29.3 C
Phnom Penh

មេធាវី​ការពារ​ក្តី​លោក កឹម សុខា ថា​សវនាការ​លើក​ទី​៣០ តុលាការ​នៅតែ​បន្ត​ចាក់​ខ្សែ​វីដេអូ​ភស្តុតាង​ដដែល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហ​មេធាវី​ការពារ​ក្តី​ឱ្យ​អតីត​ប្រធាន​បក្ស​ប្រឆាំង លោក កឹម សុខា អះអាង​ថា ដំណើរការ​សវនាការ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លើក​ទី​៣០ នៅ​ថ្ងៃ​ពុធ ទី​១៦ កុម្ភៈ នេះ តុលាការ​នៅតែ​បន្ត​ចាក់​ខ្សែ​វីដេអូ​ភស្តុតាង​ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​លើ​លោក កឹម សុខា ដដែល ខណៈ​សវនាការ​បន្ទាប់ នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២២ សប្តាហ៍​ក្រោយ​នេះ។

សហ​មេធាវី​ការពារ​ក្តី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក ផែង ហេង បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២២ បន្ទាប់ពី​សវនាការ​មេដឹកនាំ​បក្ស​ប្រឆាំង​ថា លោក កឹម សុខា គឺជា​អ្នក​នយោបាយ ដូច្នេះ​ការ​ដោះស្រាយ​ឲ្យ​បាន​កាន់តែ​ឆាប់​ឲ្យ​លោក​មាន​សេរីភាព​ពេញលេញ​ឡើងវិញ​ដើម្បី​ឲ្យ​ចូលរួម​ការ​បោះឆ្នោត​នៅ​ពេល​ខាងមុខ​នេះ គឺជា​មុខមាត់​របស់​កម្ពុជា​យ៉ាង​ធំធេង​ក្នុង​ការ​បើក​លំហ​ប្រជាធិបតេយ្យ​ឡើងវិញ។

មេធាវី​រូប​នេះ​អះអាង​ថា តាមរយៈ​ភស្តុតាង​ដែល​សហ​មេធាវី​បាន​ដាក់​ជូន​តុលាការ និង​ការ​បញ្ជាក់​របស់​មេដឹកនាំ​បក្ស​ប្រឆាំង បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ជាក់ច្បាស់​ថា លោក កឹម សុខា មិន​បាន​ប្រព្រឹត្ត​ខុស​ដូច​ការ​ចោទប្រកាន់​របស់​តុលាការ​នោះ​ឡើយ ហើយ​សកម្មភាព​នយោបាយ និង​ការ​ថ្លែង​សារ​ជា​សាធារណៈ​របស់​លោក​កន្លងមក គឺ​ស្រប​ទៅ​នឹង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ទាំងស្រុង។

នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២២ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បើក​សវនាការ​លើ​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​បាន​ចោទប្រកាន់​ពី​បទ​ឃុបឃិត​ជាមួយ​បរទេស ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​បច្ចុប្បន្ន ប៉ុន្តែ​នៅ​សវនាការ​លើក​ទី​៣០ នេះ តុលាការ​នៅតែ​មិន​ទាន់​អាច​កាត់ទោស​លោក​ពី​បទល្មើស​ណា​មួយ​នៅឡើយ ខណៈ​ក្រុម​អង្កេតការណ៍​រិះគន់​ថា តុលាការ​ព្យាយាម​អូស​បន្លាយ​ពេលវេលា​តាម​ការ​គូសវាស​របស់​គណបក្ស​កាន់​អំណាច។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១៦ កុម្ភៈ នេះ​ថា តាមរយៈ​វីដេអូ​ឃ្លីប​ខ្លីៗ​ចំនួន ៧​ឃ្លីប​របស់​តុលាការ អំពី​សារ​សំឡេង​នៃ​សកម្មភាព​នយោបាយ​របស់​លោក កឹម សុខា ហាក់​មិន​ឆ្លុះបញ្ចាំង​ទៅ​នឹង​ការ​ចោទប្រកាន់​សំណុំរឿង​ក្បត់​ជាតិ​របស់​មេដឹកនាំ​បក្ស​ប្រឆាំង​ឡើយ។

លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា ការ​ថ្លែង​ជា​សាធារណៈ​របស់​លោក កឹម សុខា កន្លងមក តែងតែ​លើកឡើង​ពី​នយោបាយ​អហិង្សា ប្រកាន់​ភ្ជាប់​នូវ​ក្រម​សីលធម៌ ចូលរួម​ការ​ផ្លាស់ប្ដូរ​តាមរយៈ​ការ​បោះឆ្នោត ដោយ​មិន​យក​ខ្មែរ​ណា​ជា​សត្រូវ ដើម្បី​ឲ្យ​កម្ពុជា​មាន​យុត្តិធម៌ នីតិរដ្ឋ និង​ប្រជាធិបតេយ្យ​ពេញលេញ។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា សហគមន៍​អន្តរជាតិ​ចង់​ឃើញ​វត្តមាន​របស់​លោក កឹម សុខា ចូលរួម​ការ​បោះឆ្នោត​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ ខាងមុខ​នេះ ដើម្បី​ស្ដារ​ដង្ហើម​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ។

ប្រភព​ដដែល​អះអាង​ថា រដ្ឋាភិបាល​ឯក​បក្ស​កម្ពុជា​ទំនង​ជា​នឹង​អូស​បន្លាយ​ការ​បិទ​ខ្ទប់​សិទ្ធិ​នយោបាយ​របស់​មេដឹកនាំ​ប្រឆាំង​បន្ត​ទៀត ប្រសិនបើ​លោក កឹម សុខា មិន​ផ្ទេរ​កិច្ចការ​នយោបាយ​របស់​លោក​ឲ្យ​អ្នក​ជំនាន់​ថ្មី​ទេ​នោះ។

ជុំវិញ​សំណុំរឿង​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នេះ ត្រូវ​គេ​មើល​ឃើញ​ថា​ជា​រឿង​នយោបាយ ចំណែក​ដំណើរការ​សវនាការ​របស់​តុលាការ​សព្វថ្ងៃ​នេះ គ្រាន់តែ​ធ្វើឡើង​តាម​ការ​បង្គាប់​បញ្ជា​របស់​បក្ស​កាន់​អំណាច​ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស