33 C
Phnom Penh

សមត្ថកិច្ច​ចាប់​កូដករ NAGAយក​ទៅ​ធ្វើ​តេស្ដ Covid-19 ទាំង​បង្ខំ បន្ទាប់ពី​ពួកគេ​ចេញ​ធ្វើ​កូដកម្ម​ជា​ថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ច​ចាប់​បញ្ជូន​កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (NAGA World) ប្រមាណ ៦០​នាក់​ទាំង​បង្ខំ​ឱ្យ​ឡើង​លើ​រថយន្ត​សាលា​រាជធានី​ភ្នំពេញ ដើម្បី​យក​ទៅ​ធ្វើ​តេស្ដ Covid-19 នៅ​មណ្ឌល​ព្រែកព្នៅ ក្នុង​ពេល​ដែល​ពួកគេ​ចេញ​ធ្វើ​កូដករ​ជា​ថ្មី​ទៀត បន្ទាប់ពី​បញ្ចប់​ការ​ធ្វើ​ចត្តាឡីស័ក​តាម​វិធានការ​សុខាភិបាល។

កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ បាន​ប្រមូលផ្ដុំ​គ្នា​ជិត​ក្រុមហ៊ុន ដើម្បី​បន្ត​ធ្វើ​កូដកម្ម​ទាមទារ​ឱ្យ​ដោះលែង​ថ្នាក់​ដឹកនាំ​សហជីព និង​សកម្មជន​ជាង ១០​នាក់ រួម​ទាំង​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​ក្រុមហ៊ុន​ល្បែង​មួយ​នេះ។

ការ​នាំគ្នា​បន្ត​ធ្វើ​កូដកម្ម​របស់​ក្រុម​កូដករ​ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​ចន្ទ នេះ បន្ទាប់ពី​ពួកគេ​ទាំងអស់​គ្នា​បាន​បញ្ចប់​ការ​ធ្វើ​ចត្តាឡីស័ក​តាម​ការ​កំណត់​របស់​អាជ្ញាធរ និង​ក្រសួង​សុខាភិបាល ក្រោយ​ពី​ក្រសួង​សុខាភិបាល​អះអាង​ថា​រក​ឃើញ​កូដករ​ដែល​តវ៉ា​មាន​វិជ្ជមាន Covid-19។

កូដករ​ម្នាក់​ឈ្មោះ ពុទ្ធី លីណា បាន​ប្រើប្រាស់​បណ្ដាញ​សង្គម Facebook ដោយ​ថត​ឡាយ​វីដេអូ​រៀបរាប់​មុន​ពេល​សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​ធ្វើ​ចត្តាឡីស័ក​ថា សមត្ថកិច្ច​ស្លៀកពាក់​ស៊ីវិល​បាន​តាម​ឃ្លាំមើល និង​ថតរូប​សកម្មភាព ហើយ​ឱ្យ​ពួកគាត់​បំបែក​គ្នា​វិញ ខណៈ​ទីតាំង​ជុំវិញ​ក្រុមហ៊ុន​ត្រូវ​បាន​សមត្ថកិច្ច​ដាក់​របាំង​រារាំង​មិន​ឱ្យ​កូដករ​ទៅ​ធ្វើ​កូដកម្ម​នៅ​ជិត​នោះ​ឡើយ។

ក្រុម​កូដករ​លើកឡើង​ថា ក្រោយ​ពី​ពួកគាត់​មិន​បំបែក សមត្ថកិច្ច​មាន​ទាំង​ស្លៀក​ឯកសណ្ឋាន​ជាច្រើន​នាក់ បាន​នាំគ្នា​មក​ចាប់​កូដករ​ទាំង​បង្ខំ​ពួកគាត់​ឱ្យ​ចូល​រថយន្តក្រុង​របស់​សាលា​រាជធានី​ភ្នំពេញ រួច​ដឹក​យក​ទៅ​ទីតាំង​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ដើម្បី​ធ្វើ​ចត្តាឡីស័ក​ទាំង​ដែល​ពួកគាត់​ប្រមាណ ៥០​នាក់​នេះ​បាន​បញ្ចប់​ការ​ធ្វើ​ចត្តាឡីស័ក​តាម​ការ​កំណត់​របស់​ក្រសួង​រួចហើយ​នោះ។

ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា អាជ្ញាធរ​តែងតែ​ធ្វើ​ទុក្ខបុកម្នេញ​ក្រុម​កូដករ ដោយ​មិន​ឱ្យ​ជួបជុំ​គ្នា​ធ្វើ​កូដកម្ម ទោះបីជា​ពួកគាត់​បាន​នាំគ្នា​រក្សា​គម្លាត​សុវត្ថិភាព​តាម​វិធានការ​សុខាភិបាល​ក៏ដោយ ដែល​វិធានការ​នេះ​ធ្វើឡើង​មិន​តម្លាភាព​ឡើយ ដោយ​កន្លែង​ផ្សេងៗ​មាន​ការ​ជួបជុំ​មនុស្ស​ច្រើន​ប្រជ្រៀត​គ្នា តែ​អាជ្ញាធរ​មិន​ដែល​ទៅ​ហាមឃាត់​នោះ​ទេ។

កូដករ​ដដែល​ថា ពួកគាត់​ទាំងអស់​គ្នា​មិន​ចង់​មក​ឈរ​កណ្ដាល​ថ្ងៃ​ក្ដៅ​តវ៉ា​ឡើយ តែ​មកពី​ក្រុមហ៊ុន និង​រដ្ឋាភិបាល​មិនព្រម​ដោះលែង​តំណាង និង​ដោះស្រាយ​វិវាទ​ការងារ​ឱ្យ​ពួកគាត់ ដែល​ធ្វើ​ឱ្យ​ជម្លោះ​នេះ​កាន់តែ​អូស​បន្លាយ​យូរ។ ក្រៅពី​មិន​ដោះស្រាយ​ហើយ ក្រុម​កូដករ​ថា រដ្ឋាភិបាល និង​សមត្ថកិច្ច​បែរជា​ចេញ​មុខ​មក​ចាប់​ខ្លួន គំរាមកំហែង និង​បំបែក ដោយ​រុញច្រាន​ពួកគាត់​ដើម្បី​ការពារ​ផល​ប្រយោជន៍​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ទៅវិញ ទោះបី​ដឹង​ថា​ក្រុមហ៊ុន​នេះ​កំពុង​រំលោភ​បំពាន​ច្បាប់​ជាតិ និង​អន្តរជាតិ។

បើ​តាម​សេចក្ដី​ជូនដំណឹង​របស់​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ នៅ​ថ្ងៃ​ចន្ទ នេះ បាន​ឱ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ក្រុម​កូដករ​ទាំងអស់​បាន​ទៅ​យក​សំណាក​រួចរាល់​អស់​ហើយ និង​បាន​ធ្វើ​ចត្តាឡីស័ក​ខ្លួនឯង​នៅ​ផ្ទះ​ចាប់តាំង​ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ព្រមទាំង​បាន​ទៅ​ធ្វើ​តេស្ដ​យក​សំណាក​ជា​លើក​ទី​២ នៅ​មជ្ឈមណ្ឌល​កោះពេជ្រ។

អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​វិធានការ​របស់​សមត្ថកិច្ច។ លោក​លើកឡើង​លើ Facebook ទៀត​ថា ប្រសិនបើ​ជា​រដ្ឋាភិបាល និង​អាជ្ញាធរ​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​វិវាទ​ការងារ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ដូច​ការ​ហាមឃាត់ ទប់ស្កាត់ រារាំង​កូដករ​នោះ ម៉្លេះ​ករណី​នេះ​បាន​ដោះស្រាយ​រួចរាល់​ជា​យូរ​ណាស់​មក​ហើយ។

ចាប់ពី​ខែ​មករា ឆ្នាំ​២០២២ រហូត​មក​ទល់​ពេលនេះ ថ្នាក់​ដឹកនាំ​សហជីព និង​កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ចំនួន ១១​នាក់​ហើយ​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន ក្រោម​បទ​ចោទប្រកាន់ «ញុះញង់​ឱ្យ​មាន​កូដកម្ម» និង «ល្មើស​វិធានការ​ច្បាប់​ប្រឆាំង Covid-19» ខណៈ​កូដករ ៤​នាក់​ទៀត​ត្រូវ​ប្រឈម​ការ​ចាប់​ខ្លួន​ក្រោម​បទ​ចោទ​ថា «រារាំង​ដល់​ការ​អនុវត្ត​វិធានការ​ប្រយុទ្ធ​នឹង​ជំងឺ Covid-19» ផង​ដែរ។

កាលពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ ដោយ​លើកឡើង​ថា ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​រដ្ឋាភិបាល​ទៅលើ​សកម្មជន​សហជីព ទំនង​ជា​សំដៅ​កាត់បន្ថយ​សាមគ្គីភាព និង​កម្លាំង​នៃ​ចលនា​សហជីព​នៅ​កម្ពុជា ដែល​កំពុងតែ​កើន​ឡើង និង​ការ​គាំទ្រ​របស់​ពួកគេ​ចំពោះ​កូដករ​ណាហ្គា​វើលដ៍។

នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch លោក Phil Robertson ប្រាប់​ទៅ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​ការ​យក​វិធានការ​សុខភាព​សាធារណៈ ជា​លេស​ដើម្បី​គាបសង្កត់​សិទ្ធិ​ធ្វើ​កូដកម្ម​របស់​កម្មករ និង​សិទ្ធិ​ជា​មូលដ្ឋាន​ផ្សេងៗ​ទៀត។

ចំណែក​ក្រុម​អ្នកជំនាញ​នៃ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស កាលពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២២ បាន​ចាត់ទុក​វិធានការ​ថ្មី​ដែល​អាជ្ញាធរ​ប្រើ​ដើម្បី​ទប់ស្កាត់​ការ​ធ្វើ​កូដកម្ម​របស់​ក្រុម​កូដករ​ណាហ្គា​វើលដ៍ ថា​ជា «រឿង​មិន​សម​ហេតុផល» ដោយ​ថា​អាជ្ញាធរ​មិន​គួរ​ប្រើ​ច្បាប់​មួយ​សម្រាប់​អនុវត្ត​ទៅលើ​ពួកគេ​ក្នុង​រូបភាព​ខុសគ្នា​ទៅ​នឹង​សាធារណជន​ផ្សេង​ទៀត​នោះ​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស