន់ណាត និង​លោក សៅ សម្បត្តិ ត្រូវ​បាន​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ក្រោម​ហេតុផល​ថា ពួកគាត់​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រារាំង​ដល់​ការ​អនុវត្ត​វិធានការ​ប្រយុទ្ធ​នឹង​ជំងឺ Covid-19។

វិធានការ​លើ​ក្រុម​កូដករ​នេះ បន្ទាប់ពី​ពួកគេ​នៅតែ​នាំគ្នា​បន្ត​ធ្វើ​កូដកម្ម​អហិង្សា​ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​តំណាង​សហជីព​របស់​ពួកគេ ៨​នាក់​ពី​ពន្ធនាគារ និង​ទាមទារ​ឱ្យ​ដោះស្រាយ​វិវាទ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន។

ក្រោយពី​មាន​ការ​ចាប់​ខ្លួន និង​ចោទប្រកាន់​កូដករ​ជាបន្តបន្ទាប់ ក្រុម​អង្គការ​សង្គម​ស៊ីវិល សមាគម និង​សហជីព​ដែល​ធ្វើការ​លើ​វិស័យ​លើក​កម្ពស់ និង​ការពារ​សិទ្ធិមនុស្ស សិទ្ធិ​ស្ត្រី និង​សិទ្ធិ​ការងារ​របស់​កម្មករ​និយោជិត​នៅ​ប្រទេស​កម្ពុជា ចំនួន ១៣៤​ស្ថាប័ន នៅ​ថ្ងៃ​ទី​១០ កុម្ភៈ នេះ បាន​នាំគ្នា​បន្ត​យក​លិខិត​ចំហ​ទៅ​ដាក់​ក្រសួង​យុត្តិធម៌ ក្រសួង​ការងារ និង​ក្រសួង​កិច្ចការ​នារី ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​ជាបន្ទាន់ និង​ទម្លាក់​ចោល​បទ​ចោទប្រកាន់​លើ​ថ្នាក់​ដឹកនាំ និង​សកម្មជន​សហជីព​ទាំង ៨​រូប​ដែល​តុលាការ​កំពុង​ឃុំ​ខ្លួន។ ក្រៅពី​ទាមទារ​ឱ្យ​ដោះលែង​ថ្នាក់​ដឹកនាំ និង​សកម្មជន​ហើយ សង្គម​ស៊ីវិល​ទាំងនោះ​ជំរុញ​ឲ្យ​មាន​ការ​ស្វែងរក​ដំណោះស្រាយ​ជាបន្ទាន់ ដើម្បី​បញ្ចប់​វិវាទ​ការងារ​រួម​មួយ​នេះ។

គិត​មក​ដល់​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ ថ្នាក់​ដឹកនាំ និង​សកម្មជន​សហជីព​ជាង ១០​នាក់​ត្រូវ​បាន​ឃុំ​ខ្លួន ខណៈ​កូដករ ៤​នាក់​ទៀត​ត្រូវ​បាន​តុលាការ​កោះហៅ​ឱ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​ពាក់ព័ន្ធ​រឿង​រារាំង​ដល់​ការ​អនុវត្ត​វិធានការ​ទប់ស្កាត់​ជំងឺ Covid-19។

កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២២ តំណាង​ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា ជំរុញ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ពន្លឿន​ការ​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ឱ្យ​បាន​ឆាប់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស