32 C
Phnom Penh

សង្គម​ស៊ីវិល​បន្ត​ដាក់​លិខិត​ចំហ​ទៅ​ក្រសួង​ពាក់ព័ន្ធ​ស្វែងរក​ដំណោះស្រាយ​វិវាទ​ការងារ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អង្គការ​សង្គម​ស៊ីវិល បន្ត​នាំគ្នា​ដាក់​លិខិត​ចំហ​ទៅ​ក្រសួង​ពាក់ព័ន្ធ ដើម្បី​រក​កិច្ច​ជួយ​អន្តរាគមន៍​ឱ្យ​ដោះលែង និង​ទម្លាក់​ចោល​ការ​ចោទប្រកាន់​ទៅលើ​តំណាង​សហជីព និង​សកម្មជន រួម​ទាំង​ពន្លឿន​ការ​ដោះស្រាយ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន ណាហ្គា​វើលដ៍ (NAGA World) ដែល​បាន​អូស​បន្លាយ​ជិត ១​ឆ្នាំ​ហើយ​នោះ។

កាលពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ក្រុម​អង្គការ​សង្គម​ស៊ីវិល​តំណាង​ឱ្យ ១៣៤​ស្ថាប័ន​នេះ ក៏​បាន​រួម​គ្នា​ដាក់​លិខិត​ចំហ​ទៅកាន់​ក្រសួង​មហាផ្ទៃ និង​រដ្ឋសភា​ជាតិ ខណៈ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ កុម្ភៈ នេះ អង្គការ​សង្គម​ស៊ីវិល សមាគម និង​សហជីព បាន​បន្ត​ដាក់​លិខិត​ចំហ​ទៅកាន់​ក្រសួង​យុត្តិធម៌ ក្រសួង​ការងារ និង​ក្រសួង​កិច្ចការ​នារី។

អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់ លោក ឃុន ថារ៉ូ បង្ហាញ​ក្ដី​សង្ឃឹម​ថា វិវាទ​នេះ​នឹង​ត្រូវ​បាន​ដោះស្រាយ។ លោក​ចង់​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​យក​ប្រព័ន្ធ​តុលាការ​មក​ចោទប្រកាន់ និង​ដាក់​សម្ពាធ​លើ​សហជីព​បន្ត​ទៀត។

ការ​ដាក់​លិខិត​ចំហ​ទៅ​ក្រសួង​ពាក់ព័ន្ធ និង​រដ្ឋសភា​នេះ ដើម្បី​ស្នើសុំ​ស្ថាប័ន​ទាំងនោះ​ជួយ​អន្តរាគមន៍​ឱ្យ​មាន​ការ​ដោះលែង និង​ទម្លាក់​ចោល​ការ​ចោទប្រកាន់​លើ​ថ្នាក់​ដឹកនាំ និង​សកម្មជន​សហជីព​សរុប ១១​នាក់ ដែល​កំពុង​ជាប់​ឃុំ និង​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​របស់​ក្រុមហ៊ុន​ណាហ្គា​វើលដ៍។

ចាប់តាំង​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២១ ដល់​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ ថ្នាក់​ដឹកនាំ​សហជីព និង​កូដករ​ក្រុមហ៊ុន ណាហ្គា​វើលដ៍ ចំនួន ១១​នាក់​ហើយ​ត្រូវ​បាន​តុលាការ​កម្ពុជា​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ ក្រោម​ការ​ចោទប្រកាន់​ពី​បទ «ញុះញង់» និង «ល្មើស​វិធានការ​ច្បាប់​ប្រឆាំង Covid-19»។ ចំណែក​កូដករ ៤​នាក់​ដែល​តុលាការ​ឱ្យ​ចូល​បំភ្លឺ​នោះ ពួកគេ​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​ក្រោម​បទ​ចោទ​ថា «រារាំង​ដល់​ការ​អនុវត្ត​វិធានការ​ប្រយុទ្ធ​នឹង​ជំងឺ Covid-19»៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស