អាជ្ញាធររាជធានីភ្នំពេញ ព្រមានចាត់វិធានការច្បាប់លើក្រុមកូដករណាហ្គាវើលដ៍ (NAGA World) បើសិនជាពួកគេនៅតែបន្តនាំគ្នាធ្វើកូដកម្មនៅទីតាំងចាស់ជិតក្រុមហ៊ុនណាហ្គាវើលដ៍ ដើម្បីតវ៉ាទាមទារឱ្យដោះលែងថ្នាក់ដឹកនាំ និងសកម្មជនជាង ១០នាក់កំពុងជាប់ពន្ធនាគារ និងដោះស្រាយបញ្ចប់វិវាទការងារជាមួយក្រុមហ៊ុន។
ក្នុងសេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ចេញនៅថ្ងៃទី១៥ ខែកុម្ភៈ នេះឱ្យដឹងថា អាជ្ញាធររាជធានីភ្នំពេញមិនអនុញ្ញាតឱ្យបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ប្រមូលផ្ដុំធ្វើសកម្មភាពបាតុកម្មខុសច្បាប់នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជាដាច់ខាត។ ការប្រកាសមិនអនុញ្ញាតនេះ ក្រោមហេតុផលថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺ Covid-19 បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង ចូលក្នុងសហគមន៍កាន់តែច្រើនឡើងៗ ក៏ដូចជាធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ។
លើសពីនេះ ក្នុងរយៈពេលធ្វើបាតុកម្ម និងធ្វើសកម្មភាពរបស់ក្រុមកូដករកន្លងមក បានបង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ ការកកស្ទះចរាចរណ៍ ព្រមទាំងបង្កការរំខានដល់ការប្រកបរបរអាជីវកម្ម និងប្រកបការងារប្រចាំថ្ងៃ។ តែបើសិនជាកូដករចង់ធ្វើកូដកម្មបន្តនោះ សាលារាជធានីភ្នំពេញបានបង្គាប់ឱ្យបុគ្គលិកណាហ្គាវើលដ៍ ទៅធ្វើ ឬប្រមូលផ្ដុំនៅទីលានប្រជាធិបតេយ្យថ្មីដែលស្ថិតនៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ វិញ។
ក្នុងករណីកូដករនៅតែរឹងរូសបន្តសកម្មភាពទៀតនោះ រដ្ឋបាលរាជធានីភ្នំពេញ ព្រមានចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ដោយគ្មានការលើកលែង។
ឆ្លើយតបនឹងសេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ គណនី Facebook ឈ្មោះ Sem Sokea ដែលជាកូដករណាហ្គា បានលើកឡើងថា ទីតាំងដែលពួកគាត់ត្រូវធ្វើ គឺនៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ ឬជាប់នឹងរបងក្រុមហ៊ុន Naga world ប៉ុន្តែខាងក្រុមហ៊ុនបានដាក់របាំងដោយមិនឱ្យពួកគាត់ឈរនៅទីនោះឡើយ ហើយអ្នកដែលខុសនោះគឺក្រុមហ៊ុន។ ជាងនេះទៀត មូលហេតុដែលពួកគាត់ឈររហូតមកដល់ខាងមុខរដ្ឋសភា និងក្បែរស្ថានទូតអូស្ត្រាលី រហូតជិតដល់ទូតរុស្ស៊ី គឺដោយសារក្រុមហ៊ុនណាហ្គាវើលដ៍ រារាំងដោយមានអាជ្ញាធរជាច្រើនចាំការពារ និងជួយក្រុមហ៊ុនទៀតផង។
ប្រភពដដែលលើកឡើងថា ពួកគាត់ទាំងអស់គ្នាមានវិវាទការងារជាមួយក្រុមហ៊ុន Naga world មិនមែនមានទំនាស់ជាមួយអាជ្ញាធរទេ ប៉ុន្តែហេតុអ្វីបានជាអាជ្ញាធរតម្រូវឱ្យពួកគាត់ទៅធ្វើនៅទីលានប្រជាធិបតេយ្យ។ ពួកគាត់បានធ្វើកូដកម្មស្របទៅតាមច្បាប់ស្ដីពីការធ្វើកូដកម្ម មិនមែនបាតុកម្មដូចការចោទប្រកាន់របស់សាលារាជធានីភ្នំពេញឡើយ។
គណនីឈ្មោះ Sem Sokea ដដែលបានអំពាវនាវដល់ក្រសួងការងារ និងក្រសួងដែលពាក់ព័ន្ធទាំងអស់ ឲ្យជំរុញឱ្យភាគីក្រុមហ៊ុនដោះលែងតំណាងពួកគាត់ទាំង ៨រូប និងសមាជិក ៣រូបទៀតមកវិញ ដើម្បីឱ្យពួកគាត់ចូលតុចរចាដោះស្រាយវិវាទការងារនេះតាមប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង។
ចំណែកកូដករម្នាក់ទៀតទាមទារឱ្យថៅកែចេញមកដោះស្រាយវិវាទ ដោយលើកឡើងថា ប្រសិនបើនៅបណ្ដែតបណ្ដោយករណីនេះទៀត នឹងធ្វើឱ្យក្រុមហ៊ុនណាហ្គាវើលដ៍ ដ៏ធំនេះ ស្អុយឈ្មោះកាន់តែខ្លាំង។
អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ បានសរសេរលើទំព័រ Facebook ដោយចាត់ទុកការព្រមានរបស់អាជ្ញាធរនេះថា មិនមែនជាដំណោះស្រាយឡើយ។ លោកថា អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធគួររកវិធីដោះស្រាយដោយប្រសិទ្ធភាព និងអាចទុកចិត្តបាន ជាជាងយកហេតុផលទប់ស្កាត់ Covid-19 ដើម្បីបង្ក្រាបសកម្មភាពកូដកម្មស្របច្បាប់របស់កូដករ។ លោកស្នើសាលារាជធានីភ្នំពេញ មើលច្បាប់ស្ដីពីការងារ និងគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ ស្ដីពីការធ្វើកូដកម្ម និងបាតុកម្មដោយសន្តិវិធី។
បុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍រាប់រយនាក់ បានផ្អាកការជួបជុំគ្នាធ្វើកូដកម្មចាប់ពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោយពីរកឃើញកូដករមួយចំនួនបានឆ្លងជំងឺ Covid-19 និងបន្ទាប់ពីអាជ្ញាធរបានចាប់ខ្លួនតំណាងរបស់ពួកគេចំនួន ៣នាក់បន្ថែមទៀតទៅឃុំខ្លួននៅពន្ធនាគារព្រៃស ខណៈកូដករ ៤នាក់ទៀតត្រូវបានតុលាការបញ្ជាឱ្យចូលខ្លួនឆ្លើយបំភ្លឺពាក់ព័ន្ធការចោទថា ពួកគេរារាំងការអនុវត្តវិធានការទប់ស្កាត់ជំងឺ Covid-19។
ក្រោយពីមានការចាប់ខ្លួន និងហាមឃាត់កូដករធ្វើកូដកម្មទៀតនោះ ក្រុមអង្គការសង្គមស៊ីវិល សមាគម និងសហជីពតំណាងឱ្យ ១៣៤ស្ថាប័ន បាននាំគ្នាដាក់លិខិតចំហទៅក្រសួងពាក់ព័ន្ធ និងរដ្ឋសភា ដើម្បីឱ្យជួយអន្តរាគមន៍ដោះស្រាយវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ ព្រមទាំងដោះលែងតំណាងសហជីព និងទម្លាក់ចោលការចោទប្រកាន់ទៅលើពួកគេ។
កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ សហជីពអន្តរជាតិបានផ្ញើលិខិតមួយទៅកាន់លោក ហ៊ុន សែន ដោយលើកឡើងថា វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ បានកើតចេញពីការបរាជ័យរបស់ភាគីក្រុមហ៊ុនក្នុងការគោរពសិទ្ធិកម្មករ និងសហជីព ចំពោះកិច្ចចរចាដោយសមូហភាព ដើម្បីទទួលបានប្រាក់ឈ្នួល និងលក្ខខណ្ឌការងារកាន់តែល្អប្រសើរ។ លិខិតដដែលលើកឡើងថា ក្រុមហ៊ុនណាហ្គាវើលដ៍ មិនបានគោរពតាមគោលការណ៍របស់រដ្ឋាភិបាលលើការងារ សុវត្ថិភាព និងការការពារសុខភាពក្នុងអំឡុងពេលមានជំងឺ Covid-19 នោះទេ។
ទោះយ៉ាងណា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថានទូតអាល្លឺម៉ង់ បានបង្ហាញការគាំទ្រប្រសាសន៍លោក ស ខេង ដែលជំរុញឱ្យដោះស្រាយវិវាទការងារនៅក្រុមហ៊ុនណាហ្គា ឱ្យឆាប់ចប់ ដោយលោកលើកឡើងថា ការធ្វើកូដកម្មរបស់កូដករជារឿងវិវាទការងារ៕