34 C
Phnom Penh

អ្នក​ឃ្លាំមើល​ថា​បុគ្គលិក NAGA កំពុង​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​អ្នក​មាន​អំណាច​និង​ថៅកែ​ក្រុមហ៊ុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​របស់​អង្គការ​សង្គម​ស៊ីវិល​ទទួល​បន្ទុក​សិទ្ធិ​ការងារ រិះគន់​ថា បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (NAGA World) ជាង ១​ពាន់​នាក់ កំពុង​ទទួល​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​យ៉ាង​ធ្ងន់ធ្ងរ​ទាំង​អយុត្តិធម៌​ពី​សំណាក់​អ្នក​មាន​អំណាច និង​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​សព្វថ្ងៃ​នេះ។

អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងអស់​ដែល​មាន​សកម្មភាព​ការងារ​គាំពារ​លើ​សិទ្ធិ​កម្មករ នឹង​ឈរ​នៅ​ជាមួយ​ក្រុម​កូដករ​កំពុង​ទាមទារ​សិទ្ធិ​ការងារ និង​បុគ្គលិក​ទាំង ១១​នាក់​ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​នោះ​ជានិច្ច។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ អំពាវនាវ​ឱ្យ​អាជ្ញាធរ និង​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​បញ្ឈប់​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​ទប់ស្កាត់ យាយី ប្រឆាំង​នឹង​សកម្មភាព​ស្រប​ច្បាប់​របស់​សហជីព ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ធ្លាក់​ចុះ និង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​បន្ត​ទៀត។

គិត​ចាប់តាំង​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ​មាន​រយៈពេល ៥៩​ថ្ងៃ​ហើយ​ដែល​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ បាន​ធ្វើ​កូដកម្ម​ទាមទារ​ឱ្យ​ថៅកែ​ក្រុមហ៊ុន​ល្បែង​ស៊ីសង​មួយ​នេះ​ទទួលយក​បុគ្គល​ទាំង ៣៦៥​នាក់​ដែល​ក្រុមហ៊ុន​បាន​បញ្ឈប់​ទាំង​អយុត្តិធម៌ ឱ្យ​ចូល​ធ្វើ​ការងារ​វិញ។

ដោយឡែក​ថ្នាក់​ដឹកនាំ និង​សមាជិក​សហជីព​ដូចជា កញ្ញា ឈឹម ស៊ីថរ ជាដើម ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​ទាំង​បង្ខំ ក្រោម​ការ​ចោទប្រកាន់​ទាំង​បំពាន​មាន​រយៈពេល ៤៥​ថ្ងៃ​ហើយ ខណៈ​កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ៣​នាក់​បន្ថែម​ទៀត ដូចជា​លោក សៅ សម្បត្តិ ជាដើម ត្រូវ​សមត្ថកិច្ច​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០២២ កន្លងទៅ​នេះ​ផង​ដែរ។

ជុំវិញ​វិវាទ​ការងារ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​នេះ បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ អ្នកស្រី សាំង សុផល បាន​ចេញ​មុខ​បកស្រាយ​តាម​បណ្ដាញ​សង្គម Facebook កាលពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ថា អ្នកស្រី​មាន​ឈ្មោះ​ត្រូវ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ បញ្ឈប់​ពី​ការងារ ប៉ុន្តែ​អ្នកស្រី​មិនព្រម​ទទួលយក​សំណង​ពី​ក្រុមហ៊ុន​នៅឡើយ​ទេ​រហូត​មក​ទល់នឹង​ពេលនេះ។

អ្នកស្រី សាំង សុផល បញ្ជាក់​ថា ការ​មិន​ទទួលយក​ប្រាក់សំណង​នេះ ដោយសារ​អ្នកស្រី​ចង់​សម្ដែង​នូវ​ការ​មិន​ពេញចិត្ត​លើ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដែល​មាន​ចេតនា​ចង់​រំលាយ​សហជីព​ដើម្បី​ឱ្យ​ពួកគេ​អាច​រំលោភ​សិទ្ធិ​បុគ្គលិក​បាន​កាន់តែ​ស្រួល​បន្ថែម​ទៀត។ អ្នកស្រី​ចោទ​ជា​សំណួរ​ថា នៅ​ពេល​ដែល​មាន​សហជីព ក្រុមហ៊ុន​ហ៊ាន​រំលោភ​សិទ្ធិ​ការងារ​យ៉ាង​នេះ ចុះ​ទម្រាំ​មិន​មាន​សហជីព តើ​ក្រុមហ៊ុន​នឹង​គាបសង្កត់​បុគ្គលិក​ខ្លាំង​ប៉ុនណា​ទៅ?

ក្រុម​យុវជន​ខ្មែរ​ថាវរៈ កាលពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ បាន​ចាប់ផ្តើម​ធ្វើ​យុទ្ធនាការ​បង្ហោះ​ប៉េងប៉ោង​ក្នុង​គោលបំណង​ផ្ញើ​សារ​ជូន​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ពន្លឿន​ការ​ដោះស្រាយ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ និង​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​សមាជិក និង​ថ្នាក់​ដឹកនាំ​សហជីព​ទាំង ១១​នាក់​ផង​ដែរ។

ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ទាំងនោះ​អះអាង​ថា ពួកគេ​នឹង​ធ្វើ​យុទ្ធនាការ​បង្ហោះ​ប៉េងប៉ោង​នេះ​ជា​រៀងរាល់​សប្តាហ៍ ដើម្បី​ឱ្យ​មាន​ការ​ដោះលែង​ថ្នាក់​ដឹកនាំ​សហជីព​ទាំងអស់​ដែល​អាជ្ញាធរ​បាន​ចាប់ខ្លួន​ទាំង​អយុត្តិធម៌​កាលពី​ពេល​កន្លងទៅ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស