35 C
Phnom Penh

លោក យឹម ស៊ីណន ថា​ការ​លះបង់​របស់​លោក កឹម សុខា នឹង​ត្រូវ​បាន​ចារ​ទុក​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ ព្យាករ​ថា ការ​លះបង់​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នឹង​ត្រូវ​ចារ​ទុក​ក្នុង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ក្នុង​នាម​ជា​មេដឹកនាំ​ដែល​បញ្ចប់​វប្បធម៌​នយោបាយ​ខ្មែរ​ថា «អ្នក​ឈ្នះ​ជា​ស្តេច អ្នក​ចាញ់​ជា​ចោរ» មិន​ត្រឹម​តែប៉ុណ្ណោះ លោក កឹម សុខា នឹង​ជាប់​ឈ្មោះ​ជា​មេដឹកនាំ​កសាង​លទ្ធិប្រជាធិបតេយ្យ​មួយ​រូប​នៅ​កម្ពុជា។

លោក យឹម ស៊ីណន បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាល​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ថា មូលដ្ឋាន​គ្រឹះ​នៃ​ការ​កសាង​សង្គម​ប្រជាធិបតេយ្យ គឺ​ផ្តើម​ចេញពី​អ្នក​នយោបាយ​ចេះ​អត់ឱន​អធ្យាស្រ័យ​ឱ្យ​គ្នា​ទៅវិញ​ទៅមក។

លោក យឹម ស៊ីណន លើកឡើង​ថា មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា តែង​ប្រកាន់​ជំហរ​នយោបាយ​អហិង្សា ព្រមទាំង​តម្កល់​សិទ្ធិ​សេរីភាព និង​ប្រជាធិបតេយ្យ​ជា​ចម្បង ដូច​គ្នា​ទៅ​នឹង​លោក ណែលសាន់ ម៉ាន់ដេឡា (nelson mandela) ដែល​ល្បីល្បាញ​ខាង​ប្រកាន់​ជំហរ​ខន្តី​សន្តោស​ប្រណី​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ដូច្នោះ​ដែរ។

អតីត​ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ បញ្ជាក់​ថា មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា មិនមែន​ជា​មេដឹកនាំ​ដែល​រត់ចោល​ស្រុក និង​ធ្វើ​នយោបាយ​យក​អ្នកគាំទ្រ​របស់​ខ្លួន​ឱ្យ​ចូល​គុក​ជំនួស​នោះ​ទេ។ ជាង​នេះ​ទៀត លោក​ថា លោក កឹម សុខា ក៏​មិន​ដែល​ប្រកាស​យក​អ្នក​ដឹកនាំ​នយោបាយ​ដែល​មាន​និន្នាការ​ផ្សេង​ជា​សត្រូវ​នឹង​ការ​ដឹកនាំ​របស់​ខ្លួន​ដែរ។

ការ​លើកឡើង​របស់​លោក យឹម ស៊ីណន ស្រប​ពេល​ដែល​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា កំពុង​តស៊ូ​មតិ​ដើម្បី​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​យ៉ាង​ស្វិតស្វាញ​តាម​ផ្លូវ​តុលាការ និង​តាម​បណ្តា​អង្គទូត​នៃ​ប្រទេស​លោកសេរី​នា​ពេល​បច្ចុប្បន្ន​នេះ។

កាលពី​ចុង​ឆ្នាំ​២០២១ កន្លងទៅ មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា អះអាង​ថា លោក​មាន​បំណង​ប្រាថ្នា​ចង់​ឃើញ​សង្គម​ជាតិ និង​ពលរដ្ឋ​ខ្មែរ​រួម​សាមគ្គី​គ្នា ចេះ​ជួយ​គ្នា អត់ឱន​ឲ្យ​គ្នា​ដើម្បី​កម្ពុជា​មាន​សន្តិភាព​ពិតប្រាកដ។ ដូច្នេះ លោក​នៅតែ​រក្សា​គោលការណ៍​អហិង្សា ការ​អត់ធ្មត់ និង​ការស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​នានា​ដោយ​សន្តិវិធី ដើម្បី​បម្រើ​ប្រយោជន៍​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប។

អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់​បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា គឺជា​កម្លាំង​ដ៏​ធំ​មួយ​តំណាង​ឱ្យ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ប៉ុន្តែ​កម្លាំង​មេដឹកនាំ​ប្រឆាំង​រូប​នេះ គឺជា​សត្រូវ​ធំ​ណាស់​របស់​លទ្ធិកុម្មុយនីស្ដ​ផ្ដាច់ការ ហើយ​ភស្តុតាង​ដែល​បញ្ជាក់​យ៉ាង​ច្បាស់​នៅ​ពេលនេះ គឺ​ការ​ប្រើ​ល្បិច​ឃុំ​ខ្លួន​លោក​តាមរយៈ​តុលាការ​ដែល​កំពុង​រំលោភ​នីតិវិធី​ច្បាប់ ដោយ​ការ​បិទ​សិទ្ធិ​សេរីភាព​លើស​ពេល​កំណត់​ដូច​សព្វថ្ងៃ​នេះ។

មេដឹកនាំ​បក្ស​ប្រឆាំង​លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ពី​បទ​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស​តាម​ប្រសាសន៍​លោក ហ៊ុន សែន។

ទោះជាយ៉ាងណា​ក៏ដោយ រហូត​មក​ទល់នឹង​ពេលនេះ​មាន​រយៈពេល​ជិត ៥​ឆ្នាំ​ហើយ ប្រធាន​បក្ស​ប្រឆាំង​រូប​នេះ​នៅតែ​មាន​ភាព​ស្អាតស្អំ ព្រោះ​លោក​មិនទាន់​ត្រូវ​បាន​តុលាការ​កាត់ទោស​ពី​បទល្មើស​ណា​មួយ​នៅឡើយ​ទេ ខណៈ​តុលាការ​ចេះតែ​បន្ត​សវនាការ​របស់​លោក​ដោយ​ពុំ​មាន​ការ​កំណត់​ពេលវេលា​ជាក់លាក់។

ជុំវិញ​បញ្ហា​នេះ នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ តុលាការ​ក្រុង​ភ្នំពេញ​បាន​បើក​សវនាការ​លើ​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា លើក​ទី​៣១ ហើយ ប៉ុន្តែ​បាន​ត្រឹមតែ​នាំគ្នា​ពិនិត្យ និង​សាកសួរ​ដេញដោល​លើ​ភស្តុតាង​តែប៉ុណ្ណោះ ហើយ​តុលាការ​បាន​ប្រកាស​ថា​នឹង​បន្ត​សវនាការ​របស់​លោក​នៅ​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០២២ បន្ត​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស