38 C
Phnom Penh

រដ្ឋមន្ត្រី​កសិកម្ម​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​វៀតណាម​សង់​សាលារៀន​និង​មណ្ឌល​សុខភាព​ក្នុង​ក្រុមហ៊ុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​វៀតណាម​ចំនួន​ពីរ គឺ​ក្រុមហ៊ុន ដូវទី សាយហ្គន-ប៊ិញ ហ្វឿក (អេស ប៊ី ខេ) និង​ក្រុមហ៊ុន ភូរៀង ក្រចេះ​អភិវឌ្ឍន៍​កៅស៊ូ សាងសង់​សាលារៀន​សម្រាប់​កុមារ និង​យុវជន រួម​ទាំង​បង្កើត​មណ្ឌល​សុខភាព​នៅ​ក្នុង​ក្រុមហ៊ុន​របស់​ខ្លួន ដើម្បី​បញ្ចៀស​ការ​ធ្វើ​ចំណាកស្រុក​របស់​ពលរដ្ឋ​ខ្មែរ​ទៅ​ថ្ងៃ​អនាគត។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន ដែល​បុរស​ខ្លាំង​កម្ពុជា​លោក ហ៊ុន សែន ទើប​ស្ដីបន្ទោស​កន្លងមក បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​សប្តាហ៍​កន្លង​ទៅ​ថា លោក​គាំទ្រ​ឱ្យ​ក្រុមហ៊ុន​វៀតណាម​ទាំង​ពីរ​នេះ​ពេញ​ទំហឹង​ចំពោះ​ការ​កសាង​សាលារៀន​សម្រាប់​កុមារ និង​យុវជន ព្រមទាំង​ការ​បង្កើត​មណ្ឌល​សុខភាព​សម្រាប់​ពលរដ្ឋ​ខ្មែរ។

លោក វេង សាខុន អះអាង​ថា ការ​សាងសង់​គ្រឹះស្ថាន​អប់រំ​នេះ គឺជា​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ដោយ​ចាប់ផ្តើម​ពី​ការ​សិក្សា​រៀនសូត្រ​ចំណេះដឹង​ទូទៅ បន្ទាប់មក​បង្កើត​ឱ្យ​មាន​ចំណេះ​ជំនាញ​បច្ចេកទេស​មុន​ចូល​បម្រើ​ការងារ​ឲ្យ​ក្រុមហ៊ុន​នា​ពេល​អនាគត ដែល​ជា​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​នៅ​នឹង​កន្លែង​តែម្តង។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រូប​នេះ​បញ្ជាក់​ថា ដោយឡែក​ការ​សាងសង់​មណ្ឌល​សុខភាព គឺ​ជា​រឿង​ចាំបាច់​បំផុត​សម្រាប់​បុគ្គលិក​កម្មករ​ដែល​បម្រើ​ការ​ឲ្យ​ក្រុមហ៊ុន​ខាងលើ​នេះ ព្រោះ​ថា​សុខភាព​របស់​កម្មករ​ទាំងនោះ គឺ​អាច​ត្រូវ​បាន​ធានា​យ៉ាង​ពេញលេញ​ដើម្បី​ឲ្យ​ការ​អភិវឌ្ឍ​ដំណើរការ​ទៅ​ដោយ​រលូន និង​ជោគជ័យ​សម្រាប់​ក្រុមហ៊ុន​ទាំងនោះ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រុមហ៊ុន​វៀតណាម​បាន​ស្នើសុំ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជួយ​ពិនិត្យ និង​ពិចារណា​ដើម្បី​ឱ្យ​ក្រុមហ៊ុន​វៀតណាម​ទាំងនោះ​អាច​សង់​សាលារៀន​សម្រាប់​កុមារ និង​បង្កើត​មណ្ឌល​សុខភាព​នៅ​កម្ពុជា។

កាលពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ តំណាង​ក្រុមហ៊ុន ដូវទី សាយហ្គន-ប៊ិញ ហ្វឿក (អេស ប៊ី ខេ) និង​ក្រុមហ៊ុន ភូរៀង ក្រចេះ​អភិវឌ្ឍន៍​កៅស៊ូ បាន​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន ដើម្បី​ដាក់​សំណើ​សុំ​សាងសង់​សាលារៀន និង​បង្កើត​មណ្ឌល​សុខភាព​នៅ​កម្ពុជា​ទៅ​ថ្ងៃ​មុខ។

កាលពី​ខែ​មីនា ឆ្នាំ​២០១៤ សមាគម​វៀតណាម​នៅ​កម្ពុជា ក៏​បាន​បើក​ការដ្ឋាន​សាងសង់​សាលា​បឋមសិក្សា “ខ្មែរ-វៀតណាម” សម្រាប់​ជនជាតិ​វៀតណាម​នៅ​ខេត្ត​កណ្ដាល ផង​ដែរ។ កាលពី​ចុង​ខែ​មករា ឆ្នាំ​២០២១ អគ្គ​កុងស៊ុល​វៀតណាម លោក Vu Ngoc Ly បាន​បើក​វគ្គសិក្សា​ដល់​ជនជាតិ​វៀតណាម​ដែល​កំពុង​រស់នៅ​ដោយ​ខុសច្បាប់​នៅ​កម្ពុជា ដើម្បី​ជួយ​ជនជាតិ​វៀតណាម​ទាំងនោះ​ឲ្យ​ពួកគេ​អាច​ទទួល​បាន​សញ្ជាតិ​កម្ពុជា​ពេញលេញ​ទៅ​ថ្ងៃ​ក្រោយ។

អគ្គ​កុងស៊ុល​រូប​នេះ​បញ្ជាក់​ថា ការ​ធ្វើ​បែប​នេះ គឺជា​ការ​ចូលរួម​វិភាគទាន​ជា​វិជ្ជមាន​ដល់​ប្រទេស​កម្ពុជា ក៏ដូចជា​ការ​រឹតចំណង​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង ហើយ​វគ្គសិក្សា​នេះ​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​សហគមន៍​វៀតណាម​នៅ​ភាគ​និរតី​នៃ​ប្រទេស​កម្ពុជា ព្រមទាំង​ពង្រីក​វិសាលភាព​ឲ្យ​បាន​ទូទាំង​ប្រទេស​ផង​ដែរ។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ចុង​ខែ​កុម្ភៈ កន្លង​ទៅ​នេះ​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​បើក​ដៃ​ឱ្យ​ក្រុមហ៊ុន​វៀតណាម​អាច​កាន់កាប់​ចម្ការ​កៅស៊ូ​ធំៗ​ក្នុង​ទឹកដី​កម្ពុជា​ឱ្យ​បាន​កាន់តែ​ច្រើន ជួយ​សម្រួល​ដល់​ពលរដ្ឋ​វៀតណាម​ឱ្យ​អាច​រស់នៅ​ដោយ​ខុសច្បាប់​តាម​តំបន់​ព្រំដែន និង​ជួយ​ឱ្យ​និគមជន​វៀតណាម​ខុសច្បាប់​កាន់តែ​ច្រើន​អាច​តាំង​ទីលំនៅ​លើ​ទឹកដី​កម្ពុជា តាមរយៈ​នៃ​ការ​ទិញ​ផ្ទះល្វែង ឬ​បុរី​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ផង​ដែរ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​អះអាង​ថា រដ្ឋាភិបាល​ក្រុង​ហាណូយ តែង​ប្រើ​យុទ្ធសាស្ត្រ​នយោបាយ​គ្រប់​វិធី​តាមរយៈ​ក្រុមហ៊ុន​ឯកជន​វៀតណាម​ដែល​មាន​រដ្ឋការ​ក្រុង​ហាណូយ​នៅ​ពីក្រោយ ដើម្បី​ជួយ​រៀបចំ​ការ​ស្នាក់នៅ និង​ការ​បណ្តុះបណ្តាល​ជន​អន្តោប្រវេសន៍​វៀតណាម​ដែល​កំពុង​រស់នៅ​ដោយ​ខុសច្បាប់​លើ​ទឹកដី​កម្ពុជា​សព្វថ្ងៃ​នេះ។

កាលពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​១៩៨៦ ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន បាន​ចុះហត្ថលេខា​លើ​សារាចរ​ណែនាំ​ស្ដីពី​ការ​អនុវត្ត​គោល​នយោបាយ​ចំពោះ​អាណិកជន​វៀតណាម​នៅ​កម្ពុជា ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ផ្តល់​ដីធ្លី ទី​ជម្រក ផ្តល់​អត្តសញ្ញាណប័ណ្ណ ថែរក្សា និង​ផ្គត់ផ្គង់​ឲ្យ​បាន​ត្រឹមត្រូវ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស