31 C
Phnom Penh

ដី​បឹងតាមោក​ជិត ៦៥% ត្រូវ​រដ្ឋាភិបាល​កាត់​ឱ្យ​ឧកញ៉ា ក្រុមហ៊ុន​ឯកជន និង​ស្ថាប័ន​រដ្ឋ​ចំនួន ៤៣​លើក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​សមាគម​ធាងត្នោត រក​ឃើញ​ថា ផ្ទៃ​បឹងតាមោក ឬ​បឹង​ទំនប់កប់ស្រូវ​ជិត ៦៥% ត្រូវ​បាន​រដ្ឋាភិបាល​កាត់​ប្រគល់​ទៅ​ឱ្យ​ឧកញ៉ា ក្រុមហ៊ុន​ឯកជន និង​ស្ថាប័ន​រដ្ឋ​ចំនួន ៤៣​ដង ដើម្បី​ធ្វើជា​កម្មសិទ្ធិ​ដែល​ធ្វើ​ឱ្យ​ទំហំ​ផ្ទៃ​បឹងតាមោក​មួយ​នេះ​នៅ​សល់​តែ​ជាង ១​ពាន់​ហិកតារ​ប៉ុណ្ណោះ។

របាយការណ៍​មួយ​របស់​អង្គការ​សមាគម​ធាងត្នោត ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២២ ដែល​សារព័ត៌មាន The Cambodia Daily ទទួល​បាន​នៅ​ថ្ងៃ​ទី​១១ កុម្ភៈ នេះ ឲ្យ​ដឹង​ថា គិត​ត្រឹម​ខែ​ធ្នូ ឆ្នាំ​២០២១ ផ្ទៃ​បឹងតាមោក ឬ​បឹង​ទំនប់កប់ស្រូវ​ជាង ២​ពាន់​ហិកតារ (២០៩៤,៧១៦៥​ហិកតារ) ឬ​ស្មើ​នឹង​ជិត ៦៥% ត្រូវ​បាន​រដ្ឋាភិបាល​កាត់​ទៅ​ឱ្យ​ឧកញ៉ា ក្រុមហ៊ុន​ឯកជន និង​ស្ថាប័ន​សាធារណៈ​ចំនួន ៤៣​ដង​រួច​មក​ហើយ។

បើ​តាម​ផែនទី​នោះ ផ្ទៃ​បឹងតាមោក ឬ​បឹង​ទំនប់កប់ស្រូវ​ស្ទើរតែ​ទាំងស្រុង ត្រូវ​បាន​កាត់​គ្រប់​ទីកន្លែង​នៃ​ផ្ទៃ​បឹង​សឹង​អស់​ទៅ​ហើយ។

បឹងតាមោក​មានផ្ទៃ​ដី​សរុប ៣២៣៩​ហិកតារ) ជា​អាង​ស្តុក​ទឹក​កខ្វក់ និង​រំដោះ​ទឹក​ចេញពី​រាជធានី​ភ្នំពេញ ហើយ​បឹង​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​មួយ​កាលពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៦ ដោយ​កំណត់​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ។ បឹង​ធម្មជាតិ​មួយ​នេះ​មាន​ប្រជាជន​រស់នៅ​ជុំវិញ​ប្រមាណ ៣០០​គ្រួសារ និង​មាន​មនុស្ស​ប្រហែល ១​ពាន់​នាក់​ដែល​ភាគច្រើន​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ដោយ​ការ​នេសាទ​ត្រី ដាំ​ដំណាំ ចិញ្ចឹម​ត្រី និង​រកស៊ី​លក់ដូរ​នៅ​ផ្ទះ។

ប្រធាន​គម្រោង​សិទ្ធិ​លំនៅឋាន និង​ស្រាវជ្រាវ​នៃ​អង្គការ​សមាគម​ធាងត្នោត លោក ស៊ាង មួយឡៃ អះអាង​ថា បើ​តាម​ប្លង់​ដែល​គូរ​ដោយ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​កំណត់ និង​រក្សា​ផ្ទៃ​បឹងតាមោក​ទុក​សម្រាប់​រំដោះ និង​ស្តុក​ទឹក​ជាង ២​ពាន់​ហិកតារ ប៉ុន្តែ​ការ​អនុវត្ត​ជាក់ស្ដែង​បាន​ផ្ទុយពី​ផែនការ​នេះ​ទាំងស្រុង។ លោក​ថា អ្វី​ដែល​ផ្ទុយ​នោះ គឺ​ផ្ទៃ​បឹង​ជាង ២​ពាន់​ហិកតារ ត្រូវ​បាន​រដ្ឋាភិបាល​កាត់ ខណៈ​ផ្ទៃ​បឹង​នៅ​សល់​តែ​ជាង ១​ពាន់​ហិកតារ​ប៉ុណ្ណោះ។

លោក​បន្ត​ទៀត​ថា ផ្ទៃ​បឹង​ជាង ១​ពាន់​ហិកតារ ក៏​មិន​ប្រាកដ​ថា​នៅ​ថ្ងៃ​ខាងមុខ រដ្ឋាភិបាល​រក្សា​ទុក​ឡើយ។ បឹង​ធម្មជាតិ​នេះ​អាច​នឹង​ត្រូវ​កាត់ ឬ​លុប​អស់​ទាំងស្រុង​តែម្ដង។ លោក​បន្ថែម​ទៀត​ថា ការ​កាត់​ផ្ទៃ​បឹងតាមោក​ប្រគល់​ឱ្យ​ឯកជន និង​ស្ថាប័ន​រដ្ឋ​ចាក់​ដី​លុប និង​សង់​អគារ បាន​បង្ក​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ​ជាង ១០០​គ្រួសារ​ដែល​បាន​អាស្រ័យផល​ពី​ផ្ទៃ​បឹង​នោះ។ ជាង​នេះ​ទៀត លោក​ថា​រាជធានី​ភ្នំពេញ​នឹង​ប្រឈម​ជំនន់​ទឹកភ្លៀង​ដោយសារតែ​ការ​សាងសង់​ប្រឡាយ ធ្វើ​ប្រព័ន្ធ​លូ​មិន​អាច​ដោះស្រាយ​បញ្ហា​ទឹកជំនន់​ឡើយ បើ​សិន​មាន​ភ្លៀង​ធ្លាក់​ច្រើន ឬ​ទឹកធំ​នៅ​រដូវ​វស្សា។

បើ​យោង​តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​ដែល​បាន​ចេញ​ជាបន្តបន្ទាប់​ចាប់តាំង​ពី​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២២ ផ្ទៃ​បឹងតាមោក​សរុប​ជាង ២​ពាន់​ហិកតារ​ហើយ​ត្រូវ​បាន​រដ្ឋាភិបាល​កាត់ និង​ដោះដូរ​ទៅ​ឱ្យ​ស្ថាប័ន​រដ្ឋ ក្រុមហ៊ុន​ឯកជន និង​បុគ្គល​ឯកជន ដែល​គេ​ដឹង​ថា​ជា​អ្នក​មាន​ប្រាក់ និង​មាន​អំណាច​សម្រាប់​សាងសង់​អគារ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ព្រមទាំង​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន។

រដ្ឋាភិបាល​កម្ពុជា​បាន​កាត់​ផ្ទៃ​បឹងតាមោក ៣​ហិកតារ​ជូន​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប.)។ ការ​កាត់​ផ្ទៃ​បឹងតាមោក ៣​ហិកតារ​ជូន​ទៅ គ.ជ.ប. នេះ ធ្វើឡើង​តាមរយៈ​អនុក្រឹត្យ​របស់​បុរស​ខ្លាំង​កម្ពុជា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ចេញ​តាំងពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២១។

ដី​បឹងតាមោក​ដដែល​សរុប​ចំនួន ១៧​ហិកតារ​កាត់​ទៅ​ឱ្យ​ស្ថាប័ន​សាធារណៈ​ផ្សេងៗ​រួម​មាន​ក្រសួង​សុខាភិបាល ១០​ហិកតារ ក្រសួង​មុខងារ​សាធារណៈ ៤​ហិកតារ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ៣​ហិកតារ។

ផ្ទៃ​បឹង​ប្រមាណ​ជាង ៨០០​ហិកតារ​ទៀត ត្រូវ​រដ្ឋាភិបាល​កាត់​ជាបន្តបន្ទាប់ ដោយ​ដី​ទំហំ​ជិត ៣០០​ហិកតារ (២៩៨,៥​ហិកតារ) ត្រូវ​ផ្ដល់​ទៅ​ឱ្យ​ក្រសួង​ការពារ​ជាតិ ដើម្បី​សាងសង់​អគ្គបញ្ជាការដ្ឋាន​កងយោធពល​ខេមរភូមិន្ទ បុគ្គល​ឯកជន​ឈ្មោះ អ៊ុយ បូរី និង គង់ សុធី ទទួល​បាន​ដី​ជិត ២០០​ហិកតារ (១៩៦,៥​ហិកតារ) ក្រុមហ៊ុន Sin Jin Mou និង​អ្នកស្រី ស៊ុយ សុផាន អតីត​ម្ចាស់​ក្រុមហ៊ុន ផានអ៊ីម៉ិច ទទួល​បាន​ដី​ប្រមាណ ៤៥​ហិកតារ។

ចំណែក​អ្នកស្រី ជា សុផាម៉ាដែត ជា​កូនស្រី​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ទំហំ​ជាង ១០​ហិកតារ (១០,៥​ហិកតារ)។ ចំណែក​ដី​ទំហំ​ជាង ១២១​ហិកតារ បាន​កាត់​ឱ្យ​ទៅ​គ្រួសារ​អ្នកស្រី ជូ ដារ៉ារ៉េត សមាជិក​ក្រុម​លេខា​នាយករដ្ឋមន្ត្រី។

កាលពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២១ បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន បាន​ថ្លែង​ថា បញ្ហា​ទឹកជំនន់​ដែល​បង្ក​ឱ្យ​លិច​រាជធានី​ភ្នំពេញ មិនមែន​បណ្ដាល​មកពី​ការ​លុប​បឹង​ធម្មជាតិ​នោះ​ទេ។ លោក​ថា កន្លងមក ទោះបីជា​មិន​លុប​បឹង រាជធានី​ភ្នំពេញ​ក៏​មាន​ទឹកជំនន់​ដែរ ដែល​ករណី​នេះ​លោក​ថា​គួរតែ​ឈប់​រិះគន់។

ផ្ទុយពី​ការ​អះអាង​របស់​បុរស​ខ្លាំង​កម្ពុជា កាលពី​ខែ​ឧសភា ឆ្នាំ​២០២០ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក លឹម គានហោ បាន​ចេញ​លិខិត​មួយ​ដោយ​ព្រមាន​អំពី​គ្រោះ​មហន្តរាយ​ដោយសារ​ទឹកជំនន់ ក្រោយ​ពី​ក្រសួង​មើល​ឃើញ​ថា មាន​ការ​ចាក់​ដី​លុប និង​ការ​សាងសង់​សំណង់​ផ្សេងៗ​បិទ​ផ្លូវ​ទឹក និង​កន្លែង​ស្តុក​ទឹក​នានា​ជាបន្តបន្ទាប់។

ទោះ​យ៉ាងណា ប្រធាន​អង្គភាព​អ្នក​នាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បដិសេធ​ពុំ​ធ្វើ​អត្ថាធិប្បាយ​ដោយ​បង្វែរ​សំណួរ​នេះ​ឱ្យ​សួរ​ទៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​រដ្ឋបាល​រាជធានី​ភ្នំពេញ។

The Cambodia Daily ពុំ​អាច​ទាក់ទង​អ្នក​នាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក សេង ឡូត ដើម្បី​ធ្វើការ​អត្ថាធិប្បាយ​បាន​ទេ​រហូត​មក​ដល់​ម៉ោង​ផ្សាយ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស