28.4 C
Phnom Penh

ក្រុម​សិទ្ធិមនុស្ស៖ ប្រទេស​ដែល​ពលរដ្ឋ​មិន​មាន​សេចក្តី​សុខ​ផ្លូវ​កាយ​ផ្លូវចិត្ត គឺ​មិន​ចាត់ទុក​ថា​ជា​ប្រទេស​មាន​សន្តិភាព​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៅ​កម្ពុជា អះអាង​ថា ប្រទេស​ដែល​មាន​សន្តិភាព​សម្រាប់​ពលរដ្ឋ​របស់​ខ្លួន​ពិតប្រាកដ លុះត្រាតែ​ប្រទេស​នោះ​ចៀស​ផុត​ពី​ការ​គំរាមកំហែង​ដោយ​សង្គ្រាម និង​ប្រជាជន​នៃ​ប្រទេស​នោះ​មាន​សេចក្តី​សុខ​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត ប៉ុន្តែ​ផ្ទុយទៅវិញ បើ​ពលរដ្ឋ​មាន​ការ​គំរាមកំហែង​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត នោះ​មិន​អាច​ចាត់ទុក​ថា​ជា​ប្រទេស​ដែល​មាន​សន្តិភាព​ជាដាច់ខាត។

អ្នក​នាំពាក្យ​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk កាលពី​ថ្ងៃ​ទី​១៤ កុម្ភៈ នេះ​ថា កម្ពុជា បាន​ប្រកាន់​យក​របប​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស ដូច្នេះ​ការ​ធានា​ឱ្យ​បាន​នូវ​ការ​ដឹកនាំ​មួយ​ដែល​មិន​បង្ក​ការ​ឈឺចាប់​ទាំង​ផ្លូវចិត្ត និង​ផ្លូវ​កាយ​ដល់​ពលរដ្ឋ ទើប​អាច​ចាត់ទុក​បាន​ថា​ជា​ប្រទេស​ដែល​មាន​សន្តិភាព​ពិតប្រាកដ និង​ជា​សន្តិភាព​យូរអង្វែង​ទៅ​ថ្ងៃ​អនាគត។

លោក​អះអាង​ថា ស្ថាប័ន​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ មិន​អាច​ឱ្យ​ពលរដ្ឋ​មាន​ទំនុក​ចិត្ត និង​មាន​ភាព​កក់ក្តៅ​បាន​ទេ ព្រោះ​ការ​អនុវត្ត​ច្បាប់​របស់​ពួកគេ​មិន​ស្រប​ទៅតាម​តួនាទី​របស់​ខ្លួន​ឡើយ ខណៈ​សហគមន៍​អន្តរជាតិ​ក៏​បាន​រិះគន់ ថ្កោលទោស និង​ដាក់​ទណ្ឌកម្ម​ជា​ហូរហែ​ផង​ដែរ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​ភាគច្រើន ត្រូវ​គេ​មើល​ឃើញ​ថា​កំពុង​ស្ថិត​ក្នុង​ការ​គំរាមកំហែង និង​មាន​ភាព​ភ័យខ្លាច​គ្រប់ៗ​គ្នា​ពី​ការ​ប្រើ​កណ្ដាប់ដៃ​ដែក​នៃ​មេដឹកនាំ​របស់​ខ្លួន។

ទាក់ទិន​នឹង​បញ្ហា​នេះ មេដឹកនាំ​បក្ស​កាន់​អំណាច​ដែល​តែងតែ​គំរាម​ចាប់ចង​ពលរដ្ឋ​ខ្លួនឯង លោក ហ៊ុន សែន បាន​អះអាង​កាលពី​ចុង​ខែ​មករា ឆ្នាំ​២០២២ នេះ​ថា លោក​មិន​អាច​ធានា​នូវ​សន្តិភាព​ផ្លូវចិត្ត​សម្រាប់​ពលរដ្ឋ​ខ្មែរ​បាន​ទេ ប៉ុន្តែ​លោក​អាច​ធានា​ថា ជីវិត​មនុស្ស​នឹង​មិន​ត្រូវ​បាន​សម្លាប់​ដោយសារ​ចម្បាំង​រាំង​ជល់​ដែល​ធ្លាប់តែ​កើត​មាន​កាលពី​អតីតកាល។

លោក ហ៊ុន សែន ក៏​ធ្លាប់​សារភាព​ដែរ​ថា ការ​ចាប់​ខ្លួន​សកម្មជន​សង្គម និង​អ្នក​តវ៉ា​ផ្សេង​ទៀត​កន្លងមក គឺ​លោក​ជា​អ្នក​បញ្ជា​ដោយ​ផ្ទាល់ ពីព្រោះ​ពួកគេ​នាំគ្នា​តវ៉ា​ប្រឆាំង​នឹង​ការ​ដឹកនាំ​របស់​លោក ដែល​ធ្វើ​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ដូច្នេះ​ដើម្បី​ថែរក្សា​សន្តិភាព​ដែល​លោក​ប្រឹង​រក​បាន​ដោយ​កម្រ​នេះ ទោះ​លះបង់​ក្នុង​តម្លៃ​ណា​ក៏ដោយ ក៏​លោក​ត្រូវតែ​រក្សា​ឱ្យ​បាន​ដាច់ខាត។

ទោះជាយ៉ាងណា​ក៏ដោយ ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃ​ទី​១៤ កុម្ភៈ ថា មេដឹកនាំ​ដែល​គិត​ថា​ដើម្បី​ឱ្យ​មាន​សន្តិភាព​ត្រូវតែ​បង្ក្រាប​កុំ​ឱ្យ​មាន​ការ​តវ៉ា​ពី​ការ​ដឹកនាំ​របស់​ខ្លួន គឺជា​រឿង​គ្រោះថ្នាក់​សម្រាប់​ប្រទេស​ជាតិ​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ពលរដ្ឋ​នឹង​រស់នៅ​ក្នុង​ភាព​វេទនា​ផ្លូវ​កាយ ផ្លូវចិត្ត​ជាទីបំផុត គឺ​រស់នៅ​ក្នុង​ភាព​ភ័យខ្លាច​ជានិច្ច។

លោក ប៉ា ងួនទៀង អះអាង​ថា ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា​មិនទាន់​មាន​ភាព​រឹងមាំ​អាច​រក្សា​សន្តិសុខ​ជូន​ពលរដ្ឋ​របស់​ខ្លួន​បាន​ទេ ដូច្នេះ​ពលរដ្ឋ​ខ្មែរ​សព្វថ្ងៃ​នេះ​ទាំង​អ្នក​មាន​ជីវភាព​ធូរធារ និង​អ្នក​ខ្សត់ខ្សោយ គឺ​រស់នៅ​ដោយសារ​ការ​សូកប៉ាន់​ប៉ុណ្ណោះ គឺ​អ្នក​មាន​លុយ និង​មាន​អំណាច​តែង​មាន​ឱកាស​អាច​បំពាន​យុត្តិធម៌​សង្គម ចំណែក​អ្នក​ក្រខ្សត់​ត្រូវ​រង​នូវ​ភាព​អយុត្តិធម៌​ជា​រៀង​រហូត ប៉ុន្តែ​ទាំង​អ្នក​ឈ្នះ និង​អ្នក​ចាញ់ សុទ្ធតែ​ត្រូវ​រស់នៅ​ក្នុង​ភាព​ភ័យខ្លាច​ដូចគ្នា​ទាំងអស់។

របាយការណ៍​ស្ដីពី​នីតិរដ្ឋ​ឆ្នាំ​២០២១ របស់​គម្រោង​យុត្តិធម៌​ពិភពលោក (The World Justice Project) បាន​លាតត្រដាង​ថា កម្ពុជា​គឺជា​ប្រទេស​ដែល​មាន​ការ​ដឹកនាំ​គ្មាន​តម្លាភាព ពោរពេញ​ដោយ​ការ​គំរាមកំហែង​សិទ្ធិ​របស់​ពលរដ្ឋ និង​ការ​មិន​ធានា​បាន​នូវ​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន​តាម​ផ្លូវ​តុលាការ ជាដើម ដែល​បាន​ធ្លាក់​ទៅ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​នីតិរដ្ឋ​អាក្រក់​បំផុត មាន​ចំណាត់ថ្នាក់​លេខ​ទី​១៣៨ ក្នុង​ចំណោម​ប្រទេស​១៣៩ នៅ​លើ​ពិភពលោក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស