41.3 C
Phnom Penh

លោក កឹម សុខា ថា​មិន​ដែល​ទំនាក់ទំនង​ជាមួយ​បរទេស​ណា​ជា​សត្រូវ​របស់​កម្ពុជា​ឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​មាន​សេរីភាព​មិនទាន់​ពេញលេញ លោក កឹម សុខា អះអាង​ថា លោក​មាន​ទំនាក់ទំនង​តែ​ជាមួយ​ប្រទេស​ណា​ដែល​ជា​មិត្ត​របស់​កម្ពុជា ដើម្បី​ផលប្រយោជន៍​ខ្មែរ​ប៉ុណ្ណោះ ហើយ​លោក​មិន​ដែល​ធ្វើ​ទំនាក់ទំនង​ជាមួយ​បរទេស​ណា​ដែល​ជា​សត្រូវ​របស់​កម្ពុជា​ឡើយ។

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព​ពី​បក្ស​កាន់​អំណាច លោក កឹម សុខា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ នេះ​ថា លោក​បាន​ជួប​ពិភាក្សា​ជាមួយ​ឯកអគ្គរដ្ឋទូត​សហគមន៍​អឺរ៉ុប ប្រចាំ​កម្ពុជា អ្នកស្រី Carmen Moreno និង​សហការី​ដែល​ជា​តំណាង​ផ្លូវការ​របស់​មហា​ប្រទេស​ដែល​ជា​មិត្ត​របស់​កម្ពុជា ដើម្បី​ពិភាក្សា​គ្នា​អំពី​បច្ចុប្បន្នភាព​មួយ​ចំនួន​របស់​កម្ពុជា​នៅ​ពេលនេះ។

មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា ក្នុង​ជំនួប​នេះ លោក​បាន​ពិភាក្សា​គ្នា​អំពី​ស្ថានការណ៍​មួយ​ចំនួន​នៅ​កម្ពុជា និង​កិច្ចការ​ទំនាក់ទំនង​រវាង​កម្ពុជា និង​សហគមន៍​អឺរ៉ុប​ផង​ដែរ ស្រប​ពេល​ដែល​កម្ពុជា​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ក្នុង​ឆ្នាំ​២០២២ នេះ ក្នុង​នោះ​ឯកអគ្គរដ្ឋទូត​រូប​នេះ​បាន​កត់សម្គាល់​ចំពោះ​ការ​ពន្យារពេល និង​ការ​ដាក់​កម្មវិធី​ដ៏​យឺតយ៉ាវ​នៃ​ដំណើរការ​សវនាការ​ក្តី​របស់​លោក​ថែមទៀត។

លោក កឹម សុខា បញ្ជាក់​ថា ការ​ចាប់អារម្មណ៍​របស់​ឯកអគ្គរដ្ឋទូត​សហគមន៍​អឺរ៉ុប​ប្រចាំ​កម្ពុជា អ្នកស្រី Carmen Moreno និង​សហការី ក៏​មិន​ខុស​ពី​អង្គទូត​តំណាង​ប្រទេស​នានា​ដែល​បាន​មក​ជួប​លោក​កាលពី​ពេល​ថ្មីៗ​នេះ​ដែរ គឺ​ពួកគេ​សម្ដែង​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ភាព​យុត្តិធម៌ និង​សេរីភាព​របស់​លោក​ដែល​កំពុង​រង​ការ​រឹតត្បិត​សព្វថ្ងៃ​នេះ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​តុលាការ​កម្ពុជា​បាន​ចោទប្រកាន់​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​ថា​បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ ដោយ​ឃុបឃិត​ជាមួយ​បរទេស​ដើម្បី​ផ្តួល​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន។

មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ពី​បទ ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​បច្ចុប្បន្ន​តាម​ប្រសាសន៍​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ប៉ុន្តែ​អស់​រយៈពេល​ជាង ៤​ឆ្នាំ​មកនេះ តុលាការ​បាន​បើក​សវនាការ​លើ​លោក កឹម សុខា ចំនួន ២៩​លើក​ហើយ តែ​មិន​ទាន់​អាច​រក​ភស្តុតាង​ណា​មួយ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​មូលដ្ឋាន​ច្បាប់ ដើម្បី​កាត់ទោស​លោក​បាន​នៅឡើយ​ទេ ខណៈ​តុលាការ​ជំរុញ​ឱ្យ​លោក​សារភាព​ទោស​ដើម្បី​ឱ្យ​ឆាប់​ចប់​សំណុំរឿង​នេះ។

យ៉ាងណាក៏ដោយ ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​វិមាន​សន្តិភាព​កាលពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០២០ លោក ហ៊ុន សែន បាន​អះអាង​ថា ករណី​លោក កឹម សុខា អាច​នឹង​ត្រូវ​ពន្យារពេល ៤​ឆ្នាំ​ទៀត គឺ​ត្រូវ​ពន្យារ​រហូត​ដល់​ក្រោយ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០២២ និង​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ក្នុង​ឆ្នាំ​២០២៣ ឯណោះ។

ជុំវិញ​បញ្ហា​នេះ គេ​សង្កេត​ឃើញ​ថា តុលាការ​កម្ពុជា​តែង​ប្រើ​លេស​ជាបន្តបន្ទាប់​ដើម្បី​ពន្យារ​សវនាការ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រហូត​មក។ ជាក់ស្តែង ចាប់តាំង​ពី​ខែ​មីនា ឆ្នាំ​២០២០ មក តុលាការ​បាន​ផ្អាក​សវនាការ​របស់​លោក​ជាបន្តបន្ទាប់ ទើប​តែ​នៅ​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២២ នេះ ទើប​តុលាការ​ចាប់ផ្តើម​ដំណើរការ​សវនាការ​របស់​លោក​ឡើងវិញ ប៉ុន្តែ​កាលពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ នេះ តុលាការ​ក៏​ចាប់ផ្តើម​ប្រកាស​លើក​សវនាការ​របស់​លោក​ទៅ​សប្តាហ៍​ក្រោយ​បន្ត​ទៀត​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស