ប្រធានគណបក្សសង្គ្រោះជាតិ ដែលមិនទាន់មានសេរីភាពពេញលេញ លោក កឹម សុខា អះអាងថា សហភាពអឺរ៉ុបចង់ឃើញកម្ពុជាធ្វើដំណើរតាមគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស ស្របតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា និងចង់ឃើញលោកមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ដែលអាចចូលរួមការបោះឆ្នោតនៅពេលឆាប់ៗខាងមុខនេះផងដែរ។
លោក កឹម សុខា បានសរសេរលើទំព័រ Facebook របស់លោកនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ថា បើទោះបីសិទ្ធិនយោបាយរបស់លោកត្រូវបានហាមឃាត់ ហើយលទ្ធភាពនៃការជួបជុំត្រូវបានអាជ្ញាធរកំណត់ក៏ដោយ ប៉ុន្តែសេចក្តីនឹករឭករបស់លោកដែលធ្លាប់តែសំណេះសំណាលស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានជិតឆ្ងាយ មិនអាចកាត់ផ្ដាច់បានឡើយ។
លោកបន្តថា សេចក្តីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់លោកចំពោះពលរដ្ឋខ្មែរ និងមាតុភូមិកម្ពុជា គ្មាននរណាអាចហាមឃាត់ ឬបង្ខំឲ្យលោកកាត់ផ្ដាច់ចេញពីពលរដ្ឋបានឡើយ ទោះនៅពេលនេះសេរីភាពរបស់លោកមិនទាន់អាចឲ្យចូលរួមសកម្មភាពនយោបាយក៏ដោយ។
នៅថ្ងៃទី១៥ ខែកុម្ភៈ នេះ មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា បានជួបជាមួយឯកអគ្គរាជទូតថ្មីនៃប្រទេសបែលហ្ស៊ិក ប្រចាំបួនប្រទេស គឺកម្ពុជា ថៃ ឡាវ និងភូមា អ្នកស្រី Sibille de Cartier នៅគេហដ្ឋានរបស់លោកក្នុងទីក្រុងភ្នំពេញ ដើម្បីសួរសុខទុក្ខ និងពិភាក្សាការងារជាមួយលោក បន្ទាប់ពីឯកអគ្គរាជទូតរូបនេះបានថ្វាយសារតាំងដល់ព្រះមហាក្សត្រ ដើម្បីក្លាយជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជានៅពេលនេះ។
តំណាងរាស្ត្រគណបក្សប្រឆាំង លោក សួន សុរីដា បានសរសេរលើគណនី Facebook របស់លោកកាលពីថ្ងៃទី១៤ កុម្ភៈ ថា ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា គឺជាកូនកសិករមួយរូបដែលស្គាល់ច្បាស់ពីសុខទុក្ខរបស់ពលរដ្ឋ ដូច្នេះជានិច្ចកាលលោកបានផ្សារភ្ជាប់ខ្លួនរបស់លោកជាមួយប្រជាកសិករ និងពលរដ្ឋក្រីក្រជាប្រចាំ។
លោក សួន សុរីដា បញ្ជាក់ថា ដោយសារការលះបង់ខ្ពស់ និងការតស៊ូក្រាញននៀលលើសមរភូមិនយោបាយជាក់ស្តែងនៅកម្ពុជា ដើម្បីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ទើបលោក កឹម សុខា ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសហគមន៍អន្តរជាតិ ហើយនៅពេលនេះ លោកក៏ជាក្តីសង្ឃឹមតែមួយគត់របស់ពលរដ្ឋខ្មែរ ដើម្បីការផ្លាស់ប្ដូរជាវិជ្ជមាននៅកម្ពុជាផងដែរ។
ចាប់តាំងពីឆ្នាំ២០១៧ មក តុលាការបានបើកសវនាការលើករណីលោក កឹម សុខា ចំនួន ២៩លើករួចមកហើយ តែមិនទាន់មានភស្តុតាងណាមួយដែលត្រឹមត្រូវតាមច្បាប់ អាចកាត់ទោសលោកបាននៅឡើយទេ ខណៈក្រុមអ្នកសង្កេតការណ៍នៅតែមានទស្សនៈទុទ្ទិដ្ឋិនិយមលើប្រព័ន្ធតុលាការថា សំណុំរឿងនេះគឺជារឿងនយោបាយ ដែលបម្រើឱ្យបក្សកាន់អំណាចក្នុងគោលបំណងរំលាយគណបក្សសង្គ្រោះជាតិឱ្យរលាយផុតពីឆាកនយោបាយនៅកម្ពុជា៕