អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បន្តបណ្តេញជនជាតិវៀតណាម សរុបចំនួន ៧២នាក់ចេញពីកម្ពុជា ក្រោយរកឃើញថាជាប់ពាក់ព័ន្ធលួចឆ្លងដែនខុសច្បាប់ និងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) នៅកម្ពុជា។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសរសេរនៅលើបណ្ដាញសង្គមរបស់ខ្លួនថា ក្នុងចំណោមជនជាតិវៀតណាម ទាំង ៧២នាក់នោះ គឺមានស្រីចំនួន ២៤នាក់ ដែលទទួលបានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តពោធិ៍សាត់ និងខេត្តត្បូងឃ្មុំ។
ប្រភពដដែលបញ្ជាក់ថា ការអនុវត្តនីតិវិធីបណ្ដេញចេញចំពោះជនជាតិវៀតណាម ទាំងនោះ គឺពាក់ព័ន្ធករណីបំពានប្រកាសស្ដីពីការបណ្ដេញជនបរទេសចេញពីកម្ពុជា អនុវត្តទោសចប់ លួចស្នាក់នៅខុសច្បាប់លើសទិដ្ឋាការកំណត់ លួចឆ្លងដែនខុសច្បាប់ និងលួចស្នាក់នៅធ្វើការខុសច្បាប់ទាក់ទងអំពើឆបោកតាមអនឡាញ (Online Scams)។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបន្ថែមទៀតថា ជនជាតិវៀតណាម សរុបចំនួន ៧២នាក់ ត្រូវបានបណ្ដេញចេញតាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ខេត្តតាកែវ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ តាមការណែនាំរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអគ្គនាយកអន្តោប្រវេសន៍។
កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ សមត្ថកិច្ចកម្ពុជា បានធ្វើការបណ្តេញជនជាតិវៀតណាម ៣៥២នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន។
អនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស លោកស្រី ជូ ប៊ុនអេង បានថ្លែងកន្លងមកថា ការបង្ក្រាបទីតាំងឆបោកអនឡាញមានភាពស្មុគស្មាញច្រើន ព្រោះទីតាំងមួយចំនួនជ្រកក្រោមផ្លាកអាជីវកម្មស្របច្បាប់។ ម្យ៉ាង ជនបរទេសដែលធ្វើដំណើរមកកម្ពុជា មិនបានបញ្ជាក់ពីគោលបំណងច្បាស់លាស់របស់ពួកគេ ដែលជាហេតុធ្វើឱ្យការគ្រប់គ្រងមានភាពលំបាក។
យោងតាមលិខិតក្រសួងមហាផ្ទៃ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ បង្ហាញថា ជនបរទេសអន្តោប្រវេសន៍នៅទូទាំងប្រទេសកម្ពុជា បានស្នើសុំប្រកាសទទួលស្គាល់ជាជនអន្តោប្រវេសន៍ និងសុំបណ្ណស្នាក់នៅអចិន្ត្រៃយ៍ជាង ៨ម៉ឺន ៩ពាន់នាក់ (៨៩៧៨៦នាក់)។ ក្នុងចំណោមជនបរទេសទាំងជាង ៨ម៉ឺននាក់នេះ គឺស្មើនឹងជាង ២ម៉ឺន ៨ពាន់គ្រួសារ (២៨៩៤៥គ្រួសារ) ដែលមាន ១១សញ្ជាតិ ក្នុងនោះ ជនជាតិវៀតណាម មានចំនួន ៨៩៤៧១នាក់ ខណៈជនបរទេស ១០សញ្ជាតិផ្សេងទៀតដែលទទួលបានបណ្ណស្នាក់នៅមានត្រឹមតែជាង ៣០០នាក់ (៣១៥នាក់) ប៉ុណ្ណោះ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

