29 C
Phnom Penh

ក្រុម​សន្តិសុខ​ចាប់​អូស​និង​សែង​កូដករ​ណាហ្គា​វើលដ៍​ដាក់​រថយន្តក្រុង​បន្ទាប់ពី​ពួកគេ​បន្ត​ធ្វើ​កូដកម្ម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ ចាប់​អូស និង​សែង​កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (NAGA World) ដាក់​រថយន្តក្រុង​របស់​សាលា​រាជធានី​ភ្នំពេញ ខណៈ​ពួកគេ​បាន​ចេញ​ធ្វើ​កូដកម្ម​ជា​ថ្មី​ម្ដង​ទៀត​នៅ​រសៀល​ថ្ងៃ​អង្គារ ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២២។

កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ បាន​នាំគ្នា​បន្ត​ប្រមូលផ្ដុំ​នៅ​ក្បែរ​ក្រុមហ៊ុន​ជា​ថ្មី​ម្តង​ទៀត ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​ថ្នាក់​ដឹកនាំ និង​សកម្មជន​ទាំង ១១​នាក់ រួម​ទាំង​ដោះស្រាយ​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន តែ​ការ​ប្រមូលផ្ដុំ​នេះ​ត្រូវ​បាន​អាជ្ញាធរ​រារាំង។

ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ​ជាច្រើន​នាក់​បាន​រារាំង​កូដករ​មិន​ឱ្យ​ប្រមូលផ្ដុំ​គ្នា។ ការរារាំង​នេះ ក្រុម​សន្តិសុខ​បាន​ចាប់​អូស និង​សែង​ក្រុម​កូដករ​ជាង ៦០​នាក់​ដែល​សុទ្ធតែ​ជា​ស្ត្រី បង្ខំ​យក​ទៅ​ដាក់​ក្នុង​រថយន្តក្រុង​ចំនួន ២​គ្រឿង​របស់​សាលា​រាជធានី​ភ្នំពេញ រួច​ដឹក​ទៅកាន់​មណ្ឌល​ចត្តាឡីស័ក​នៅ​ខណ្ឌ​ព្រែកព្នៅ។

អំឡុង​ពេល​ពួកគេ​ជិះ​នៅ​លើ​រថយន្តក្រុង​ដែល​អាជ្ញាធរ​ដឹក​ទៅ​មណ្ឌល​ចត្តាឡីស័ក​នៅ​ខណ្ឌ​ព្រែកព្នៅ ក្រុម​កូដករ​បាន​នាំគ្នា​លើក​បដា​ភ្ជាប់​ជាមួយ​ពាក្យ «សូម​ឱ្យ​អាជ្ញាធរ​បញ្ឈប់​លើ​ការរារាំង​មក​លើ​កូដករ នេះ​ជា​វិវាទ​ការងារ​រវាង​បុគ្គលិក និង​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ និង​ដោះលែង​ថ្នាក់​ដឹកនាំ និង​សកម្មជន​វិញ»។

កញ្ញា ស្រីពៅ ដែល​ជា​កូដករ​ម្នាក់​បាន​ចាត់ទុក​ការ​ចាប់​ខ្លួន​កូដករ​ដោយ​មិន​ដោះស្រាយ​វិវាទ​ការងារ​ដល់​ពួកគាត់ ថា​ជា​រឿង​អយុត្តិធម៌​បំផុត​សម្រាប់​ពួកគាត់។ កញ្ញា ស្រីពៅ បាន​សរសេរ​លើ​បណ្ដាញ​សង្គម Facebook ថា ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​បាន​ចាប់​ខ្លួន​កូដករ​រហូត ប៉ុន្តែ​ថៅកែ​មិន​ដែល​រក​ដំណោះស្រាយ​ឲ្យ​នោះ​ទេ តើ​ឯណា​ទៅ​បេះដូង​មនុស្សធម៌​របស់​លោក​ថៅកែ​នោះ?

កាល​ពី​ថ្ងៃ​ទី​២១ កុម្ភៈ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ចាប់​កូដករ​ទាំង​បង្ខំ​យក​ដាក់​រថយន្តក្រុង​ដឹក​ទៅកាន់​មណ្ឌល​ចត្តាឡីស័ក​នៅ​ខណ្ឌ​ព្រែកព្នៅ ដើម្បី​ធ្វើ​តេស្ដ​រក Covid-19 ម្ដង​រួច​មក​ហើយ។ លើស​ពី​នេះ បន្ទាប់ពី​ធ្វើ​តេស្ដ​រួច​នោះ អាជ្ញាធរ​ក៏​បាន​ឱ្យ​កូដករ​ធ្វើ​កិច្ចសន្យា​ឈប់​ធ្វើ​កូដកម្ម ជា​ថ្នូរ​មុន​នឹង​អនុញ្ញាត​ឱ្យ​ពួកគេ​ត្រឡប់​មក​ផ្ទះ​វិញ។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន ចាត់ទុក​កិច្ចសន្យា​របស់​អាជ្ញាធរ​នេះ​ជា​កា​រដាក់​គំនាប​ឱ្យ​កូដករ ទោះបីជា​ពិនិត្យ​ឃើញ​អវិជ្ជមាន Covid-19 ក៏ដោយ។ អ្នកស្រី​បន្ត​ថា កិច្ចសន្យា​បង្កើត​ឡើង​ដោយ​អាជ្ញាធរ​នេះ ធ្វើឡើង​ផ្ទុយពី​ច្បាប់​រដ្ឋធម្មនុញ្ញ ផ្ទុយពី​សន្ធិសញ្ញា ឬ​ក៏​កតិកាសញ្ញា​អន្តរជាតិ​ដែល​មាន​ចែង​អំពី​សិទ្ធិ​ក្នុង​ការ​ជួបជុំ និង​សិទ្ធិ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី ឬ​ក៏​សិទ្ធិ​សម្ដែង​មតិ។

កាលពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ សាលា​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្ដី​ជូនដំណឹង​មួយ ដោយ​មិន​អនុញ្ញាត​ឱ្យ​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ប្រមូល​ផ្ដុំ​ធ្វើ​សកម្មភាព​បាតុកម្ម​ខុសច្បាប់​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន ជាដាច់ខាត ក្រោម​ហេតុផល​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ Covid-19 បំប្លែង​ខ្លួន​ថ្មី និង​ដើម្បី​ធានា​បាន​សន្តិសុខ សណ្ដាប់ធ្នាប់ របៀប​រៀបរយ​សាធារណៈ។

ទោះ​យ៉ាងណា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នា​ព្រឹក​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ នេះ បាន​ថ្លែង​បែប​រិះគន់ និង​ចំអក​ដោយ​ប្រយោល​ទៅកាន់​ក្រុម​កូដករ​ណាហ្គា​វើលដ៍​ដែល​កំពុង​ធ្វើ​កូដកម្ម​ថា កុំ​យក​ជំងឺ​ចែក​ទៅ​ក្រុម​គ្រួសារ​ពី​ការ​ប្រមូល​ផ្ដុំ​តវ៉ា​នោះ។

កាលពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ សមត្ថកិច្ច​រាជធានី​ភ្នំពេញ​បាន​ចាប់​ខ្លួន​កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ចំនួន ៦​នាក់ ប៉ុន្តែ ៣​នាក់​ត្រូវ​បាន​ដោះលែង​ទៅវិញ ខណៈ​កូដករ ៣​នាក់​ទៀត​ត្រូវ​បាន​តុលាការ​ចោទប្រកាន់ និង​ឃុំ​ខ្លួន​ពួកគាត់​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ ក្រោម​បទ​ចោទ​ថា «រារាំង​ដល់​ការ​អនុវត្ត​វិធានការ​ប្រយុទ្ធ​នឹង​ជំងឺ Covid-19»។

ក្រុម​អ្នកជំនាញ​នៃ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស កាលពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២២ បាន​ចាត់ទុក​វិធានការ​ថ្មី​ដែល​អាជ្ញាធរ​ប្រើ​ដើម្បី​ទប់ស្កាត់​ការ​ធ្វើ​កូដកម្ម​របស់​ក្រុម​កូដករ​ណាហ្គា​វើលដ៍ ថា​ជា​រឿង​មិន​សម​ហេតុផល ហើយ​អាជ្ញាធរ​មិន​គួរ​ប្រើ​ច្បាប់​មួយ​សម្រាប់​អនុវត្ត​ទៅលើ​ពួកគេ​ក្នុង​រូបភាព​ខុសគ្នា​ទៅ​នឹង​សាធារណជន​ផ្សេង​ទៀត​នោះ​ឡើយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស